កែម ឡី៖ គួរ​សិក្សា​​ឲ្យ​ល្អិតល្អន់ ក្នង​ការ​បើក​ប្រាក់​ខែ​តាម​ប្រព័ន្ធ​ធនាគារ

បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រាក់ខែឲ្យមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធធនាគារ មជ្ឈដ្ឋានទូទៅបានសម្តែងការសាទរចំពោះគោលនយោបាយនេះ ព្រោះវាអាចផ្តល់ផលវិជ្ជមានច្រើនជាងមុន តែ​អ្នក​វិភាគឯករាជ្យ និងតាមដានសង្គមកម្ពុជា បានសម្តែងការព្រួយបារម្ភដោយបានលើកឡើងថា ផលអវិជ្ជមាន​មួយ​ចំនួននៅតែបន្តមាន ហើយក៏អាចកើតឡើង តាមរយៈការបើកប្រាក់ខែតាមប្រព័ន្ធធនាគារដែរ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: November 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រាក់ខែឲ្យមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធធនាគារ មជ្ឈដ្ឋានទូទៅបានសម្តែងការសាទរចំពោះគោលនយោបាយនេះ ព្រោះវាអាចផ្តល់ផលវិជ្ជមានច្រើនជាងមុន តែ​អ្នក​វិភាគឯករាជ្យ និងតាមដានសង្គមកម្ពុជា បានសម្តែងការព្រួយបារម្ភដោយបានលើកឡើងថា ផលអវិជ្ជមាន​មួយ​ចំនួននៅតែបន្តមាន ហើយក៏អាចកើតឡើង តាមរយៈការបើកប្រាក់ខែតាមប្រព័ន្ធធនាគារដែរ។


ការបើកសាច់ប្រាក់ជាដុល្លា ពីម៉ាស៊ីនបើកប្រាក់មួយ នៅខេត្តសៀមរាប។ (រូបថត​ MONOROOM.info/D.KEO)

កំណែទម្រង់«ដ៏ទំនើប»មួយ ត្រូវបានរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន សែន ប្រកាសនៅសប្ដាហ៍នេះ ដោយចាប់ពី​ឆ្នាំ​ក្រោយនេះ មន្ត្រីរាជការទាំងអស់ទទួលប្រាក់ខែទាំងអស់ នៅតាមគណនេយ្យធនាគារវិញ។ ជាកំណែទម្រង់​ដែល​អ្នកវិភាគមួយចំនួន ស្វាគមន៍ តែក៏បាននិយាយដែរថា រដ្ឋាភិបាល​គួរសិក្សាគម្រោងនេះឲ្យបានល្អិតល្អន់ជាមុន និង​ធ្វើការត្រួតពិនិត្យលើ​ការ​អនុវត្ត​​ឲ្យច្បាស់ មុនននឹងប្រសិទ្ធិភាពរបស់វាត្រូវបានគេជឿជាក់។

អ្នកវិភាគឯករាជ្យ និងជាអ្នកស្រាវជ្រាវបញ្ហាសង្គមកម្ពុជា លោក កែម ឡី តាមរយៈការសន្ទនាតាមទូរស័ព្ទ ជាមួយ​ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះបានពន្យល់ថា ការបើកប្រាក់ខែតាមប្រព័ន្ធនេះ គឺវាអាចបង្កលក្ខណៈងាយស្រួល និងមានតម្លាភាពដល់មន្រ្តីរាជការច្រើនជាងមុន ក្នុងការបើកប្រាក់ខែ ហើយក៏អាច​ជៀសវាងពីការប្រព្រឹត្តអំពើពុករលួយទៀតផង។

ផ្ទុយពីផលវិជ្ជមាន អ្នកវិភាគដដែលនេះបានលើកឡើងថា នៅពេលរដ្ឋាភិបាលសម្រេច​បើកប្រាក់ខែឲ្យមន្រ្តីរាជការ តាមប្រព័ន្ធធនាគារ រដ្ឋក៏ចាំបាច់ចំណាយប្រាក់ឲ្យធរនាគារ សម្រាប់តម្លៃសេវា និងតម្លៃផ្សេងៗទៀតជាទៀងទាត់ ដូច្នេះរដ្ឋាភិបាលគួរពិចារណា ថាតើការបើកប្រាក់ខែតាមប្រព័ន្ធរដ្ឋ និងឯកជនមួយណាចំណាយតិចជាង? ហើយ​មន្រ្តីរបស់រដ្ឋដែលមានតួនាទីបើកប្រាក់ខែឲ្យមន្រ្តីរាជការធ្វើអ្វីវិញ នៅពេលរដ្ឋសម្រេចផ្ទេរការងាររបស់ពួកគេ ឲ្យ​ឯកជន​ធ្វើជំនួស?

គួររម្លឹកថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តើមបើកប្រាក់ខែឲ្យមន្រ្តីរាជការ តាមប្រព័ន្ធធនាគារនៅដើមឆ្នាំ២០១៤ នេះបើ​យោងលើអនុស្សារណៈ យោគយល់គ្នា ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ រវាងក្រសួង សេដ្ឋកិច្ច និង ហរិញ្ញវត្ថុ និង ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវីងផ្ទេរប្រាក់ ដែលជាស្ថាប័នមានសិទ្ធិអនុវត្តគម្រោងនេះ។

ទាក់ទងបញ្ហាមន្រ្តីរាជការនេះ បើទោះជារដ្ឋាភិបាលកម្ពុជា កន្លងមកបានប្ដេជ្ញាកែទម្រង់ស៊ីជម្រៅយ៉ាងណាក៏ដោយ ក៏បញ្ហានេះ នៅតែត្រូវបានអ្នកតាមដានស្ថានការណ៍សង្គមកម្ពុជា បានសន្និដ្ឋានថា មន្រ្តីរាជការបច្ចុប្បន្ន មួយ​ចំនួន​តូចដែលភាគច្រើនមានតំណែងធំៗ និងសំខាន់ៗក្នុងស្ថាប័ន បានប្រព្រឹត្តអំពើពុករលួយ ហើយកំពុងរស់នៅ​ក្នុង​កម្រិតជីវភាពហឺហា ខណៈមន្រ្តីរាជការភាគច្រើនដែលមានឋានៈតូចតាច និងគ្មានបក្សពួក កំពុងមានជីវភាពរស់នៅ​ទាំងលំបាក ព្រោះប្រាក់ខែរបស់ពួកគេមិនមានភាពសមស្រប ទៅនឹងចំណាយប្រចាំថ្ងៃ ហើយក៏គ្មានលទ្ធភាព​ប្រព្រឹត្ត​អំពើពុករលួយ បានប្រាក់ក្រាស់ក្រែលដូចមន្រ្តីគ្រាក់ៗខាងលើនោះ។

ក្រុមអ្នកតាមដានស្ថានការណ៍សង្គមនោះបានអះអាងថា បច្ចុប្បន្ននេះមន្រ្តីរាជការសកម្ម និងកងកម្លាំងសកម្ម​មួយចំនួនកំពុងបាក់ទឹកចិត្ត ព្រោះ​ពួកគេខំធ្វើការ ពលីកម្ម និងតស៊ូច្រើនឆ្នាំមកហើយ ដើម្បីបំរើរដ្ឋនិងពលរដ្ឋ តែ​មិនអាច​ទទួលបានប្រាក់​ចំណូល​សមរម្យ សម្រាប់ការរស់នៅប្រចាំថ្ងៃ និងទទួលបានភាពយុត្តិធម៌ ក្នុងការ​ឡើង​តំណែង​ឡើយ។ ផ្ទុយមកវិញមន្រ្តីរាជការ​មួយចំនួនផ្សេងទៀត គ្មានអតីតភាពការងារ មានបក្សពួកប្រព្រឹត្តអំពើ​ពុកលួយ និងអាចគ្មានសមត្ថភាពគ្រប់គ្រាន់ បែរជាអាច​ទទួលបានការលើកទឹកចិត្តទៅវិញ។

ជុំវិញបញ្ហានេះ លោក កែម ឡី បានលើកឡើងថា រដ្ឋាភិបាលគួរប្រុងប្រយ័ត្នចំពោះមន្រ្តីរាជការខ្មោច ដែលមានតែ​ឈ្មោះបើកប្រាក់ខែ តែមិនបានមកធ្វើការបម្រើរដ្ឋ នេះជាការខាតបង់ធ្ងន់ណាស់ដល់រដ្ឋ ដូច្នេះរដ្ឋាភិបាលគួរពិនិត្យ និងវិភាគឡើងវិញ នូវមុខងារនិងភារកិច្ចរបស់មន្រ្តីរាជការ ត្រូវលើកទឹកចិត្តមន្រ្តីរាជការដែលសកម្ម ហើយ​ក៏មិន​ត្រូវ​លើកលែងចំពោះមន្រ្តីរាជការដែលមានកំហុស បើទោះជាមានឋានៈធំក៏ដោយ៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...