«កុំ​អួត​ពេក!​ ឆ្លង​ ធី​ សុវណ្ណថា​ ឲ្យ​ផុត​សិន​ទៅ»

រឿងក្ដីក្ដាំ រវាងអ្នកនាង ធី សុវណ្ណថា មន្ត្រីក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា និងលោក សុខ សុវណ្ណ​វឌ្ឍនា​សារពង្ស ដែលដាក់ឈ្មោះខ្លួន នៅលើបណ្ដាញសង្កម ហៅ វីល្លៀម ក័ង (William Guang) បានឈាន​មកដល់ដំណាក់កាលថ្មី ដែលអនុញ្ញាតឲ្យកញ្ញា ធី សុវណ្ណថា ប្រើពាក្យថា «កុំអួតពេក ឆ្លង ធី សុវណ្ណថា ឲ្យផុតសិនទៅ»។
«កុំ​អួត​ពេក!​ ឆ្លង​ ធី​ សុវណ្ណថា​ ឲ្យ​ផុត​សិន​ទៅ»
ពីឆ្វេងទៅស្ដាំ៖ អ្នកនាង ធី សុវណ្ណថា និងលោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ហៅ វីល្លៀម ក័ង។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 03, 2018
  • ប្រធានបទ: តារា​ហ្វេសប៊ុក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មានបណ្ដឹងពីរ រវាងជនទាំងពីរ ដែលមានឈ្មោះល្បីដូចគ្នា នៅលើបណ្ដាញសង្គម។ បណ្ដឹងមួយ ជារបស់អ្នកនាង ធី សុវណ្ណថា មន្ត្រីក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា ដែលប្ដឹងប្រឆាំងលោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ដែលដាក់ឈ្មោះ វីល្លៀម ក័ង (William Guang) ពីបទបរិហារកេរ្តិ៍ និងបទ​ញុះញង់​ឲ្យមានការរើសអើង កាលពីដើមខែធ្នូកន្លងទៅ។ រីឯលោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ក៏បានដាក់ពាក្យបណ្ដឹង ប្ដឹងប្រឆាំងអ្នកនាង ធី សុវណ្ណថា ពីបទចោទដូចគ្នា ទៅកាន់សាលាដំបូងរាជធានីតែមួយ កាលពីដើមខែកុម្ភៈមុនដែរ។

ប៉ុន្តែបណ្ដឹងរបស់សកម្មនារី របស់គណបក្សកាន់អំណាច និងជាមនុស្សស្និត នឹងនាយករដ្ឋមន្ត្រី ត្រូវបានដាក់ចូល ទៅកាន់តុលាការមុន ដូច្នេះទទួលបានចំណាត់ការ មុនបណ្ដឹងរបស់លោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង។ ហើយចំណាត់ការ ពីសំណាក់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង លោក សឿន មុនីរ័ត្ន ហាក់​មានលក្ខណៈធ្ងន់ធ្ងរបន្តិច នៅត្រង់បង្គាប់ ឲ្យធ្វើការ​ឃុំខ្លួន​លោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ជាបណ្ដោះអាសន្ន​នោះផង។

ដីកាសន្និដ្ឋាន របស់លោក សឿន មុនីរ័ត្ន ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ បានសម្រេចឲ្យបញ្ចូនសំនុំរឿង ប្រឆាំងលោក វីល្លៀម ក័ង ដើម្បីធ្វើការស៊ើបអង្កេត និងបង្គាប់ឲ្យឃុំខ្លួនលោក ជាបណ្ដោះអាសន្ន ដើម្បីបញ្ចប់បទល្មើស បង្ការបទល្មើស កុំឲ្យកើតជាថ្មី - រក្សាភស្ដុតាង ឬតម្រុយជាសម្ភារៈ និងរក្សាជនត្រូវចោទ ជូនតុលាការចាត់ការតាមនីតិវិធី។

អ្នកនាង ធី សុវណ្ណថា អាយុ២៣ឆ្នាំ ដែលទំនងជាអបអរ នឹងដីកាសន្និដ្ឋានខាងលើ បានចេញមកសរសេរ នៅទំព័រហ្វេសប៊ុករបស់នាង ចំអកឲ្យលោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង អាយុ៤៣ឆ្នាំ ថាត្រូវរៀនសូត្រពី «ច្បាប់ឲ្យបានច្រើនជាងនេះ»។ មន្ត្រីក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជារូបនេះ បានសរសេរបន្តថា៖ «បណ្តឹង​លោកប្តឹងខ្ញុំ​ ក៏ត្រូវបានតុលាការអនុវត្តដែរ​ ខ្ញុំត្រូវចូលបំភ្លឺថ្ងៃ​៤មេសានេះ​... តែលោកក៏មិនចូលបំភ្លឺ តាម​បណ្តឹងខ្លួនឯង។ បណ្តឹងលោក គ្មានអង្គហេតុគ្រប់គ្រាន់ទេ។»។

ធី សុវណ្ណថា អតីតអ្នកគាំទ្រ របស់គណបក្សប្រឆាំង បានបន្តសរសេរ ដោយប្រើពាក្យថ្លោសៗដូច្នេះថា៖ «ខ្ញុំធ្លាប់ផ្តល់ឱកាស​ អធ្យាស្រ័យជូនលោក តែលោកមិនទទួល​ ប្រកាសខ្លួន ជាអ្នកក្លាហា​ន ជាអ្នកចេះដឹង​ មិនខ្លាចច្បាប់​ មិនខ្លាចគុក​... លោកធ្លាប់ប្រកាស​ ចង់ប្រកួតសមត្ថភាព ជាមួយកូនសម្តេចតេជោ​ ទាំង៣​នាក់ ទល់នឹងលោក១​... កុំអួតពេក​ ឆ្លង​ ធី​ សុវណ្ណថា​ ឲ្យផុតសិនទៅ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...