ឃាត់​ខ្លួន​ប្រធាន CNRP ខេត្ត​ពោធិ៍សាត់ បន្ទាប់​ពី​បើក​រថយន្ដ​បុក​ក្មេង

ប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តពោធិ៍សាត់ លោក យ៉ាន់ សេងហ៊ត ត្រូវបានឃាត់ខ្លួនជាបណ្ដោះ​អាសន្ន នៅ​ត្រង់​ចំណុចមួយ ស្ថិតនៅច្រើនគីឡូម៉ែត្រ ឆ្ងាយពីកន្លែងកើតហេតុ។ សាក្សីមួយចំនួនបាននិយាយ​ថា លោក​បាន​បើក​រថយន្ដ​បុក​ក្មេងម្នាក់ ឲ្យ​របួស​ធ្ងន់ ​មុននឹង​​បើក​រថយន្ដ​នោះ​គេចខ្លួន។
ឃាត់​ខ្លួន​ប្រធាន CNRP ខេត្ត​ពោធិ៍សាត់ បន្ទាប់​ពី​បើក​រថយន្ដ​បុក​ក្មេង
រថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍ និងលោក យ៉ាន់ សេងហ៊ត (ពាក់អាវពណ៌ស្វាយ)។ (រូបថតនគរបាល)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 27, 2017
  • ប្រធានបទ: គ្រោះចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក យ៉ាន់ សេងហ៊ត មន្ត្រីជាន់ខ្ពស់ម្នាក់ របស់គណបក្សសង្គ្រោះជាតិ និងជាប្រធានគណបក្សនេះ​ នៅក្នុងខេត្តពោធិ៍សាត់ ត្រូវបាននគរបាលស្រុក វាលវែង ក្នុងខេត្តនេះ ឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋានស្រុកវាលវែង បន្ទាប់ពីរូបលោក ត្រូវបានគេមើលឃើញថា បានបើករថយន្ដបុកក្មេងម្នាក់ ឲ្យរងរបួសធ្ងន់ នៅក្នុងស្រុកក្រវ៉ាញ។

ប្រភពពីអាជ្ញាធរខេត្តពោធិ៍សាត់ បានរៀបរាប់ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅត្រង់ចំណុចច្រកព្រាល ផ្លូវលេខ៥៥ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅវេលាម៉ោងប្រមាណជា ៤ និង ៣០នាទី រសៀលថ្ងៃទី២៧ ខែឧសភា។ កុមាររងគ្រោះ ឈ្មោះ ណាត សុវណ្ណឌី ភេទប្រុស អាយុ ៦ឆ្នាំ បានរងរបួស ចំក្បាលជាទំងន់ និងបន្ទាប់មក ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ប្រភពដដែល បានបញ្ជាក់បន្ថែមថា ក្រោយពេលមានគ្រោះថ្នាក់នោះហើយ លោក យ៉ាន់ សេងហ៊ត ទំនងជាបានបន្ថែមល្បឿន បើករថយន្ដម៉ាក ប៉ាហ្សេរ៉ូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2G-1466 ចេញពីកន្លែងកើតហេតុ រហូតចូលដល់ស្រុកវាលវែង ទើបត្រូវបានក្រុមនគរបាល ឃាត់រថយន្ដ​របស់លោកបាន។

នៅលើបណ្ដាញសង្គម គេឃើញរូបថតជាច្រើនសន្លឹក ដែលទំនងជាថត នៅត្រង់កន្លែងកើតហេតុ និងនៅកន្លែងឃាត់រថយន្ដលោក យ៉ាន់ សេងហ៊ត ត្រូវបានបង្ហោះព្រោងព្រាត ជាពិសេសនៅលើគណនេយ្យ និងទំព័រហ្វេសប៊ុក របស់ក្រុមអ្នកមាននិន្នាការ ស្និតនឹងរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

» រូបថតនគរបាល៖

ក្នុងពេលភ្លាមៗ គ្មានការអះអាងណាផ្សេង ពីប្រភពស្និតនឹងលោក យ៉ាន់ សេងហ៊ត ទេ ហើយមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ ក៏មិនអាចត្រូវបានទាក់ទង ដើម្បីសាកសួរពីហេតុការណ៍នេះបានដែរ ដោយសារតែពេលនេះ ជាវេលាយប់ជ្រៅ នៅកម្ពុជា។

យ៉ាងណា ការគេចចេញ ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា ពុំមែនជារឿងថ្មីទេ ជាពិសេសបើហេតុការណ៍ កើតឡើងនៅត្រង់ចំណុចដាច់ស្រយ៉ាល។ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ រថយន្ដដែលមានដឹកលោក ជាម យៀប តំណាងរាស្ត្រ និងជាមន្ត្រីចាស់វស្សាមួយរូប មកពីគណបក្សប្រជាជនកម្ពុជា បានបើករថយន្ដបុកមនុស្ស ឲ្យមានរបួស និងមានរហូតដល់ស្លាប់នោះផង តែរថយន្ដរបស់មន្ត្រីជាន់ខ្ពស់ របស់គណបក្សកាន់អំណាច បានបើកគេចចេញ ពីកន្លែងកើតហេតុ រហូតដល់រាជធានី៕

» រថយន្ដរបស់លោក ជាម យៀប បន្ទាប់ពីបង្កគ្រោះចរាចរណ៍រួច៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...