រដ្ឋបាលខេត្តថាការផ្សាយពីការចាប់ព្រះសង្ឃ ជាការញុះញង់ឲ្យជាតិបែកបាក់
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 27, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងរ៉ាវនៃការចាប់ដកហូតទូរស័ព្ទ និងឃាត់ព្រះកាយ ព្រះសង្ឃចំនួន៤អង្គ កាលពីម្សិលម៉ិញ ដោយអាជ្ញាធរក្រុងសំរោង ខេត្តឧត្ដរមានជ័យ មិនបានផ្ដល់រូបភាពជាវិជ្ជមាន សម្រាប់អាជ្ញាធរ ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាប៉ុន្មានទេ ជាពិសេសនៅតែប៉ុន្មានថ្ងៃ មុនការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ឈានមកដល់។
នៅចំពោះប្រតិកម្មពោរពាស ពីសំណាក់មហាជនទូទៅ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃនេះ ច្រានចោលព័ត៌មានទាំងឡាយ ដែលត្រូវបានចុះផ្សាយ នៅតាមបណ្ដាញសង្គម និងនៅលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួន (មានទាំងទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ) និងដែលត្រូវបានរដ្ឋបាលខេត្តមួយនេះ ចាត់ទុកថា ជាពត៌មានធ្វើឡើង ដោយ«បំភ្លៃ និងមាននិន្នាការលំអៀង»។
សេចក្ដីថ្លែងការណ៍ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរនេះ បានសរសរថា ការចុះផ្សាយទាំងនោះ មានចេតនា «ចោទប្រកាន់ និងទម្លាក់កំហុស មកលើអាជ្ញាធរ និងសមត្ថកិច្ចខេត្តឧត្ដរមានជ័យ» ហើយជាចេតនា «ញុះញង់បំបែកបំបាក់សាមគ្គីភាពប្រជាជាតិខ្មែរ បំភ្លើសព័ត៌មាន ឲ្យមានការយល់ច្រឡំ ពីមតិជាតិ និងអន្តរជាតិ» ដើម្បីអ្វីមួយ ដែលរដ្ឋបាលខេត្តមួយនេះ ហៅថា ជា«ការកេងចំណេញផ្នែកនយោបាយ ឬហិរញ្ញវត្ថុផ្ទាល់ខ្លួន និងក្រុមខ្លួន»។
កាលពីព្រឹកថ្ងៃទី ២៦ ខែឧសភា ម្សិលម៉ិញ នៅខណៈពេលកំពុងថត ផ្តិតយកទិដ្ឋភាពចុងបញ្ចប់ នៃការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិ ក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ ព្រះសង្ឃ៤អង្គ ត្រូវបានអាជ្ញាធរក្រុងសំរោង ចាប់ដកហូតយកទូរស័ព្ទ និងឃាត់ព្រះកាយ អស់រយៈពេលជាច្រើនម៉ោង មុននឹងដោះលែងមកវិញ នៅវេលាម៉ោង១៣រសៀល ថ្ងៃដដែល។ ព្រះសង្ឃទាំងបួនអង្គនោះ រួមមានពីរអង្គ ជាព្រះសង្ឃសកម្មការពារសិទ្ធិមនុស្ស ព្រះនាម ព្រីម ហួន និង លួន សុវ៉ាត និងពីរអង្គទៀត ជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យព្រះនាម ណុប វណ្ណី និង សេង ណារា។
រដ្ឋបាលខេត្តឧត្ដរមានជ័យ បានបកស្រាយ នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះថា ព្រះសង្ឃទាំងបួនអង្គ ដែល«តាំងខ្លួនថាឯករាជ្យ» បានមកចូលរួម ក្នុងនាមជាអ្នកសារព័ត៌មាន និងជាអ្នកសង្កេតការណ៍ ដើម្បីតាមដាននយោបាយសង្គម ហើយបានថតសកម្មភាពបំពេញការងារ របស់សមត្ថកិច្ច និងបានផ្សព្វផ្សាយបន្តផ្ទាល់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានសង្ឃដីកា«បំភ្លើសការពិត»ថា សមត្ថកិច្ចខេត្ត «បានវាយធ្វើបាបប្រជាជន និងសកម្មជនគណបក្សសង្គ្រោះជាតិ»។
ព្រះសង្ឃសកម្មការពារសិទ្ធិមនុស្ស ព្រះតេជគុណ លួន សុវ៉ាត ដែលស្ថិតក្នុងហេតុការណ៍ បានមានសង្ឃដីការបញ្ជាក់ ប្រហាក់ប្រហែលគ្នា ថាការឃាត់ព្រះកាយព្រះសង្ឃទាំង៤អង្គ ត្រូវបានធ្វើឡើង ក្រោយសង្ឃដីការបស់ព្រះសង្ឃ ព្រីម ហួត តែមិនមែនជាសង្ឃដីកា ដូចការលើកឡើងខាងលើ របស់អាជ្ញាធរនោះទេ។ ព្រះសង្ឃ លួន សុវ៉ាត បានអះអាងថា ព្រះអង្គ ព្រីម ហួន មានថេរដីកាទៅកាន់ពលរដ្ឋ នៅពេលនោះដូច្នេះ «[បើ]គណបក្សនយោបាយណា មន្ត្រីមានអំណាចណា ធ្វើបាបប្រជាជន គំរាមកំហែងប្រជាជន វ៉ៃប្រជាជន សូមប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ម្ចាស់អំណាច កុំបោះឆ្នោត ឲ្យគណបក្សនយោបាយនោះ មន្ត្រីអ្នកមានអំណាចនោះអី»។
ព្រះអង្គ លួន សុវ៉ាត បានបន្តទៀតថា ព្រះសង្ឃទាំង៤អង្គ រួមទាំងព្រះអង្គផង ត្រូវបានដោះលែង ឲ្យមានសេរីភាព និងបានវិលត្រឡប់ទៅវត្តវិញ ក្រោយពេលក្រុមសមត្ថកិច្ច បានលុបរូបភាពចេញពីទូរស័ព្ទ និងលុបចេញពីហ្វេសប៊ុកទាំងអស់ ពោលគឺរូបភាព ដែលទាក់ទងនឹងព្រឹត្តិការណ៍យុទ្ធនាការឃោសនា នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីម្សិលម៉ិញ របស់គណបក្សសង្គ្រោះជាតិ ដោយរាប់ទាំងរូបភាព នៅមុនការឃាត់ព្រះកាយនោះផង។
ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍ របស់រដ្ឋបាលខេត្ត មិនបានបញ្ជាក់ ពីការលុបវីដេអូនេះចោលទេ ខណៈវីដេអូទាំងនោះ ជាភស្ដុតាងដើម្បីបញ្ជាក់ ថាតើព្រះសង្ឃ ព្រីម ហួន បានមានថេរដីកា«បំភ្លើសការពិត» ចោទប្រកាន់អាជ្ញាធរ និងសមត្ថកិច្ចខេត្ត ពិតមែនឬយ៉ាងណា៕