អតីតប្រធានាធិបតី ប៊ូស ជំទាស់ប្រធានាធិបតី ត្រាំ
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ២៨ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 28, 2017
- ប្រធានបទ: សារព័ត៌មាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមពិតទៅ លោក ហ្សក វ័លឃើរ ប៊ូស (George W. Bush) ប្រធានាធិបតីអាមេរិក ទី៤៣ មិនសូវត្រូវជាមួយនឹងអ្នកសារព័ត៌មានប៉ុន្មានទេ នៅក្នុងអំឡុងពេល៨ឆ្នាំ នៃការកាន់អំណាចរបស់លោក។ ប៉ុន្តែនៅពេលនេះ លោកបានបង្ហាញពីជំហរ ដ៏ច្បាស់លាស់មួយ ប្រឆាំងនឹងនយោបាយរបស់ប្រធានាធិបតីអាមេរិក ទី៤៥ លោក ដូណាល់ ត្រាំ (Donald Trump) ដែលចាត់ទុកសារព័ត៌មាន គឺជា«សត្រូវរបស់ប្រជាជនអាមេរិកាំង»។
នៅក្នុងកិច្ចសម្ភាសដ៏កម្រមួយ ផ្ដល់ទៅឲ្យទូរទស្សន៍ «NBC» លោក ប៊ូស បានថ្លែងឡើងថា៖ «ខ្ញុំចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយ គឺជាធាតុមិនអាចខ្វះបាន សម្រាប់សង្គមប្រជាធិបតេយ្យ។ ប្រព័ន្ធផ្សព្វផ្សាយ ពិតជាមិនអាចខ្វះបានទេ សម្រាប់ឲ្យមនុស្សទាំងឡាយ ដូចយ៉ាងជារូបខ្ញុំនេះជាដើម អាចទទួលបាន នូវគណនេយ្យភាព ប្រកបដោយតម្លាភាពមួយ។»។
នៅក្នុងរយៈពេលចុងក្រោយនេះ ប្រធានាធិបតីក្នុងតំណែង លោក ដូណាល់ ត្រាំ បានធ្វើយុទ្ធនាការជាបន្តបន្ទាប់ និងមិនឈប់ឈរ ប្រឆាំងនឹងក្រុមសារព័ត៌មានធំៗ របស់អាមេរិក ដោយបានចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ លំអៀងឃ្លីងឃ្លោង និងចុះផ្សាយតែព័ត៌មានមិនពិត។ យុទ្ធនាការទាំងនោះ គឺជាប្រតិកម្មខ្លាំងៗ ធ្វើឡើងដោយផ្ទាល់ ពីសំណាក់លោក ត្រាំ នៅលើបណ្ដាញសង្គម ទ្វីសធើរ (Twitter) និងតាមរយៈសុន្ទរកថានានា បន្ទាប់ពីសារព័ត៌មានទាំងនោះ បានចុះផ្សាយជាបន្តបន្ទាប់ នូវរឿងរ៉ាវមិនប្រក្រតីជាច្រើន នៅក្នុងរដ្ឋបាលថ្មីថ្មោង របស់លោក។
ក្រៅពីប្រធានាធិបតី នៅមានអ្នកនៅជុំវិញប្រធានាធិបតី ជាច្រើនផ្សេងទៀត ក៏បានវាយប្រហារមិនឈប់ឈរ ទៅកាន់ក្រុមអ្នកសារព័ត៌មានដែរ។ ដូចយ៉ាងលោក «Stephen Bannon» ទីប្រឹក្សាម្នាក់ ពីក្នុងចំណោមទីប្រឹក្សាដ៏ជិតដិតជាច្រើននាក់ របស់លោក ដូណាល់ ត្រាំ តែងបានចាត់ទុកប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ថាជា«គណបក្សប្រឆាំង»។
នៅក្នុងកិច្ចសម្ភាសដដែល លោក ប៊ូស បានបន្តទៀតថា៖ «អំណាច អាចធ្វើឲ្យមនុស្សវង្វេង ហើយក៏អាចបង្ក ឲ្យមានគ្រោះមហន្តរាយដែរ។ ដូច្នេះ វាពិតជាសំខាន់ណាស់ ដែលប្រព័ន្ធផ្សព្វផ្សាយ ត្រូវក្រើនរំលឹកអ្នកដែលបំពានអំណាច។»។
អតីតប្រធានាធិបតីអាមេរិក បានពន្យល់បន្ថែមថា ការរិះគន់ក្នុងលក្ខណៈជាប្រព័ន្ធ ទៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នឹងធ្វើឲ្យចុះខ្សោយ នូវការខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការលើកតំកើនលិទ្ធិប្រជាធិបតេយ្យ និងសារព័ត៌មានសេរី នៅក្នុងពិភពលោក៕