ប៉ា ងូនទៀង៖ ឆ្នាំ២០១៤ ជាឆ្នាំអាក្រក់ សម្រាប់អ្នកសារព័ត៌មាន
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣០ មេសា ២០១៥
- កែប្រែចុងក្រោយ: May 01, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន ក្នុងវេទិកាស្ដីពីប្រព័ន្ធ ផ្សព្វផ្សាយឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈ នៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមេសានេះ នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង បានលើកឡើងថា បរិយាកាស ក្នុងអំឡុងឆ្នាំ២០១៤ បានធ្វើឲ្យអ្នកសារព័ត៌មាន ងាយនឹងរងគ្រោះ ដែលជាហេតុ ធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយ មានការប្រុងប្រយ័ត្ន នៃការចុះផ្សាយ នៃអត្ថបទព័ត៌មានរបស់ខ្លួន។
លោកបានថ្លែងឡើងថា៖ «ចំពោះខ្ញុំ ឆ្នាំ២០១៤ ជាឆ្នាំមួយអាក្រក់ សម្រាប់អ្នកសារព៌ត៌មាន និងជាបរិយាកាសមួយ ដែលរដ្ឋាភិបាល បាននឹងប្រគល់អំណាច ទៅដល់កងកម្លាំងប្រដាប់អាវុធ និងក្រុមសន្តិសុខខ្លួនឯង ហួសប្រមាណ ក្នុងការបង្ក្រាបសកម្មជនសិទ្ធិមនុស្ស បង្ក្រាបអ្នកសារព័ត៌មាន បើទោះជាពាក់កាតសម្គាល់ ជាអ្នកសារព័ត៌មាន ក៏ដោយ។ (...) យើងមើលឃើញថា ជាបរិយាកាសមួយ ដែលធ្ងន់ សម្រាប់២០១៤។ ព្រោះតែការវាយ វាងាយពេក ការកំហែង វាងាយពេក និងការរឹបអូស យកសម្ភារៈអ្នកសារព័ត៌មាន វាងាយពេក។ (...) ធ្វើឲ្យអ្នកសារព័ត៌មាន មានការភ័យខ្លាចច្រើន ក្នុងការផ្សាយព័ត៌មាន។»
លោកបានចាត់ទុកថា តាមករណីខាងលើនេះហើយ ដែលជាមូលហេតុ ជម្រុញឲ្យអ្នកសរសេរ អ្នកចុះផ្សាយ ត្រូវបានរិតបណ្តឹងទៅលើអត្ថបទ ដែលត្រូវធ្វើការចុះផ្សាយ។ លោកថា ពេលខ្លះអត្ថបទល្មមៗ ក៏មិនហានចេញផ្សាយដែរ ព្រោះតែមានការភ័យខ្លាច។
លោកបានលើកជាឧទាហរណ៍ថា សម្រាប់ស្ថាប័នព័ត៌មានរបស់លោក ក្នុងឆ្នាំ២០១៤ កន្លងមកនេះ មានករណី ដែលត្រូវបានរងគ្រោះទីមួយ មានអ្នកតាមដាន លើអ្នកសារព័ត៌មានរបស់លោក និងទីពីរ អ្នកសារព័ត៌មានរបស់លោក ត្រូវបានសន្តិសុខវាយ ឲ្យរបួសយ៉ាងធ្ងន់ធ្ងរ នៅទីលានប្រជាធិបតេយ្យ រហូតបញ្ជូនទៅព្យាបាល នៅប្រទេសថៃ។ លោកបន្តថា ជាមួយគ្នានេះ ក៏មានការគម្រាមកំហែង តាមរយៈរូបភាពមួយចំនួនទៀត ដូចជាការចល័តកម្លាំងទាហាន កម្លាំងប៉ូលីស និងការទម្លាក់កម្លាំងទាំងនោះ រួចប្រមូលយកទៅវិញជាដើម។
កត្តាទាំងនេះហើយ ដែលបង្ហាញថា ក្នុងឆ្នាំ២០១៤ បរិយាកាសនៃការ«ភ័យខ្លាច» មានកំណើន កើនឡើងខ្ពស់។ ហើយក៏ជាមូលហេតុមួយ ដែលតម្រូវឲ្យអ្នកសារព័ត៌មាន មានការប្រុងប្រយ័ត្ន លើអត្ថបទ ឬព័ត៌មានរបស់ខ្លួន កាន់តែខ្ពស់។
យ៉ាងណាក៏ដោយ និងដើម្បីកាត់បន្ថយ នូវភាពតានតឹងនេះ លោក ប៉ា ងួនទៀង បានស្នើដល់រដ្ឋាភិបាល ឲ្យចូលរួមពិនិត្យមើល នឹងដើរតាម«ចរន្ត របស់ប្រជាពលរដ្ឋ» ក្នុងការកំណែទម្រង់។ លោកបន្តថា កំណើននៃការចង់បាន នូវប្រព័ន្ធព័ត៌មានមួយឯករាជ្យ ព័ត៌មានពិត តុល្យភាព និងទាន់ហេតុការណ៍ របស់ប្រជាពលរដ្ឋក្នុងពេលនេះ បានកើនឡើងដល់៧៥ភាគរយ បើតាមការស្រាវជ្រាវ របស់ក្រុមការងារលោក នាពេលកន្លងមកនេះ។
តាម«ចរន្ត»ខាងលើ នាយកប្រតិបត្តិមជ្ឈមណ្ឌលបានលើក ជាចំណោទមួយ សួរទៅរដ្ឋាភិបាលថា តើរដ្ឋាភិបាលគួរតែដើរឲ្យស្រប នឹងចរន្តរបស់ប្រជាពលរដ្ឋ ឬគួតែដើរបញ្ច្រាសទិសទៅវិញ? នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរូបនេះ បានបញ្ជាក់ថា បើរដ្ឋាភិបាលខ្លួនឯង ដើរបញ្ច្រាសទិស របស់ប្រជាពលរដ្ឋនោះ រដ្ឋាភិបាលខ្លួនឯង នឹងបាត់បង់ នូវអំណាចខាងនយោបាយ និងការគាំទ្រ ពីប្រជាពលរដ្ឋ ក៏ដូចជាបាត់បង់អាសនៈ ក្នុងរដ្ឋសភា។
លោក ប៉ា ងួនទៀង បានចាត់ទុកថា សេរីភាព នៃអ្នកសារព័ត៌មាន ជារឿងសំខាន់ និងជាកត្តាមួយ ដែលសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «បើគ្មានតួនាទី នៃប្រព័ន្ធព័ត៌មានទេ គ្មានសេរីភាពសារព័ត៌មានទេ មានន័យថា សង្គមហ្នឹងអត់អាច ទទួលបានជោគជ័យ ក្នុងការកែទម្រង់ ក្នុងការអភិវឌ្ឍន៍ ផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបានទេ។»
សូមបញ្ជាក់ដែរថា វេទិកាស្ដីពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈនៅកម្ពុជា ត្រូវបានរៀបចំឡើងមុនបីថ្ងៃ នៃទិវាសេរីភាព សារព័ត៌មានពិភពលោក ក្នុងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥ ខាងមុខ។ វេទិកាស្ដីពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈនៅកម្ពុជា ក៏ត្រូវបានរៀបចំឡើង ដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ជាភាសាអង់គ្លេសថា CCIM មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR និងគណៈកម្មការពិសេសដោះស្រាយទំនាស់ ហៅកាត់ថា ACT៕