អាថ៌កំបាំងទាំង៤ ដែលលោកអ្នកមិនដែលដឹងពី ហ៊ីត្លែ
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ៣០ មេសា ២០១៥
- កែប្រែចុងក្រោយ: May 01, 2015
- ប្រធានបទ: ស្រាវជ្រាវ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គឺនៅថ្ងៃទី៣០ ខែមេសា កាលពី៧០ឆ្នាំមុន នេះហើយ ដែលមហាជនផ្ដាច់ការ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ អាដុហ្វ៍ ហ៊ីត្លែ ត្រូវបានគេដឹងថា បានធ្វើអត្តឃាត ក្នុងរដ្ឋធានីប៊ែឡាំង មាតុភូមិអាល្លឺម៉ង់របស់ខ្លួន នៅមុនកងទ័ពរបស់ប្រទេសរ៉ូស្សី បានវាយលុកចូលមកដល់។ រហូតមកដល់ពេលនេះ បណ្ដាអ្នកស្រាវជ្រាវទាំងឡាយ នៅមិនទាន់បាន បញ្ចប់ទាំងស្រុងនៅឡើយ ពីអាថ៌កំបាំងនានា នៅក្នុងជីវិតរបស់ ហ៊ីត្លែ និងការដឹកនាំរបស់គាត់ ដែលសម្បូរហូរហៀ ទៅដោយសំណួរចោទសួរ រាប់មិនអស់។
ខាងក្រោមនេះ ជាអាថ៌កំបាំងទាំងបួន នៃជីវិតរបស់ អាដុហ្វ៍ ហ៊ីត្លែ ដែលលោកអ្នកមិនដឹង ឬអាចមិនដឹង។
១) ហ៊ីត្លែ ញៀនថ្នាំ មេតាហ្វេតាមីន
ក្នុងរបាយការណ៍សម្ងាត់មួយ របស់កងទ័ពអាមេរិក កម្រាស់៤៧ទំព័រ បានឲ្យដឹងថា អាដុហ្វ៍ ហ៊ីត្លែ ជាមនុស្សមានអារម្មណ៍ មិននឹងនរម្នាក់។ អតីតមេដឹកនាំរូបនេះ តែងលេបថ្នាំងងុយគេង ដើម្បីឲ្យខ្លួនឯង បានគេងលក់ និងតែងបានលេបថ្នាំ ជំនួយកម្លាំង ដើម្បីអាចនៅស្វាង រហូតពេញមួយថ្ងៃបាន។ នៅចុងសង្គ្រាមលោកលើកទីពីរ មហាជនផ្ដាច់ការ បានធ្លាក់ខ្លួន ញៀនថ្នាំ មេតាហ្វេតាមីន យ៉ាងក្រាស់ក្រែល។ ហើយថ្នាំនេះទៀតសោធ ក៏ត្រូវបានទាហាអាល្លឺម៉ង់ នៅខ្សែរត្រៀមជួរមុន យកមកប្រើប្រាស់ដែរ។
២) លិង្គ មានប្លោកតែម្ខាង
ក្នុងឆ្នាំ១៩៦៨ អ្នកកាសែតរ៉ូស្សីម្នាក់ បានយករបាយការណ៍ ធ្វើកោសល្យវិច័យ របស់ក្រុមគ្រូពេទ្យរ៉ូស្សី ដែលបានពិនិត្យសាកសព ធ្វើអត្តឃាតរបស់ ហ៊ីត្លែ បានផ្សាយថា ក្រុមគ្រូពេទ្យទាំងនោះ មិនបានរកឃើញ ប្លោកខាងឆ្វេង នៃលិង្គរបស់ អតីតមេដឹកនាំផ្ដាច់ការ នេះឡើយ។ ប៉ុន្តែសម្រាប់ប្រវត្តិវិទូបារាំង លោក ហ្វ្រង់ស៊័រ ដែលហ្វា (François Delpla) ដែលមានជំនាញខាងសិក្សាស្រាវជ្រាវ ពីប្រវត្តិរបស់ ហ៊ីត្លែ បាននិយាយថា៖ «ការសរសេរនោះ មានលក្ខណៈបំបាក់ បុគ្គលិកលក្ខណៈរបស់ ហ៊ីត្លែ។ ហើយបើទោះជា វាមានតែម្ខាងក៏ដោយ ក៏មិនមានអ្វី អាចរំខានការដឹកនាំ ដ៏ខ្លាំងក្លារបស់ ហ៊ីត្លៃ ក្នុងសម័យនោះបានដែរ។»
៣) ហ៊ីត្លែ មានគ្រួសារនៅអាមេរិក
ជាផ្លូវការ ហ៊ីត្លែ មិនមានកូនទេ។ តែនៅមាន ពាក្យចចាមអារាម ថាអតីតមេដឹកនាំរូបនេះ មានកូនប្រុស ជាជាតិបារាំងម្នាក់។ ផ្ទុយទៅវិញ រឿងដែលច្បាស់នោះ គឺ ហ៊ីត្លែ មានសាច់ឈាមបង្កើត កំពុងរស់នៅលើ ទឹកដីសហរដ្ឋអាមេរិក។
ឪពុក ហ៊ីត្លែ លោក អាល័រ ហ៊ីត្លែ (Alois Hitler) មានកូនប្រុសម្នាក់ ជាមួយប្រពន្ធមុន ដែលត្រូវជាម្ដាយដើម របស់ ហ៊ីត្លែ។ ហើយកូនប្រុស ដែលត្រូវជាបងប្រុស ម្ដាយដោយខ្លួន របស់ ហ៊ីត្លែ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ រកឃើញថា មានកូនប្រុសបីនាក់ បើទោះជាពួកគេ បានផ្លាស់ប្ដូរឈ្មោះក៏ដោយ។ ក្មួយបង្កើត របស់ ហ៊ីត្លែ ទាំងបីនេះ សព្វថ្ងៃកំពុងរស់នៅឯ «Long Island» ក្បែរនឹងទីក្រុងញ៉ូយក។
៤) តមចំណីយ៉ាងខ្លាំងក្លា
អ្នកភ្លក្សចំណីរបស់ ហ៊ីត្លែ អ្នកស្រី ម៉ាហ្គូ វ៉ូអែល (Margot Woelk) ដែលនៅរស់រហូតដល់សព្វថ្ងៃ ទើបនឹងថ្លែងប្រាប់ សារព័ត៌មានអង់គ្លេស «Daily Mail» ថា អ្នកស្រីបានបម្រើការ ឲ្យ ហ៊ីត្លែ អស់រយៈពេល២ឆ្នាំ សម្រាប់តួនាទី ជាអ្នកភ្លក្សចំណី របស់ ហ៊ីត្លែ នៅមុនអតីតមេដឹកនាំរូបនេះ បរិភោគចូលទៅក្នុងពោះ។ នៅក្នុងរយៈពេលនោះ ហ៊ីត្លែ បានកំណត់ខ្លួន ពីការតមចំណីយ៉ាងខ្លាំងក្លា ដូចជាទទួលទាន តែម្ហូបបួស (គ្មានសាច់គ្មានត្រី) និងមិនមានបារី និងគ្មានសុរាឡើយ៕