ក្លឹបអ្នកការសែតកម្ពុជា៖ សេរីភាពសារព័ត៌មាននៅតែរងការគម្រាមកំហែង
ក្លឹបអ្នកការសែតកម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាព និងសេរីភាពអ្នកសារព័ត៌មាន ខណៈចំនួនអ្នកសារព័ត៌មានកាន់តែច្រើនឡើង បានរងការចោទប្រកាន់ពីតុលាការ និងការគម្រាមកំហែងផ្សេងៗ។
សារព័ត៌មានដែលចេញផ្សាយនៅក្នុងស្រុក។
តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ របស់ក្លឹបអ្នកការសែតកម្ពុជា បានបង្ហាញថាមានអ្នកការសែតចំនួន៧នាក់ ត្រូវបានសាលាតំបូងខេត្តកំពង់ឆ្នាំង ចោទប្រកាន់ពីបទគំរាមកំហែង ហើយអាចនឹងត្រូវសមត្ថកិច្ចចាប់ខ្លួនទៀតផង។ សេចក្តីថ្លែងការណ៍ដដែល បានស្នើរឲ្យមានការគោរពដល់សកម្មភាពរបស់អ្នកសារព័ត៌មាន និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ជាពិសេសការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ទន្ទឹមនឹងនេះ ក្លឹបអ្នកការសែតកម្ពុជាបានអះអាងថា ខ្លួននឹងបន្តតាមដានការណីចោទប្រកាន់ខាងលើជាបន្តបន្ទាប់ ដើម្បីស្វែងរកយុត្តិធម៌សម្រាប់អ្នកការសែតទាំងនោះ។
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនសុំការបំភ្លឺបន្ថែមពីលោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានទេ ប៉ុន្តែបើយោងលើលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានពន្យល់ថា មន្រ្តីសាធារណៈមួយចំនួន មិនបានផ្តល់ការសហការល្អ ជាមួយអ្នកការសែតនោះទេ ផ្ទុយទៅវិញអ្នកការសែត អាចទទួលរងការប្តឹងផ្តល់ និងព្រមានពីមន្រ្តីទាំងនោះថែមទៀត។ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សរូបនេះបានបន្ថែមថា ស្ថានភាពអ្នកការសែតកម្ពុជា រហូតមកដល់ពេលនេះ មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ព្រោះប្រព័ន្ធច្បាប់នៅកម្ពុជានៅទន់ខ្សោយ ស្របពេលអ្នកការសែតទទួលប្រាក់ចំណូលទាប ដែលអាចជម្រុញឲ្យពួកគេ ប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ លោក អ៊ូ វីរៈ បន្តថាអ្នកការសែតអាចមានគ្រោះថ្នាក់ និងជួបប្រទះបញ្ហាផ្សេងៗ ប្រសិនបើពួកគេមិនបានគោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានឲ្យបានត្រឹមត្រូវ។
គួរម្លឹកថាប្រទេសកម្ពុជា តែងតែប្រារព្ធទិវាសេរីភាពសារព័ត៌មាន ថ្ងៃ៣ឧសភា រៀងរាល់ឆ្នាំ។ ថ្ងៃទិវាសេរីភាពសារព័ត៌មាននេះ ត្រូវបានអនុម័តដោយមហាសន្និបាត របស់អង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ និងឆ្លងតាមការអនុម័តក្នុងសន្និសិទទូទៅ របស់អង្គការយូណេស្កូលើកទី២៦ ឆ្នាំ១៩៩១។ វាជាថ្ងៃមួយ សម្រាប់ធ្វើការវាយតម្លៃពីស្ថានភាព នៃសេរីភាពសារព័ត៌មានទូទាំងសកលលោក និងក៏ជាថ្ងៃរម្លឹកដល់រដ្ឋាភិបាល ដើម្បីឲ្យមានការតាំងចិត្ត គោរពដល់សេរីភាពក្នុងការបញ្ចេញមតិផងដែរ។ ប៉ុន្តែរហូតមកដល់ពេញបច្ចុប្បន្ន ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា នៅតែមានករណីអ្នកការសែត ត្រូវបានគេបំភិតបំភៃ និងការបាញ់សម្លាប់ជាបន្តបន្ទាប់។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានពន្យល់ថា នៅពេលដែលអំពើពុករលួយ វប្បធម៌និទណ្ឌភាព កើតមានឡើងក្នុងសង្គមកាន់តែធ្ងន់ធ្ងរ វាក៏ធ្វើឲ្យអ្នកការសែតប្រឈមគ្រោះថ្នាក់ កាន់តែខ្លាំងផងដែរ។ លោក យ៉ង់ គឹមអេង បញ្ជាក់ថា៖ «ប្រសិនបើសេរីភាពសារព័ត៌មាន មិនត្រូវបានធានាឲ្យបានពេញទេនោះ វាអាចនឹងបង្ករបញ្ហាជាច្រើនដល់សង្គម»។
យោងតាមរបាយការណ៍បូកសរុប សន្និបាតរបស់ក្រសួងព័ត៌មានក្នុងឆ្នាំកន្លងមក បានបង្ហាញថាប្រទេសកម្ពុជា មានកាសែត ទស្សនាវដ្ដី ព្រឹត្តិបត្របោះពុម្ពជាភាសាខ្មែរចំនួនជាង ៦០០អង្គភាព។ មានវិទ្យុអេហ្វអ៊ឹម (FM) ផ្សាយសំឡេងជាង ១០០អង្គភាព មានទូរទស្សន៍ជាតិ និងឯកជនសរុបជិត ២០អង្គភាព៕
-------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ