ក្រុមហេគឃឺអនាមិកកម្ពុជា ប្រកាស«សង្គ្រាម»ប្រឆាំងរដ្ឋាភិបាល
ក្រុមហេគឃឺអនាមិកកម្ពុជា (Anonymous Cambodia) បើកយុទ្ធនាការប្រឆាំងរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់ តាមរយៈសាដែលបញ្ចេញនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន បន្ទាប់ពីយុវនិស្សិតជំនាញខាងបច្ចេកវិទ្យាពីរនាក់ ដែលទំព័រហ្វេសប៊ុកដាក់ឈ្មោះក្រុមនេះអះអាងថា ជាសមាជិករបស់ក្រុមអនាមិកកម្ពុជានោះ ត្រូវបានចាប់ខ្លូន។
«យើងជាក្រុមជនអនាមិក យើងមានសមាជិក...» (រូបថតហ្វេសប៊ុក)
បច្ចេកវិទ្យា - បន្ទាប់ពីបញ្ចេញសារមួយដែលមានន័យថា «ពួកអ្នកចាប់ពួកយើង ពួកយើងនឹងមិនបំភ្លេចចោល ពួកយើងនឹងមិនអភ័យ ពួកយើងនឹងបន្តការងាររបស់ពួកយើងទៀត» និង«អ្នកចាប់ពួកយើងត្រឹម២នាក់ ប៉ុន្តែពួកយើងនៅតែអាចបន្តការងាររបស់យើង ហើយនឹងចាប់ផ្តើមអោយខ្លាំងជាងមុន ១០ ដង ១០០០ ដង ១០០០០០ ដង គ្មានទីបញ្ចប់ចាប់ពីពេលនេះទៅ»។
បន្ថែមពីលើសារនេះ ក្រុមហេគឃឺអនាមិកកម្ពុជា បានសរសេរសារនៅលើទំព័រហ្វេសប៊ុកមួយឈ្មោះថា Anonymous Cambodia ជាការព្រមានរដ្ឋាភិបាលថា ពួកគេនឹងស្វែងរកការគាំទ្រ ដើម្បីឱ្យដោះលែងសមជិករបស់ពួកគេ ប្រសិនបើមិនដោះលែងសមាជិករបស់ខ្លួនទេនោះ ពួកគេនឹងចូលរួមជាមួយ ក្រុមហេកឃឺអានាមិក (Anonymous) ទូទាំងពិភពលោកដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤នេះ ទំព័រហ្វេសប៊ុកមួយនេះ បញ្ចេញសារមួយទៀតថា «ស្ងាត់ស្ងាត់ចោរលួចសេះបាត់ យប់នេះ យើងនឹងធ្វើការវាយលុក ចូលប្រព័ន្ធទូរសោសម្ងាត់ ទាំងយប់តែម្តង និងដាក់កូនក្រកបន្ថែម អោយគ្រប់ទីកន្លែងទាំងអស់»។ បន្ទាប់មកនៅល្ងាចថ្ងៃដដែល ទំព័រហ្វេសប៊ុក បានបន្ថែមទៀតថា ពួកគេកំពុងបាញ់ទិសដៅទៅលើ គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ។ នៅវេលាម៉ោងប្រមាណជា៧យប់ គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិមួយនេះ បានអាក់ខានដំណើរការមួយរយៈ មុននឹងត្រឡប់មកដើរជាធម្មតាមកវិញ នៅកន្លះម៉ោងក្រោយមក។
សូមរំលឹកថា គេហទំព័ររបស់អគ្គស្នងការនគរបានជាតិដដែល បានឱ្យដឹងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ថា ស្ថាប័នជាតិសំខាន់ៗយ៉ាងហោចណាស់៣០ និងស្ថាប័នឯកជនមួយចំនួនផងដែរ ត្រូវរងគ្រោះពីការវាយប្រហារតាមបច្ចេកវិទ្យា ព័ត៌មានពីសំណាក់ក្រុមហេគឃឺអនាមិកកម្ពុជា ចាប់តាំងពីមុនការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រ កាលពីខែកក្កដា ឆ្នាំ២០១៣។ ស្ថាប័នជាតិសំខាន់ៗ ដែលទទួលរងគ្រោះមានដូចជា៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងការបរទេស ក្រសួងការពារជាតិ និងសាលារាជធានីភ្នំពេញ ជាដើម។
ប្រភពគេហទំព័រអគ្គស្នងការនោះ បានសរសេរទៀតថា អាជ្ញាធរកម្ពុជា បានតាមដាន និងសហការស្រាវជ្រាវជាមួយ អែហ្វ.ប៊ី.អាយ (FBI) ប្រចាំកម្ពុជា អស់រយៈពេលប្រមាណ ៨ខែមកហើយ ទើបឃាត់ខ្លួនជនសង្ស័យកាលពីថ្ងៃទី៧ ខែមេសា។ គេហទំព័រដដែល បានអះអាងថា ក្រុមហេកឃឺរអនាមិកកម្ពុជា បានធ្វើសកម្មភាពវាយប្រហារ ធ្វើឱ្យរអាក់រអួលមិនដំណើរការគេហទំព័រ ជ្រៀតចូលបណ្ដាញព័ត៌មានវិទ្យាដោយខុសច្បាប់ លួចទិន្នន័យសម្ងាត់ជាតិពីប្រព័ន្ធព័ត៌មាន និងការកែទំព័រដើម។
កញ្ញា កែវ គូនីឡា អ្នកជំនាញខាង Blogger បានប្រាប់ថាអ្នកដែលចេះជំនាញហេកគេហទំព័រ ឬវាយប្រហារតាមបច្ចេកវិទ្យាព័ត៌មាននេះ មានភាគច្រើននៅប្រទេសក្រៅ ហើយនៅកម្ពុជាទើបតែមានថ្មីនេះទេ អ្នកដែលមានជំនាញខាងផ្នែកកុំព្យួរទ័រ ចាប់ផ្តើមប្រើប្រាស់វា យកទៅវាយប្រហារទំព័ររបស់អ្នកដទៃ ក្នុងបំណងធ្វើអ្វីមួយមិនល្អទៅលើនរណាម្នាក់។ អ្នកដែលត្រូវបានគេវាយប្រហារ ក៏មានសិទ្ធិប្តឹងបានដែរ។
ជនសង្ស័យពីរនាក់ ដែលត្រូវបានឃាត់ខ្លួននោះ មានម្នាក់ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យស៊ីតិច ដែលមានឈ្មោះថា ប៊ុន ឃីងមង្គលបញ្ញា ហៅ Sexmachine ឬ Blackcyberភេទប្រុស អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជូ សុងហេង ហៅ Zoro ភេទប្រុសអាយុ២១ឆ្នាំ ត្រូវចោទប្រកាន់តាមមាត្រា ៤២៧ ៤២៨ ៤២៩ នៃក្រមព្រហ្មទណ្ឌ។ ជនសង្ស័យត្រូវប្រឈមនឹងការពិន័យជាប្រាក់ពី ១០០.០០០រៀល ដល់ ៤.០០០.០០០រៀល និងអាចជាប់ពន្ធនាគារពី ១ខែរហូតដល់ ២ឆ្នាំ៕
----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ មេសា ២០១៤