មន្ត្រីសិទ្ធិមនុស្ស បង្ហោះវីដេអូ«ស្រាត» ផ្អើលពេញហ្វេសប៊ុក?
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ២០ មីនា ២០១៥
- កែប្រែចុងក្រោយ: March 22, 2015
- ប្រធានបទ: បច្ចេកវិទ្យា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នរណាមួយមិនភ្ញាក់ផ្អើល នៅពេលដែលបានបើក លេងហ្វេសប៊ុក នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ម្សិលម៉ិញនេះ ស្រាប់តែឃើញ គណនីរបស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំខេត្តរតនគិរី លោក ឆាយ ធី បង្ហោះវីដេអូឃ្លីបមួយ ដែលមានលក្ខណៈកូនជ្រូក អាសអាភាស ទៅគ្រប់មិត្តភ័ក្តិ ដែលមានទំនាក់ទំនងហ្វេសប៊ុក ជាមួយលោក។
លោក ឆាយ ធី ដែលល្បីល្បាញខាងការឃ្លាំមើល ការរំលោភដីធ្លី ឬការបំផ្លាញធនធានធម្មជាតិ នៅខេត្តភាគឦសាន្ដ នៃប្រទេសកម្ពុជា ត្រូវបានជនខិលខូច លួចហែក (Hack) គណនីហ្វេសប៊ុករបស់លោក បន្ទាប់មកបានបង្ហោះវីដេអូនេះ ដែលមានលក្ខណៈ ជាការផ្សាយពាណិជ្ជកម្ម ឲ្យទៅខ្សែភ្ជាប់មួយផង ទៅលើជញ្ជាំងរបស់មិត្តហ្វេសប៊ុកនានា របស់លោក។ ពីក្នុងចំណោមមិត្តហ្វេសប៊ុករបស់លោក ក៏មានលោក អ៊ំ វ៉ារី អ្នកសារព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ម្នាក់ផង ដែលបានទទួលនូវវីដេអូពិសេសនេះ។
វីដេអូឃ្លីប ត្រូវបានបង្ហោះនៅវេលាម៉ោង ១១ព្រឹកថ្ងៃសុក្រ ដោយមានសរសេរអម ដោយពាក្យអង់គ្លេសមួយឃ្លា និងពាក្យខ្មែរមួយឃ្លា ដែលមានន័យជាអាថ៌ថា៖ «Chhay Thy ភ្ញាក់ផ្អើលទៅមើលក្មេងប្រុស និងក្មេងស្រី ក្នុងថ្នាក់ប្រាំបួន ធ្វើជណ្ដើរមនុស្សពេញវ័យ»។
លោក ឆាយ ធី បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅក្នុងថ្ងៃសុកដដែលថា លោកមិនបានបង្ហោះរូបភាព ឫវីដេអូអ្វីទេ នៅព្រឹកថ្ងៃនោះ ហើយគណនីហ្វេសប៊ុករបស់លោក នៅមិនទាន់បើកចេញឡើយ រហូតមកដល់រសៀលថ្ងៃដដែល។ លោកថា កាលពីព្រឹក លោកបានបើកហ្វេសប៊ុកមើលព័ត៌មាន តែបានទុកកុំព្យូទ័រចោល នៅនឹងការិយាល័យ ដើម្បីធ្វើដំណើរទៅជួបសហគមន៍ និយាយពីការងារ ប្រហែលជាជិតមួយម៉ោង ទើបត្រឡប់មកវិញ។ តែនៅពេលមកដល់ លោកបើកហ្វេសប៊ុក ដើម្បីមើលព័ត៌មានម្តងទៀត ស្រាប់តែបើកមិនចេញតែម្ដង។
លោកអះអាងថា ប្រាកដជាមានជនណាម្នាក់ លួចយកលេខកូដសំងាត់ គណនីហ្វេសប៊ុករបស់លោក រួចយកទៅប្រើប្រាស់ ក្នុងបំណងអាក្រក់។ ជននោះ ថែមទាំងបានផ្លាស់ប្តូរលេខសំងាត់ ក្នុងគណនីហ្វេសប៊ុកនោះ ធ្វើឲ្យម្ចាស់ខ្លួន បើកគណនីខ្លួនឯង លែងបានផងទៀត។ មន្ត្រីសិទ្ធិមនុស្ស បានរៀបរាប់ទៀតថា លោកបានយកកុំព្យូទ័រ ទៅឲ្យអ្នកជំនាញ ខាងព័ត៌មានវិទ្យាជួយមើល និងជួយស្រាវជ្រាវ ដើម្បីផ្លាស់ប្តូរលេខកូដនោះវិញ។ លុះត្រាមកដល់ រសៀលថ្ងៃដដែល ទើបលោកអាចបើកគណនីហ្វេសប៊ុក នោះបានដូចធម្មតា ហើយក៏បានចូលទៅលប់វីដេអូ ដ៏អាស្រូវទាំងនោះ ចេញអស់ដែរ។
បើតាមការអះអាង របស់អ្នកជំនាញខាងបច្ចេកវិទ្យាមួយរូប ដែលទស្សនាវដ្ដីបានទាក់ទងសុំយោបល់ បានឲ្យដឹងថា យោងទៅលើភាសាខ្មែរ ដែលសរសេរនៅជាមួយវីដេអូ ជនខិលខូចនោះ អាចមិននៅក្នុងប្រទេសកម្ពុជាទេ ព្រោះជាភាសាបកប្រែ នៅតាមប្រព័ន្ធអនឡាញ (Online)។ ហើយការលួចយកលេខសំងាត់ នៃគណនីរបស់លោករបៀបនេះ អាចជាសកម្មភាពធម្មតា និងជារឿយៗ នៃមេរោគ ដែលចូលមកបង្កប់ខ្លួន នៅក្នុងម៉ាស៊ីនកំព្យូទ័ររបស់លោក។ ព្រោះបើសិនជា មាននរណាម្នាក់ (មិនមែនជាមេរោគ) ដែលមានបំណង ចង់រំខានលោក ឆាយ ធី ពិតប្រាកដនោះ ម្ចាស់គណនីនឹងមិនអាច វិលត្រឡប់ មកបើកគណនីខ្លួន ឡើងវិញបានឡើយ។
គួររំលឹកដែរថា លោក ឆាយ ធី ធ្លាប់រងការគម្រាមប្ដឹង ពីសំណាក់មន្ត្រីជាន់ខ្ពស់មួយចំនួន នៅក្នុងជួរដ្ឋាភិបាល នាពេលកន្លងមក ពាក់ព័ន្ធនឹងសំនុំរឿង ជនជាតិម៉ុងតាញ៉ា ដែលភៀសខ្លួន ចួលមកលាក់ខ្លួន ក្នុងព្រៃនៃខេត្តរតនគិរី។ យ៉ាងណាក៏ដោយ សម្រាប់លោក ឆាយ ធី វិញ មិនមានការបារម្ភអ្វីឡើយ ដោយសារតែ លោកមិនដែលបង្ហោះវីដេអូ ឬរូបអ្វីផ្សេង ក្រៅតែពីបញ្ហាដីធ្លី និងកិច្ចការងារមួយចំនួន ទាក់ទងនឹងសហគមន៍ បូករួមនឹងបញ្ហាសង្គមនានា តែប៉ុណ្ណោះ៕