​ច្បាប់ គ.ជ.ប៖ ត្រូវ​តម្រូវ​ចិត្ត CPP មុន​ពលរដ្ឋ និង​NGOs?

ប្រជាពលរដ្ឋ និងសង្គមស៊ីវិលមួយចំនួន បានសម្តែងការមិនពេញចិត្ត ប្រឆាំងនឹងច្បាប់ពីរ ទាក់ទងនឹងការបោះឆ្នោត ដែល​ត្រូវ​បាន​រដ្ឋសភា បោះ​ឆ្នោត​គាំទ្រ ១០០ភាគរយ ទាំងប្រញាប់ប្រញាល់ និងតក់ក្រហល់ ដោយបាន​ចាត់​ទុក​ច្បាប់​ទាំង​ពីរ ថា​បាន​កាត់​បន្ថយ​នូវ​សិទ្ធិ និងសេរីភាពរបស់ខ្លួន។ នៅចំពោះការរិះគន់ទាងនេះ មេដឹកនាំបក្សប្រឆាំង បានចេញមុខមកបកស្រាយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៩ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 21, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះការរិះគន់ របស់ពលរដ្ឋម្ចាស់ឆ្នោត និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន មេដឹកនាំគណបក្សប្រឆាំង បាន​ថ្លែងឡើង ក្នុងន័យជាការសុំទោស ដែលខ្លួន និងក្រុមខ្លួន បានលើកដៃគាំទ្រយ៉ាងតក់ក្រហល់ ទៅនឹងច្បាប់បោះឆ្នោតថ្មី នៅក្នុងសម័យប្រជុំ របស់រដ្ឋសភាជាតិ កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ។

ក្នុងវេទិការ នៃរដ្ឋសភា លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះ​ជាតិបានលើកឡើងថា លោកចង់ឲ្យរដ្ឋសភា ដាក់​ច្បាប់​នេះចូលទៅក្នុងការអនុម័ត​ជាបន្ទាន់ ដោយពុំចាំបាច់ពិភាក្សា និងសួរដេញដោលអ្វីឡើយ។ លោកបានយោង​មូល​ហេតុថា តំណាងរាស្រ្តនៃ​គណបក្ស​ទាំងពីរ បានជួបពីភាក្សាគ្នា ក្នុងគណកម្មការបច្ចេកទេស ជាងបីខែរមកហើយ ដែល​គ្រប់គ្រាន់ ក្នុងការដាក់​ច្បាប់​នេះ ឲ្យមានការអនុម័តភ្លាមៗបាន។ ចំពោះការចោទប្រកាន់ថា ច្បាប់នេះ ធ្វើឡើងដើម្បី បំពេញប្រយោជន៍ ឲ្យតែ​គណបក្សទាំងពីរ (គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ) នោះ ត្រូវបានលោក សម រង្ស៊ី បញ្ជាក់បន្ថែមថា «ច្បាប់នេះសម្រាប់ស្ថប័នជាតិទាំងមូល មិនមែនសម្រាប់គណបក្សនេះ ឬគណបក្សនោះ​ឡើយ។ អ្វីដែលចាំបាច់ គឺសម្រាប់និរន្តរភាព នៃការអនុវត្តរបស់គណបក្ស ក៏ដូចជាថ្នាក់ដឹកនាំគណបក្ស​ផ្សេងៗ​ទៀត។»

ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានមើលឃើញថា ច្បាប់ថ្មីនេះ មានភាពអាក្រក់ ជាងច្បាប់​ចាស់​ទៅ​ទៀត ព្រោះតែ​បានចែងពីការគំរាមកំហែង និងបំភិតបំភ័យ ដល់អង្គការសង្គមស៊ីវិល ដែលចូលរួមនៃដំណើរការ​បោះ​ឆ្នោត។ លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិ របស់អង្គការឃ្លាំមើល ការបោះឆ្នោត និងជាសមាជិកមួយរូប នៃសម្ព័ន្ធកំណែទម្រង់ ការ​បោះ​ឆ្នោត (ERA) បានថ្លែងកាលពីថ្ងៃទី១៨ ខែមីនានេះ ក្នុងសន្និសីទការសែតមួយថា៖ «គោលការណ៍ធម្មជាតិ ទឹក​ត្រូវ​ហូរពីលើចុះមកក្រោម។ ប៉ុន្តែផ្ទុយទៅវិញ បើសិនជាច្បាប់ហ្នឹង ធ្វើឲ្យទឹកហ្នឹងហូរបញ្ច្រាស ពីក្រោមទៅលើនោះ ជា​ការ​ផ្ទុយ​នឹងក្រឹត្យក្រមធម្មជាតិហើយ»។

សម្រាប់ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យ៉ង់ គឹមអេង បានយល់ថា ច្បាប់ទាំង​នេះ មិនទាន់បានដាក់ ឲ្យមានការពិភាក្សា និងដេញដោលបានពេញលេញ ប្រកបដោយតម្លាភាពឡើយ។ លោកបាន​ថ្លែង​ថា៖ «បញ្ញត្តិមួយចំនួន មានចំណុចអវិជ្ជមានខ្លាំង នឹងវាប៉ះពាល់ធ្ងន់ធ្ងរដែរ ទៅលើរដ្ឋធម្មនុញ្ញ។ (...) មានការ​ដក​សិទ្ធិ និងសេរីភាពរបស់សមាគម អង្គការសង្គមស៊ីវិល អ្នកសង្កេតការណ៍បោះឆ្នោត ក៏ដូចជាគណបក្សនយោបាយ ប្រកួត​ប្រជែង​នៅក្នុងការបោះឆ្នោត។»។

ឆ្លើយតប នឹងការលើកឡើងខាងលើ របស់អង្គការសង្គមស៊ីវិលនោះ លោក សម រង្ស៊ី បានថ្លែងត្អូញត្អែរ ពីការលំបាក របស់​ខ្លួនថា៖ «នេះជាការព្រមព្រៀងគ្នា ដែលមានការសម្បទានទៅវិញទៅមក។ ពីដើមទី បើយកតែគោលជំហរ គណបក្ស​​សង្គ្រោះជាតិ គឺយើងចង់បានល្អមួយរយភាគរយ ដូចទៅអ្វី ដែលសង្គមស៊ីវិលចង់បានអញ្ចឹង។ តែយើងមិន​អាច​សម្រេច​អ្វីទាំងស្រុង តែម្នាក់ឯងនោះទេ វាត្រូវមានការប្តូរគ្នា ទៅវិញទៅមក។ (…) យើងមិនពេញចិត្ត មួយរយ​ភាគ​រយទេ ការសម្បទាន …គ្មានភាគីណា ពេញចិត្តមួយរយភាគរយទេ។ បើភាគីណាមួយពេញចិត្ត មួយរយភាគរយ មាន​ន័យ​ថាភាគីមួយទៀត ចុះចាញ់មួយរយភាគរយ។ នេះអត់ទេ ត្រូវបោះ មួយជំហ៊ានម្នាក់ ទៅរកផ្លូវកណ្តាល ដែលភាគី​មួយ​បាន៥០ភាគរយ និងភាគីមួយទៀតបាន៥០ភាគរយ។ នេះជាដំណោះស្រាយ ដែលមានតុលយ្យភាព។»

ប្រធានគណបក្សប្រឆាំង ដ៏ល្បីឈ្មោះរូបនេះ បាននិយាយទៀតថា គណបក្សសង្គ្រោះជាតិ រង់ចាំឱកាសណាមួយ ក្នុង​ការកែលំអរ (ច្បាប់) ឲ្យកាន់តែល្អថែមទៀត។ លោកបានថ្លែងទៀតថា៖ «អ្វីដែលសង្គមស៊ីវិលមិនពេញចិត្ត យើងនឹង​ខិតខំដោះស្រាយ នៅពេលណាមានឱកាស អាស្រ័យលើកាលៈទេសៈ ដើម្បីធ្វើម៉េច ឲ្យកង្វល់របស់សង្គមស៊ីវិល ក៏ដូច​ជាប្រជាពលរដ្ឋខ្មែរមួយចំនួន វាសាបសូន្យទៅ។  (...) ស្ថានការណ៍នយោបាយបែបនេះ គឺយើងទទួលយកច្បាប់នេះ តែយើងនឹងរង់ចាំឱកាសណាមួយ នាពេលក្រោយ ក្នុងការកែលំអរ។»

សូមរំលឹកថា ក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ ច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ និងសេចក្តីព្រាងច្បាប់ស្តីការរៀបចំ ការប្រព្រឹត្តិទៅ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវ​បាន​ដាក់ឲ្យអនុម័ត កាលពីថ្ងៃទី១៩ ខែមីនា ហើយនឹងត្រូវ​ចូលជាធរមានភ្លាមៗ (ប្រកាសជាការប្រញាប់) បន្ទាប់ពី​បាន​ឡាយ​ព្រះហស្ថលេខា ដោយ​អង្គ​ព្រះ​មហាក្សត្រ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...