បុគ្គលិក​រោងចក្រ​ដែល​រង​គ្រោះ​នឹង​ទឹក​អាស៊ីត បាន​ស្លាប់​ហើយ!

ដំណឹងដ៏អនិច្ចា បានធ្លាក់មកដល់ ក្នុងរសៀលថ្ងៃសៅរ៍នេះ៖ យុវតីបុគ្គលិកសន្តិសុខរោងចក្រ​ ស៊ិនតាយ ដែលរងគ្រោះ ដោយ​ទឹក​អាស៊ីត បានទទួលមរណភាពហើយ។ ជាមរណភាព ដែលស្ថិតក្នុងមន្ទិល ខណៈស្ថានភាព របួសរបស់នាង មាន​លក្ខណៈ​នឹងនរ​ច្រើន​ជាង​មុន។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - យកការណ៍៖ ក. វិច្ចនី - បារីស ថ្ងៃទី ២១ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 21, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេល ដែលកំហឹងឆាបឆេះមួយឆាវ បានសម្លាប់ជីវិតមនុស្ស ទាំងបិទភ្នែកមិនជិត...

ដំណឹងដ៏សោកសៅ និងក្រៀមក្រំ បានធ្លាក់មកដល់ នៅរសៀលថ្ងៃសៅរ៍នេះ សម្រាប់ក្រុមគ្រួសារ របស់យុវតីរងគ្រោះ​នឹង​ទឹក​អាស៊ីត។ បន្ទាប់ពីស្ថិតក្រោមការព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យកាលម៉ែត្រ អស់រយៈពេល​១៥​ថ្ងៃ​កន្លងមក ស្ត្រីបុគ្គលិកសន្តិសុខ នៅរោងចក្រស៊ីនតាយ ទំនងជាបានប្រយុទ្ធយកឈ្នះ នឹងភាពចុកចាប់បំផុត នៅក្នុង​ជីវិតរបស់នាងបាន។ តែមច្ចុរាជមិនបានយល់ ពីការតស៊ូរបស់នាងឡើយ និងទីបំផុតទៅយុវតី មាស វ៉ាន់នី អាយុ ២០ឆ្នាំ បាន​ទទួល​មរណភាព នៅវេលាម៉ោង ២រសៀល ថ្ងៃទី ២១ ខែមីនាឆ្នាំ២០១៥ នេះ។

វិទ្យសម្លេងប្រជាធិបតេយ្យ (VOD)  បានស្រង់សម្ដីរបស់លោក សោភ័ណ្ឌ ឡារី សិល្បករសម្ដែងមួយរូប ដែលបានទៅ​ជួប​យុវតី និងបានជួបជាមួយប្អូនស្រី របស់យុវតី មាស វន្នី នៅមួយថ្ងៃមុន មកបញ្ជាក់ថា ក្រុម​គ្រូ​ពេទ្យ​​អះ​​អាង​ថា​ បាន​វះ​កាត់​ជន​រងគ្រោះ ​រួច​រាល់​អស់​ហើយ ហើយ​ស្ថាន​ភាព​ជំងឺ​ធម្មតា តែ​ស្ថិត​​នៅ​ក្រោម​ ការ​តាម​ដាន​​ជា​បន្ត​ទៀត។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិន​ទាន់​អាច​ទាក់​ទង​ក្រុម​គ្រួសារ​ និង​គ្រូ​ពេទ្យ ដើម្បីសាក​សួរ​ពី​បញ្ហា​នេះ​​ បាន​នៅ​ឡើយ​។​ ប៉ុន្តែប្រភព ពីអ្នកស្និតនឹងគ្រួសារជនរងគ្រោះ បានឲ្យដឹងថា សពនារីរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកកំណើត ក្នុងស្រុកក្រគរ ខេត្ត ពោធិ៍សាត់។

យុវតីរងគ្រោះ មាស វ៉ាន់នី ត្រូវបានស្ត្រីជាជនសង្ស័យ ស្រឿន នាន់ អាយុ ៣៨ឆ្នាំ ជះទឹកអាស៊ីតស្រោចពេញក្បាល មុខ នឹង​ដង​ខ្លួនមួយភាគធំ ខណៈនាងកំពុងធ្វើដំណើរ ទៅរោងចក្រកាលពីម៉ោង ៦ និង១០នាទីព្រឹកព្រលឹម ថ្ងៃទី៦ ខែមីនា ឆ្នាំ​២០១៥ នាមុខផ្សារកាណាស៊ីធី ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ នេះបើតាមអះអាង របស់ក្រុម​សមត្ថកិច្ច​នគរបាល ខណ្ឌពោធិ៍សែនជ័យ ដែលបានចាប់ខ្លួនជនសង្ស័យ នៅបន្តិចក្រោយ និងបានសង្ស័យថា នេះ​ជា​ករណី​ស្នេហាត្រីកោណ។

ប៉ុន្តែការសង្ស័យរបស់សមត្ថកិច្ច ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន យកមករាយការណ៍បន្ត ត្រូវបាន​បដិសេធ​ដោយបងប្រុស របស់ជនរងគ្រោះ។ កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៥កន្លងទៅនេះ បងប្រុសរូបនោះ បាន​ថ្លែង​ប្រាប់ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ប្អូនស្រីរបស់លោក មិនមាន​​ទំនាក់ទំនង​ស្នេហា ​ស្អិតរមួតអ្វី ជាមួយបុរស​ឈ្មោះ ជុន ធឿន ជាសន្តិសុខធ្វើការ នៅរោងចក្រ ស៊ិនតាយ ជាមួយគ្នា ដូចការដែល​គេ​និយាយ​តៗគ្នាឡើយ ពួកគេ​គ្រាន់​លេង​សើច រាប់អានគ្នាធម្មតាតែប៉ុណ្ណោះ។ លោកបានថ្លែងថា៖ «អត់ទេ គ្រាន់តែទំនាក់ទំនងគ្នា ធ្វើជាមិត្តភក្តិ បង​ប្អូន​អី​ហ្នឹងណា ហើយបុរសហ្នឹងមានប្រពន្ធកូនបី»។

បើតាមបងប្រុសដដែល បានអះអាងប្រាប់បន្ថែម ពីស្ថានភាពសុខភាពរបស់ប្អូនស្រីលោក នៅពេលនោះថា នាងអាច​ដើរបាន និងអង្គុយបានខ្លះៗហើយ។ ផ្ទៃមុខ និងដងខ្លួនរបស់នាង ត្រូវ​បាន​រលេះរលួយ ដោយសារតែ​ឥទ្ធិពលទឹក​អាស៊ីត។ តែអ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺភ្នែករបស់នាងម្ខាង ត្រូវ​បានពិការទាំងស្រុង និងភ្នែកម្ខាងទៀត មើល​ឃើញ តែ​មិន​សូវ​ច្បាស់៕

ចំពោះស្ត្រីសង្ស័យ ជាជនដៃដល់វិញ ត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី ១៩ ខែមីនា ដោយចោទប្រកាន់ពី «បទប៉ុនប៉ងមនុស្សឃាត»។ ប៉ុន្តែនៅពេល ដែលជនរងគ្រោះបានស្លាប់ បាត់បង់ជីវិតដូច្នេះ សួរថា តើតុលាការនឹងត្រូវផ្លាស់ប្ដូរ ការចោទប្រកាន់របស់ខ្លួន ទៅជាបទ«មនុស្សឃាត»ឬទេ?

» រូបភាពចុងក្រោយរបស់យុវតីរងគ្រោះ បន្ទាប់ពីវះកាត់រួច និងក្រោយពេលនាងស្លាប់៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...