ការស្លាប់របស់កុមារីចារ៉ាយ មានពាក់ព័ន្ធនឹងការរំលោភ និងគំនុំ?
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ៣០ មីនា ២០១៥
- កែប្រែចុងក្រោយ: April 01, 2015
- ប្រធានបទ: មរណភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការស្លាប់របស់កុមារីម្នាក់ ដែលជាជនជាតិ ចារ៉ាយ រស់នៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានធ្វើឲ្យអ្នកស្រុកនេះ ដាក់មន្ទិលសង្ស័យផ្សេងៗគ្នា។ អ្នកខ្លះយល់ថា អាចជាឃាតកម្មសំលាប់ ព្រោះរឿងគំនុំ រឺឯអ្នកខ្លះទៀតយល់ថា វាអាចជាការរំលោភរួចហើយ សំលាប់ចោល បោះចូលទៅក្នុងទឹកស្រះ ចំការម្រេច។ យ៉ាងណាក៏ដោយ ក៏សាច់ញាតិជនរងគ្រោះ និងជនជាតិដើមភាគតិច ចារ៉ាយ ស្រុកអូយ៉ាដាវ មួយចំនួនទៀត បានការប្រត្តិកម្ម ទៅនឹងម្ចាស់ចំការម្រេច ដោយហេតុថា បានជីកស្រះដើម្បីស្រោចម្រេច តែមិនធ្វើរបង ដែលនាំឲ្យក្មេងស្រី លង់ទឹកស្លាប់ដូច្នេះ។
ចំពោះការដាក់ការសង្ស័យ របស់ប្រជាពលរដ្ឋ ថាមានពាក់ព័ន្ធ នឹងការរំលោភ ឬឃាតកម្មព្រោះគំនុំនោះ ព្រោះតែអ្នកស្រុក បានឃើញនៅនឹងខ្នង របស់ក្មេងស្រីដែលលង់ទឹកនោះ មានជាប់ស្លាកស្នាមដាច់រលាត់ នៅត្រង់ស្មាមួយដុំធំ។ ស្លាកស្នាមនេះ ធ្វើឲ្យអ្នកស្រុកគិតថា មរណភាពនេះ មិនមែនជាការលង់ទឹក ដោយខ្លួនឯងនោះទេ។
បើទោះជាមានការលើកឡើងខុសគ្នា យ៉ាងដូច្នេះក្តី តែបើតាមការអះអាង របស់លោក ឆាយ ធី មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ( Adhoc ) ប្រចាំខេត្តរតនគិរី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា សមត្ថកិច្ចមិនទាន់ អាចសន្និដ្ឋានបានថា ករណីនេះជាឃាតកម្ម ឬយ៉ាងណានោះទេ ព្រោះកំពុងស្ថិតនៅក្នុង ដំណើរការស៊ើបអង្កេត របស់សមត្ថកិច្ចនៅឡើយ។ រឺឯក្រុមការងារ របស់សមាគមអាដហុកវិញ បានកំពុងនឹងតាមដាន ចំពោះករណីនេះដែរ ដើម្បីស្វែងរកការពិត ជូនប្រជាពលរដ្ឋនៅតំបន់នោះ។ លោក ឆាយ ធី បានថ្លែងថា លោក សេវ ទាំ និងអ្នកស្រី សល់ ក្រឹម ត្រូវជាឪពុកម្តាយរបស់សាកសព បានប្រាប់លោក និងអាជ្ញាធរថា ពួកគេទាំងពីរ មិនធ្លាប់មានជំលោះ ជាមួយនឹងអ្នកណានោះទេ ពីមុនមក។
លោកបញ្ជាក់ថាកុមារី សល់ សុខា មានអាយុ ១២ ឆ្នាំបានបាត់ខ្លួន តាំងពីល្ងាចថ្ងៃទី ២៨ ខែមីនាមកម្លេះ ដោយមិនមានដំណឹង ហើយស្ត្រីជាម្តាយ បានស្វែងរកស្ទើគ្រប់កន្លែង ប៉ុន្តែមិនបានឃើញ រហូតដល់ព្រឹកថ្ងៃទី ២៩ ខែមីនាវេលាម៉ោង ១១:០០ ទើបគេប្រទះឃើញ សាកសពកុមារីនេះ អណ្តែតនៅក្នុងស្រះទឹក ចំការម្រេច នៅជិតផ្ទះដែរនោះ។ សាកសពជនរងគ្រោះ ត្រូវបានគេស្រង់ឡើង មកលើគោក ទាំងមានស្នាមដាច់រលាត់ នៅខាងក្រោយស្មារមួយដុំធំ។
បើទោះជាយ៉ាងណាក៍ដោយ ជនជាតិដើមភាគតិច នៅតែមានការខឹង នឹងម្ចាស់ចំការម្រេច ដែលបានជីកស្រះទឹក ដោយមិនមានព័ន្ធរបង ទើបធ្វើឲ្យក្មេងត្រូវលង់ដូច្នេះ។ ម្ចាស់ចំការម្រេច ឈ្មោះ ពេទ្យ សៀត បានទទួលការស្តីបន្ទោស របស់អ្នកស្រុកទាំងនោះ តែបានបកស្រាយថា ខ្លួនមិនទាន់បានព័ទ្ធរបងស្រះទឹក ដោយហេតុថា ស្រះទើបនឹងជីកហើយថ្មីៗ។ ម្ចាស់ស្រះរូបនេះ បានចូលជាបច្ច័យ ក្នុងពិធីបុណ្យសព ២០០ដុល្លា ដើម្បីចូលរួមរំលែកទុក្ខ និងចាត់ចែង ធ្វើពិធីបុណ្យ។
សាកសពត្រូវបានគេរៀបចំធ្វើបុណ្យ ដូចជនជាតិខ្មែរទូទៅ និងមានការកាប់ក្របីផឹកស្រា ទៅតាមទំនៀមទំលាប់ របស់ជនជាតិភាគតិចចារ៉ាយ។
គួបញ្ជាក់ថា ម្ចាស់ចំការម្រេចនោះ មិនមែនជាអ្នកស្រុក អូយ៉ាដាវ នោះទេ គាត់គ្រាន់តែជាអ្នកចំណាកស្រុក ដែលទើបតែទៅនៅទីនោះ និងធ្វើស្រែចំការនៅទីនោះប៉ុណ្ណោះ។ ហើយចំការរបស់គាត់ នៅមិនឆ្ងាយពីផ្ទះ របស់ក្មេងស្រីដែលលង់ទឹកនោះទេ។ កន្លងមក ជនជាតិដើមភាគតិច រស់នៅដោយអាស្រ័យនឹងធម្មជាតិ មិនធ្លាប់មានការជីកស្រះ ឬត្រពាំងឡើយ ពោលគឺទើបតែមានស្រះទឹក របស់ម្ចាស់ចំការម្រេចនេះមួយគត់៕