«ជន​រង​គ្រោះ​ថ្ងៃ​៣០​មីនា នឹងគ្មាន​យុត្តិធម៌ បើ​តុលាការ​មិន​ឯករាជ្យ»

តុលាការមិនឯករាជ្យ ទើបសំនុំរឿង បោកគ្រាប់បែក នៅមុខអតីតរដ្ឋសភា មិនត្រូវបានបំបែកបាន ហើយថែមទាំង បិទ​សំនុំ​រឿង​នេះ​ចោល សូម្បី​ជន​ដៃ​ដល់ ក៏​ចាប់​មិន​បាន។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣០ មីនា ២០១៥
  • កែប្រែចុងក្រោយ: April 01, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងពិធីរំលឹកខួប លើកទី១៨ នៃការបោកគ្រាប់បែក នៅមុខអតីតរដ្ឋសភា លើសួនច្បារមុខវត្តបទុមវតី កាលពីព្រឹក ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ២០១៥ លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់សាច់ញាតិ អ្នកដែល​ស្លាប់ និង​ជនរងគ្រោះ ដែលបានរងរបួសថា លោកនឹងព្យាយាម ស្វែងរកយុត្តិធម៌ ដល់អ្នកស្លាប់ និងរបួស ដែល​មិន​មាន​កំហុស​ទាំង​នោះ មិនឲ្យស្លាប់ និងរបួសដោយឥតអាសារ ដូច្នេះឡើយ។

នៅចំពោះមុខព្រះសង្ឃ ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិ ប្រហែលជាង២០០នាក់ លោក កឹម សុខា បានសន្យាជាថ្មីថា នឹងស្វែងរកយុត្តិធម៌ ដោយសន្តិវិធី និងអហិង្សា តាមរយៈការជម្រុញ ឲ្យរដ្ឋាភិបាលបន្តស្វែងរក ចាប់ជនដៃដល់ពិតប្រាកដ ដែលបានបោកគ្រាប់បែក សម្លាប់ជនស្លូតត្រង់ ក្នុងហ្វូងបាតុកម្ម ដែលដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧កន្លងមក។

យ៉ាងណាសម្រាប់ លោក កឹម សុខា ផ្ទាល់ ក៏បានបង្ហាញថា ភាពអយុត្តិធម៌នឹងបន្តនៅមាន បើតុលាការកម្ពុជា ត្រូវបាន​គេមើលឃើញថា មានភាពមិនឯករាជ្យនោះ។ ជាមួយគ្នានេះ លោកនឹងស្នើសុំ ឲ្យមានការធ្វើវិសោធនកម្មច្បាប់ ចំនួនបី ដែលទើបនឹងចេញពេលថ្មីៗនេះ ពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ។ លោក បានថ្លែងឡើងថា៖ «ច្បាប់ទាំងបី ដែលទើបតែ​អនុម័តថ្មីៗនេះ មិនអាចឲ្យតុលាការឯករាជ្យបានទេ។ (…) យើងជជែកគ្នា ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីកែ​ទម្រង់ (ច្បាប់ទាំងបី)។ ច្បាប់ទាំងបីនោះ ជាគ្រឹះដែលអាចបង្ហាញថា តើតុលាការកំពុងឈាន ទៅរកភាពឯករាជ្យ ឬមិន​ឯករាជ្យ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យនៃរដ្ឋាភិបាលបានឡើយ។ ឯអ្នកនាំពាក្យក្រសួង​មហាផ្ទៃ ក៏មិនអាចទាក់ទង ដើម្បីសុំប្រតិកម្មតប ចំពោះករណីខាងលើបានដែរ។

យ៉ាងណាក៏ដោយ ក៏កម្មវិថីមួយនេះ បានប្រព្រឹត្តទៅដោយរលូន មិនមានការរារាំង ឬរំខាន ពីសំណាក់អាជ្ញាធរ​មូលដ្ឋាន​នោះទេ។ ថ្មីៗនេះ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យមានពិធីនេះឡើង តែមិន​ឲ្យ​មានការហែរក្បួន និងអ្នកចូលរួម មិនលើសពី ២០០នាក់ ឡើយ ជាពិសេស មិនឲ្យការយកពិធីនេះ ធ្វើការវាយប្រហារ (ដោយពាក្យសំដី) មកលើរដ្ឋាភិបាលឡើយ។

សូមបញ្ជាក់ដែរថា ក្រោយព្រឹត្តិការណ៍ បោកគ្រាប់បែក ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧នេះ អង្គការឃ្លាំ​មើលសិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចាត់ទុក ការវាយប្រហារនោះ ថាជាចេតនារបស់រដ្ឋាភិបាល ក្នុង​ការកម្ទេចអ្នកនយោបាយប្រឆាំង នៅកម្ពុជា ដែលដឹកនាំដោយ លោក សម រង្ស៊ី នាពេលនោះ។ តាមការចុះផ្សាយ របស់​វិទ្យុអាស៊ីសេរី បានស្រង់ការអះអាង របស់អង្គការនេះ មកបញ្ជាក់ថា «ការវាយប្រហារនេះ អាចពាក់ព័ន្ធ នឹងកងអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (…) មកទល់ពេលនេះ ជនប្រព្រឹត្តិ មិនត្រូវបានគេចាប់ខ្លួន មកផ្ដន្ទាទោស​ឡើយ។»

សូមរំលឹកថា ព្រឹត្តិការណ៍នៃការបោកគ្រាប់បែក កាលពី១៨ ឆ្នាំ មុននោះ បានបង្កឲ្យមានមនុស្សស្លាប់ ចំនួន១៦ នាក់ និង​ជាង១៥០ នាក់ផ្សេងទៀត រងរបួស។ អ្នកដែលបានស្លាប់ និងរបួស ក្នុងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក ថ្ងៃទី៣០ ខែមីនា ឆ្នាំ​១៩៩៧ មកទល់ឆ្នាំ២០១៥នេះ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...