ជំនួបប្រធានក្រុមតំណាងរាស្រ្តថ្ងៃនេះ ដើម្បីជួបគ្នាលើកក្រោយ! (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៩ មករា ២០១៥
- កែប្រែចុងក្រោយ: January 29, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយជំនួបនាវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែមករានេះ ប្រធានក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានផ្តល់កិច្ចសម្ភាសរួមគ្នា ទៅកាន់អ្នកសារព័ត៌មាន ដោយផ្តោតសំខាន់លើការយកចិត្តទុកដាក់ ទៅដល់រាស្រ្ត និងជាតិ ពិសេសរក្សានូវវប្បធម៌សន្ទានា រវាងគណបក្សទាំងពីរបន្តទៅមុខ។
លោក សម រង្ស៊ី ប្រធានតំណាងរាស្រ្តមតិភាគតិច ដែលរដ្ឋសភាជាតិទើបទទួលស្គាល់លោកក្នុងតំណែងនេះ បានលើកឡើងថា នេះជាទម្លាប់មួយដែលត្រូវបានបង្កើតឡើង ដោយគណបក្សទាំងពីរ ក្នុងការឆ្លុះបញ្ចាំង និងលើកកំពស់វប្បធម៌សន្ទនា ដែលជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។
ប្រធានគណបក្សសង្គ្រោះជាតិ បានបន្តថា៖ «ការអនុវត្តទាំងពាក្យពេជ្រ ការអនុវត្តទាំងស្មារតី ដើម្បីឆ្លុះបញ្ចាំងវប្បធម៌សន្ទនា។ (…) ទោះជាគណបក្សប្រកួតគ្នា ក៏ដើម្បីផលប្រយោជន៍ប្រទេសជាតិ ដើម្បីសុខសន្តិភាព ដើម្បីស្ថេរភាព ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរមានការកក់ក្តៅ។ ទោះគណបក្សណាឈ្នោះឆ្នោតលើកក្រោយ ក៏ខ្មែរបានសុខ ព្រោះគណបក្ស (ទាំងពីរ) បានស្រុះស្រួលគ្នា តាមរយៈការនិយាយ ការជជែក គោរពគ្នាទៅវិញទៅមក ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី។ (…) មានវប្បធម៌សន្ទនា ទើបលទ្ធិប្រជាធិបតេយ្យអាចលូតលាស់ រើកចម្រើន និងរស់រវើកទៅបាន។»
សម្រាប់លោក ស ខេង ប្រធានតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាវិញ បានឯកភាពតាមការលើកឡើងរបស់លោក សម រង្ស៊ី ខាងលើ។ លោកបន្តថា នេះគ្រាន់តែជំហានដំបូង ក្នុងការរួមគ្នាសាកល្បង ដោយមិនទាន់បានដាក់ចេញនូវរបៀបវារៈណាមួយជាក់លាក់ទេ។ លោកបន្តថា ការជួបគ្នាលើកនេះ ក៏ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការស្វែងករការជួបគ្នា និងក៏ដើម្បីកំណត់ពេលវេលាជាក់លាក់ ដើម្បីបន្តជួបគ្នាពេលក្រោយៗទៀត។
ឧបនាយករដ្ឋមន្ត្រីរូបនេះ បានបន្តថា៖ «យើងខំអនុវត្តនូវកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ និងការព្រមព្រៀងដទៃទៀតជាបន្តបន្ទាប់ ក្នុងការរួមសហការគ្នាបំពេញការងារ។ (…) យើងកំពុងពិចារណាលើបញ្ហាទាំងអស់នោះ។ (…) ខ្លឹមសារសំខាន់ គឺការលើគោលការណ៍សហការគ្នា ដើម្បីរួមគ្នាបំរើប្រជាពលរដ្ឋ តាមរយៈវប្បធម៌សន្ទនា។ យើងអាចនឹងត្រួតពិនិត្យលើសកម្មភាពរបស់គណបក្សទាំងពីរ ក្នុងពេលកន្លងមក និងតទៅមុខ ថាតើស្ថិតនៅក្នុងក្របខណ្ឌ នៃកិច្ចព្រមព្រៀងគ្នាថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៤ ឬមួយនៅក្រៅ? (…) យើងនឹងធ្វើការតម្រង់ទិសមកវិញ។»
ចំពោះសំនួរដែលបានចោទដោយអ្នកសារព័ត៌មាន ពាក់ព័ន្ធនិងការលើកឡើងថា មានការរំលោភកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដោយគណបក្សប្រជាជនកម្ពុជា តាមរយៈការចាប់សកម្មជនដីធ្លី និងសកម្មជនគណបក្សនយោបាយនោះ ទាំងលោក ស ខេង និងលោក សម រង្ស៊ី មិនបានធ្វើការបកស្រាយឡើយ ដោយលោកគ្រាន់តែបញ្ជាក់ថា លោក និងលោក សម រង្ស៊ី មិនទាន់បានជជែកបញ្ហាអ្វី ក្រៅពីការកំណត់ពេលវេលា និងរបៀបវារៈនៃជំនួបលើកក្រោយទៀត នោះឡើយ៕
សូមទស្សនាកិច្ចសម្ភាសទាំងស្រុងជាមយយអ្នកសារព័ត៌មានដូចខាងក្រោមៈ
(វីដេអូ នឹងមកដល់បន្តិចទៀត)