ស្រ្តីខ្មែរ២រូប ជួយកម្ពុជា ឲ្យកាន់តែល្បីក្នុងឆាកអន្តរជាតិ
- ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) - ភ្នំពេញ ថ្ងៃទី១៩ មីនា ២០១៥
- កែប្រែចុងក្រោយ: March 21, 2015
- ប្រធានបទ: វីរៈភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សមត្ថភាពពិតប្រាកដ របស់កីឡាការិនី ស៊ន សៀវម៉ី និងអ្នកគ្រូ នាង ផល្លា បានធ្វើឱ្យអន្តរជាតិ ដែលពីមុនធ្លាប់គិត ថាប្រទេសកម្ពុជា ជាប្រទេសទន់ខ្សោយ មានការភ្ញាក់ផ្អើល។ ភ្ញាក់ផ្អើល ដោយសារតែអ្នកទាំងពីរ បានធ្វើឱ្យពិភពលោកដឹងថា កម្ពុជា មានសម្បូរទៅដោយ អ្នកមានទេពកោសល្យ មិនខ្វះឡើយ។
ព្រឹត្តិការណ៍កីឡាថ្នាក់អាស៊ី ដ៏ភ្ញាក់ផ្អើល ដែលកម្ពុជាបានខកខាន មិនទទួលបានមេដាយមាស អស់រយៈពេល ជាង៤០ឆ្នាំ មកហើយនោះ តែកាលពីខែតុលា ឆ្នាំ២០១៤ កន្លងមក នៅក្នុងការជួបប្រកួត កីឡាអាស៊ីលើកទី១៧ ដែលរៀបចំឡើង នៅប្រទេស កូរ៉េខាងត្បូង កញ្ញា ស៊ន សៀវម៉ី បានធ្វើឱ្យកម្ពុជា ងើបមុខឡើងវិញ ដោយដណ្ដើមបាន មេដាយមាស ខាងវិញ្ញាសារ តៃខ្វាន់ដូ ពីក្នុងចំណោមប្រទេសចំនួន៤៥។
ជ័យជម្នះ របស់ ស៊ន សៀវម៉ី បាននាំឱ្យកម្ពុជា ទទួលឡើង មកកាន់ចំណាត់ថ្នាក់ ទី២៧ ពីក្នុងចំណោម ៤៥ ប្រទេសផ្សេងទៀត សម្រាប់ព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ។ កញ្ញា ស៊ន សៀវម៉ី ត្រូវបានប្រជាពលរដ្ឋខ្មែរ ប្រសិទ្ធនាមឈ្មោះឱ្យថា ជាវីរៈនារី ដែលធ្វើឱ្យកម្ពុជា ល្បីលើឆាកអន្តរជាតិ និងជាវិរនារីខ្មែរដែលអាចធ្វើឱ្យ ទង់ជាតិរបស់កម្ពុជា ត្រូវបង្ហូតឡើងយ៉ាងឱឡារិក។
ចំណែកឯអ្នកគ្រូ នាង ផល្លា វិញ ក៏ធ្វើកេរ្តិ៍ឈ្មោះកម្ពុជា ល្បាញល្បី មិនចាញ់កីឡាការិនី ស៊ន សៀវម៉ី ខាងលើនេះដែរ។ អ្នកគ្រូបានធ្វើឱ្យទង់ជាតិ របស់ប្រទេសកម្ពុជា ឈរបង្អួតរាងយ៉ាងសង្ហា នៅវេទិកាដ៏ប្រណីត នាទីក្រុងឌូប៉ៃ ដែលបានបង្ហាញដល់ពិភពលោក ប្រព័ន្ធអប់រំនៅកម្ពុជា មិនអន់ជាប្រទេសដ៏ទៃនោះទេ។ ក្នុងចំណោមគ្រូឆ្នើម ជាង៥០០០នាក់ មកពី ១២៧ប្រទេស លើពិភពលោក ដែលបានប្រកួតប្រជែង យកតំណែងគ្រូបង្រៀនឆ្នើម អ្នកគ្រូ នាង ផល្លា គឺជាបេក្ខជនមួយ ក្នុងចំណោមបេក្ខជន ១០ រូបចុងក្រោយ ដើម្បីទទួលយករង្វាន់ធំ មានតម្លៃស្មើនឹង ១លានដុល្លារ។
ទោះបីជាអ្នកគ្រូ មិនបានទទួលពានរង្វាន់ ជាគ្រូបង្រៀនឆ្នើម ពិភពលោក ប្រចាំឆ្នាំនេះក៏ដោយ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់អ្នកគ្រូ បានល្បីសុះសាយ ទាំងក្នុង និងក្រៅប្រទេស ហើយក៏ជាមោនភាពមួយ របស់កម្ពុជាដែរ។ អ្នកគ្រូ ផល្លា ខ្លួនឯង បានថ្លែងយ៉ាងមានមោទនភាពថា មិនត្រឹមតែពលរដ្ឋខ្មែរទេ ដែលបានស្គាល់ និងគាំទ្រអ្នកគ្រូនោះ តែអ្នកដែលមានវត្តមាន នៅក្នុងវេទិកា ប្រកាសជ័យលាភី នៅក្រុងឌូបៃ ដែលមានជាង ៨ពាន់នាក់ បានស្គាល់ស្គាល់ភ្លាម ថាអ្នកគ្រូ ជាស្ត្រីដ៏អស្ចារ្យមួយរូប មកពីប្រទេសកម្ពុជា។
អ្នកគ្រូ នាង ផល្លា បានបូជាកម្លាំងកាយចិត្ត រយៈពេលប្រមាណជា ២០ឆ្នាំ មកហើយ ដើម្បីផ្តល់ចំណេះវិជ្ជា សម្រាប់កុមារពិការភ្នែក និង គ-ថ្លង់ ហើយបានប្រែក្លាយ ពីគ្រូបង្រៀនម្នាក់ ដែលមិនសូវមានអ្នកស្គាល់ ទៅជាគ្រូបង្រៀន មានការគាំទ្រ ដ៏ច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីសកម្មភាព ប្រកបដោយការអត់ធ្មត់ និង ឆន្ទៈមុះមុត របស់អ្នកគ្រូ ត្រូវបានផ្សព្វផ្សាយ ទូទាំងពិភពលោក តាមរយៈកម្មវិធី គ្រូឆ្នើមពិភពលោក (Global Teacher Prize)។ អ្នកគ្រូ ផល្លា គឺជាគ្រូបង្រៀនដំបូង ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានពាំនាំភាសា គ-ថ្លង់ មកស្រោចស្រង់ជនពិការកម្ពុជា។
ប្រាកដហើយថា ការនាំកេរ្ដិ៍ឈ្មោះ មកឲ្យមាតុភូមិកំណើតរបស់ខ្លួន មិនមែនមានតែវរៈនារីទាំងពីររូបនេះទេ បើទោះជាយើងបានជ្រើសរើស យកមកនិយាយ តែក្នុងមួយរយៈពេល ចុងក្រោយនេះក៏ដោយ។ ប៉ុន្តែកុលបុត្រកុលធីតាខ្មែរគ្រប់រូប នរណាៗក៏ទំនងជា មិនចង់ឲ្យខកខាន ក្នុងការនាំកិត្តិយស មកឲ្យប្រទេសជាតិ របស់ខ្លួនមួយនេះដែរ ដែលផ្ទុយគ្នាស្រឡះ ពីកេរ្ត៍ឈ្មោះដ៏អាសោធ ដែលក្រុមអ្នកដឹកនាំខ្មែរ បានបង្កើតឡើង តាមរយៈសង្គ្រាមរាំងជល់ ដ៏ល្ងង់ខ្លៅ បូករួមទាំងរបបប្រល័យពូជសាសន៍ សម្លាប់ជាតិឯងយ៉ាងរង្គាល ក្នុងពេលកន្លងមក។
យ៉ាងណា បើសិនជាកញ្ញា ស៊ន សៀវម៉ី និងអ្នកគ្រូ នាង ផល្លា បានសាងឈ្មោះឲ្យកម្ពុជា នៅលើវិស័យកីឡា និងការអប់រំនោះពិតមែនក៏ដោយ ក៏សម្រាប់វិស័យផ្សេងៗ ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស ការបំផ្លាញធនធានធម្មជាតិ ។ល។ សុទ្ធតែបានធ្វើឲ្យពិភពលោក ស្គាល់កម្ពុជា យ៉ាងច្បាស់ដូចគ្នាដែរ៕