វិបត្តិ​នយោបាយ​កម្ពុជា​នឹង​ត្រូវ​ដោះស្រាយ ក្រោយ​ជំនួប​កំពូល​ទី​បី?

នៅវិមានព្រឹទ្ធសភា ជំនួបលើកទីពីររវាងថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានផ្តើមកិច្ចចចារជាថ្មី ក្រោយការជាប់គាំងនយោបាយ អស់រយៈពេលជិតមួយឆ្នាំមកនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២២ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅវិមានព្រឹទ្ធសភា ជំនួបលើកទីពីររវាងថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានផ្តើមកិច្ចចចារជាថ្មី ក្រោយការជាប់គាំងនយោបាយ អស់រយៈពេលជិតមួយឆ្នាំមកនេះ។


លោក ហ៊ុន សែន (ខាងឆ្វេង) ចូលទៅចាប់ដៃលោក សម រង្ស៊ី នៅមុនកិច្ចប្រជុំចាប់ផ្ដើម។ (រូបថត ផ្តិតពីវីដេអូ)

នយោបាយ - ជំនួបកំពូលនាព្រឹកម៉ោង ៩ ថ្ងៃទី២២ ខែកក្កដានេះ ជាការស្វែងរកដំណោះស្រាយ និងទម្លាយភាព​ទាល់ច្រកនយោបាយនៅកម្ពុជា ជិតមួយឆ្នាំមកហើយ។ តែអ្វីដែលជាចំណាប់អារម្ភណ៍នោះ ក្រៅពីភាគី​តំណាង​គណបក្ស​នយោបាយទាំងពីរ មិនឃើញថាអង្គព្រះមហាក្សត្រជាអាជ្ញាកណ្តាលឡើយ ហើយក៏គ្មានវត្តមាន​ចូល​រួម​ពីបណ្តាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនោះដែរ។

ដោយកិច្ចប្រជុំនេះ ធ្វើឡើងដោយអសាធារណៈ(ប្រជុំបិទទ្វា) វត្តមានអ្នកសារព័ត៌មានអាចត្រឹមតែផ្តិតយករូបភាព និងវីដេអូ ត្រឹមរយៈពេលត្រឹមតែបីនាទីប៉ុណ្ណោះ មុនចាប់ផ្តើមបើកកិច្ចពិភាក្សារវាងគណបក្សទាំងពីរនោះ។ ហើយ​ទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ត្រូវរង់ចាំនៅខាងក្រៅផ្នែកខាងក្រោមនៃសាលប្រជុំ ដោយរង់ចាំទទួល​លទ្ធផលនៃកិច្ចចចារនេះ តាមរយៈការធ្វើសន្និសិទសារព័ត៌មាន បន្ទាប់ពីកិច្ចចរចារត្រូវបានបញ្ចប់នាពេលខាងមុខ។

សូមរំលឹកថា នេះជាជំនួបកំពូលនៃថ្នាក់ដឹកនាំគណបក្សទាំងពីរជាលើកទី«បី»ហើយ ក្នុងការស្វែងរក​ដំណោះ​ស្រាយ​នយោបាយកម្ពុជានោះ។ ជំនួបប្រជុំលើកទីមួយ ធ្វើនៅព្រះបរមរាជវាំងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ ក្រោម​ព្រះរាជអធិបតី នៃអង្គព្រះមហាក្សត្រនៃព្រះរាជជាណាចក្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី ។ ជំនួបនេះរយៈពេល​ប្រមាណ​ត្រឹមតែ១០នាទីប៉ុណ្ណោះ ហើយមេដឹកនាំនៃគណបក្សទាំងពីរ បានឡើងរថយន្ដចេញមកវិញ ដោយមិនបាន​និយាយអ្វីដល់អ្នកសារព័ត៌មានឡើយ។ រីឯជំនួបលើក«ទីពីរ» នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង៩ព្រឹក នៅ​មន្ទីររដ្ឋសភាជាតិ ប៉ុន្តែបានទទួលបរាជ័យភ្លាមៗ។

គួបញ្ជាក់ដែរថា ក្រៅពីជំនួបដោយផ្ទាល់នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានគណបក្ស​សង្គ្រោះ​ជាតិ សម រង្ស៊ី  ក៏ធ្លាប់បានឆ្លើយឆ្លងគ្នាតាមទូរស័ព្ទ ក្នុងរយៈពេល៤៥នាទី កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ វេលា​ម៉ោង ១១ព្រឹក។ កិច្ចសន្ទានានាពេលនោះ បានផ្តោតសំខាន់លើ កំណែទម្រង់គណៈកម្មាធិការជាតិ​រៀបចំការ​បោះ​ឆ្នោត (គ.ជ.ប) កំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ ពិសេសកំណត់ពេលនៃការបោះឆ្នោតឡើងវិញ ទាំងការបោះឆ្នោតជាតិ និងក្រុមប្រឹក្សាឃុំសង្កាត់។

កិច្ចប្រជុំលើកទីបី នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងវិមានរដ្ឋចំការមន នៃវិមានព្រឹទ្ធសភានេះ ផ្តោតសំខាន់ នៅ​បញ្ហានានា ដែលនាំឲ្យមានភាពជាប់គាំងនយោបាយគ្រាកន្លងមក។ ក្រៅពីបញ្ហារំដោះការជាប់គាំងនយោបាយនេះ កិច្ចចចារក៏ផ្តោយយកចិត្តទុកដាក់ លើការកំណត់នូវសមាសភាពរបស់ គ.ជ.ប ដែលត្រូវធ្វើឲ្យស្ថាប័នមួយនេះ មាន​ឯករាជ្យភាពពិតប្រាកដ។

តាមកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក រស់ សួរ មន្រ្តីច្បាប់ជាន់ខ្ពស់គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់ថា លទ្ធផលដែលរំពឹងទុក យ៉ាងហោចណាស់៧០ភាគរយដែលត្រូវគ្នា។ លោកបានបន្ថែមថា ក្នុងនោះ​ផ្តោត​សំខាន់ជាបឋម ទៅលើការរៀបចំសមាសភាព គ.ជ.ប ប្រាំបួនរូប ដែលស្មើនឹង ៤ បូក ៤ បូក ១។ «សមាសភាព​នោះ ត្រូវយកចេញពីគណបក្សប្រជាជនកម្ពុជាបួនរូប យកពីគណបក្សសង្គ្រោះជាតិបួនរូប និងយកពីខាងសង្គម​ស៊ីវិល​មួយរូប។ សរុបទាំងអស់ប្រាំបួនរូប ដែលអាចនាំឲ្យគ.ជ.ប នោះមានលំនឹង និងឯករាជ្យបាន។»

សមាសភាពចូលរូម នៃកិច្ចប្រជុំកំពូលលើកទីបីនេះ ខាងគណបក្សប្រជាជនកម្ពុជា៨នាក់ រួមមានលោក ហ៊ុន សែន, លោក សាយ ឈុំ និងលោក ស ខេង។ ព្រមទាំងជំនួយការ៥រូបទៀត មានលោក ប្រាក់ សុខុន, លោក ព្រុំ សុខា, លោក សោម សឿន, លោក សក់ សេដ្ឋា និងលោក កើត រឹទ្ធ។ ឯខាងគណបក្សសង្គ្រោះជាតិមាន៨រូបដែរ រួម​មាន​ លោក សម រង្ស៊ី, លោក កឹម សុខា និងលោក ប៉ុល ហំម។ និងជំនួយការបក្សមានលោក យឹម សុវណ្ណ, លោក យ៉ែម បុញ្ញឫទ្ធិ, លោក សុន ឆ័យ, លោក គួយ ប៊ុនរឿន និងលោក អេង ឆៃអ៊ាង។

ក្រោយពីការវិលចូលតុចរចាសាជាថ្មី នៃថ្នាក់ដឹកនាំកំពូលគណបក្សធំៗទាំងពីរ ក្រៅពីជំនួបកំពូលនេះ នៅមាន​ជំនួប​ផ្នែកបច្ចេកទេសជាច្រើនទៀត។ ដោយអនុវត្តតាមការព្រមព្រៀង នៃថ្នាក់ដឹកនាំកំពូលទាំងពីកាលពីថ្ងៃទី៩ ខែមេសា កន្លងមក គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានសម្រេចព្រមព្រៀងបញ្ជូន​សមាសភាពម្ខាង​៨រូប ដើម្បីជួបប្រជុំ ជជែក ពិភាក្សាគ្នាបញ្ចប់ភាពជាប់គាំងនយោបាយ នីតិកាលទី៥នេះ។ ជំនួបនេះ ក៏បានធ្វើឡើង​ស្រប​ពេលដែលតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ចំនួនប្រាំពីររូប ត្រូវបានចោទប្រកាន់ ចាប់និងឃុំខ្លួន​ដោយអំណាច​តុលាការកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...