ចក្រភពអង់គ្លេសបន្ទោសកម្ពុជាធ្ងន់ៗ ថាមិនដែលខ្វល់ពីលទ្ធិប្រជាធិបតេយ្យ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ កក្កដា ២០១៨
- កែប្រែចុងក្រោយ: August 01, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនចាំបាច់និយាយ ពីភាពស្របច្បាប់ នៃការបោះឆ្នោតជាតិ កាលពីថ្ងៃអាទិត្យកន្លងមកនេះទេ បន្ទាប់ពីគណបក្សប្រឆាំងដ៏សំខាន់ ត្រូវបានរំលាយ កាលពីខែវិច្ឆិកាកន្លងមក ខណៈអាជ្ញាធរកម្ពុជា ខ្លួនឯងមិនដែលអើពើ ពីលទ្ធិប្រជាធិបតេយ្យពហុបក្ស អ្វីផងនោះ។ នេះ ជាការបញ្ជាក់ ដោយប្រើពាក្យពេជន៍ «ធ្ងន់ៗ» របស់ចក្រភពអង់គ្លេស ដែលធ្វើឡើង តាមរយៈលោក ម៉ាក ហ្វៀល (Mark Field) រដ្ឋមន្ត្រីទទួលបន្ទុកតំបន់អាស៊ីន និងប៉ាស៊ីភិក។
សេចក្ដីថ្លែងការណ៍របស់លោក ម៉ាក ហ្វៀល ដែលបានចេញផ្សាយ នៅថ្ងៃអង្គារ ទី៣១ ខែកក្កដានេះ បានអះអាងថា ការបោះឆ្នោតជាតិកម្ពុជា បានរងការខូចខាត ក្រោមស្នាដៃរបស់អាជ្ញាធរ តាំងពីមុនពេលយុទ្ធនាការឃោសនាបោះឆ្នោត ចាប់ផ្តើមម្លេះ និងបាននាំទៅដល់ការបោះឆ្នោត ដែលគ្មានយុត្តិធម៌ និងគួរឱ្យទុកចិត្តបាន។
លោកថា៖ «សក្តានុពលសម្រាប់ការបោះឆ្នោតមួយ ដែលមានភាពស្របច្បាប់ សេរី និងយុត្តិធម៌នោះ ត្រូវបានរាំងខ្ទប់រួចស្រេចហើយ បន្ទាប់គណបក្សប្រឆាំងដ៏សំខាន់ គឺគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ នេះជាការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧ ដែលមានលក្ខណៈបើកចំហរជាង»។
រដ្ឋមន្ត្រីរបស់ចក្រភព ទំនងជាមិនចង់ប្រើសំដីការទូត នៅក្នុងការថ្លែងរបស់លោក ទៅកាន់របបក្រុងភ្នំពេញទៀតទេ។ លោកបានបន្ទោសរដ្ឋាភិបាលលោក ហ៊ុន សែន ដោយពាក្យពេជន៍ធ្ងន់ៗ និងត្រង់ៗ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកពីសំដីដើមទាំងស្រុង មកបញ្ជាក់ដូចខាងក្រោម៖
«អាជ្ញាធរកម្ពុជាបានបង្ហាញយ៉ាងច្បាស់ ពីការមិនអើពើ ចំពោះគោលការណ៍សំខាន់ៗ នៃលទ្ធិប្រជាធិបតេយ្យពហុបក្ស ដែលត្រូវដើរ។ ក្រៅពីការរំលាយគណបក្សសង្គ្រោះជាតិ នៅមានឧទាហរណ៏ជាច្រើនទៀត រួមមានការដាក់ពន្ធនាគារ ទៅលើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ការហាមឃាត់មន្ត្រីគណបក្សសង្រ្គោះជាតិ ចំនួន ១១៨ នាក់ ពីជីវភាពនយោបាយ សម្រាប់រយៈពេល ៥ឆ្នាំ និងការបង្ក្រាប ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។»
លោក ម៉ាក ហ្វៀល បានសង្កត់ធ្ងន់ទៀតថា ប្រទេសកម្ពុជា «មិនមានគណបក្សប្រឆាំង ដែលអាចទុកចិត្តបានទេ ដើម្បីបើកឱកាស ឲ្យមានការប្រកួតប្រជែង ជាមួយរដ្ឋាភិបាល។ នៅក្នុងលទ្ធិប្រជាធិបតេយ្យ មិនដែលមានរដ្ឋាភិបាលណាមួយ មានសិទ្ធិជ្រើសរើសគណបក្សប្រឆាំង ដោយខ្លួនឯងនោះឡើយ។»។
យ៉ាងណា «ចក្រភពអង់គ្លេសនឹងបន្តជម្រុញ ឱ្យរដ្ឋាភិបាលកម្ពុជា បង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះប្រជាពលរដ្ឋកម្ពុជា ដោយធ្វើការលើកកម្ពស់ការតស៊ូមតិ ផ្នែកនយោបាយ និងសេរីភាវូបនីយកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងបង្កើតលក្ខខណ្ឌ សម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យ ឱ្យបានត្រឹមត្រូវ» នេះ បើតាមការបញ្ជាក់ នៅចុងបញ្ចប់ នៃសេចក្ដីថ្លែងការណ៍របស់លោករដ្ឋមន្ត្រី៕