គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​សភា​អ៊ឺរ៉ុប ទាមទារ​ពន្លឿន​វិធានការ​ទណ្ឌកម្ម​ប្រឆាំង​​របប​​ក្រុង​ភ្នំពេញ

សភាអ៊ឺរ៉ុប បានប្រតិកម្ម​តបនឹងការបោះឆ្នោតជាតិ នៅកម្ពុជា ដោយស្នើសុំទៅគណៈកម្មការអ៊ឺរ៉ុប (នីតិប្រតិបត្តិរបស់សហភាអ៊ឺរ៉ុប) ​ឲ្យពន្លឿន​វិធានការ​ទណ្ឌកម្ម ប្រឆាំងរបបរបស់លោក ហ៊ុន សែន ដែលសភាអ៊ឺរ៉ុបចាត់ទុកថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ប្រតិកម្មនោះ ត្រូវបានធ្វើឡើង តាមរយៈអនុ-គណៈកម្មការ ទទួលបន្ទុកសិទ្ធិមនុស្ស របស់សភាអ៊ឺរ៉ុប នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ កាលពីថ្ងៃទី៣០ ខែកក្កដា។
គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​សភា​អ៊ឺរ៉ុប ទាមទារ​ពន្លឿន​វិធានការ​ទណ្ឌកម្ម​ប្រឆាំង​​របប​​ក្រុង​ភ្នំពេញ
កិច្ចប្រជុំពេញអង្គមួយ របស់សភាអ៊ឺរ៉ុប ដែលមានទីតាំង នៅក្រុង ស្ត្រាប៊ូរយ៍ ភាគខាងកើតប្រទេសបារាំង។ (រូបថតសភាអ៊ឺរ៉ុប)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០១ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 01, 2018
  • ប្រធានបទ: បោះឆ្នោត​ជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណៈកម្មការអ៊ឺរ៉ុប (នីតិប្រតិបត្តិរបស់សហភាពអ៊ឺរ៉ុប) ជាពិសេសការិយាល័យអ៊ឹរ៉ុប ដើម្បីសកម្មភាព​ខាងក្រៅ (The European External Action Service ហៅកាត់ EEAS - ហៅកាត់ជា​ភាសាបារាំង SEAE) គួរពន្លឿនរបាយការណ៍របស់ខ្លួន ស្ដីពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា និងចាត់វិធាការប្រឆាំងរបបក្រុងភ្នំពេញ ទាក់ទងប្រព័ន្ធអនុគ្រោះពន្ធ ដែលមានឈ្មោះថា «EBA (Everything but Arms - អ្វីៗទាំងអស់ លើកលែងតែអាវុធ)» របស់សហភាពអឺរ៉ុប។

ខាងលើនេះ ជាការលើកឡើង របស់លោក ព្យែ អង់តូនីញ៉ូ ប៉ងហ្សេរី (Pier Antonio Panzeri) ប្រធានអនុ-គណៈកម្មការ ទទួលបន្ទុកសិទ្ធិមនុស្ស របស់សភាអ៊ឺរ៉ុប ដែលជាប្រតិកម្មទៅនឹងការបោះឆ្នោតជាតិ កាលពីថ្ងៃអាទិត្យ ក្នុងប្រទេសកម្ពុជា ដែលលោកចាត់ទុក ថាជាការបោះឆ្នោត «មិនប្រជាធិបតេយ្យ»។

សេចក្ដីប្រកាសព័ត៌មានមួយ របស់អនុ-គណៈកម្មការ ដែលដឹកនាំដោយសមាជិកសភាអ៊ឺរ៉ុប មកពីប្រទេសអ៊ីតាលីរូបនេះ ដែល​ចេញផ្សាយ​កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដាកន្លងទៅនេះ ត្រូវបានរៀបចំឡើង ដោយមានពោរពេញ ដោយការរឹតត្បិត រួមមានទាំងការរំលាយគណបក្សប្រឆាំង ការដាក់កំហិតទៅលើសេរីភាព នៃការបញ្ចេញមតិ ការធ្វើសមាគម និងការជួបប្រជុំគ្នា របស់ពលរដ្ឋជាដើម។

លោក ព្យែ អង់តូនីញ៉ូ ប៉ងហ្សេរី ត្រូវបានស្រង់សំដី មកសរសេរនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖ «ការវិវត្តន៍ចុងក្រោយ នៅកម្ពុជា រួមមានទាំងការប្រើប្រាស់អំពើហិង្សា និងទាំងការចាប់ដាក់ពន្ធនាគារ ប្រធានគណបក្សប្រឆាំង លោក កឹម សុខា ជាភស្ដុតាងបង្ហាញ ពីការប៉ុនប៉ងដ៏ធ្ងន់ធ្ងរ ដើម្បីធ្វើឲ្យចុះខ្សោយ នូវលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិនយោបាយ ក៏ដូចជាដើម្បីបំបាត់សម្លេងប្រឆាំងនានា នៅក្នុងប្រទេសនេះ។»។

ប្រធានអនុ-គណៈកម្មការ នៃសភាអ៊ឺរ៉ុបរូបនេះ បានថ្លែងអំពាវនាវ ទៅកាន់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យប្ដូរនិន្នាការខាងលើ ដោយត្រូវសន្យាគោរព គោលការណ៍​ប្រជាធិបតេយ្យសំខាន់ៗ និងដោយដោះលែងជាបន្ទាន់ លោក កឹម សុខា ប្រធានគណបក្សប្រឆាំង ដែលត្រូវបានចាប់ឃុំ តាំងពីដើមកញ្ញា ឆ្នាំទៅម៉ិញមក។

សម្រាប់លោក ព្យែ អង់តូនីញ៉ូ ប៉ងហ្សេរី ការរឹងទទឹងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នឹងមានលទ្ធផលយ៉ាងអាក្រក់ សម្រាប់ប្រទេសកម្ពុជា។ លោកបានបន្តពន្យល់ថា៖ «ការប្ដេជ្ញាចិត្ត​របស់កម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ជាចំណុចដ៏សំខាន់មួយ នៅក្នុងគោលការណ៍គ្រឹះជាច្រើន ដែលបានអនុញ្ញាត ឲ្យសហភាអ៊ឺរ៉ុប ផ្ដល់ភាពអនុគ្រោះ​ផ្នែកពាណិជ្ជកម្ម តាមរយៈកម្មវិធី "អ្វីៗទាំងអស់ លើកលែងតែអាវុធ" ទៅឲ្យប្រទេសកម្ពុជា»។

សហភាពអ៊ឺរ៉ុប ជាលំហរទីផ្សារនាំចេញ ធំជាងគេបង្អស់ របស់កម្ពុជា (ធំជាងទីផ្សារអាមេរិក) ដោយកម្ពុជាបាននាំទំនិញចេញ ទៅកាន់អ៊ឺរ៉ុប តាមរយៈកម្មវិធី "អ្វីៗទាំងអស់ លើកលែងតែអាវុធ" ក្នុងទឹកប្រាក់ដ៏មហាសាល ប្រមាណជា ៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៦​កន្លងទៅ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូស័ក្តិ កាលពីឆ្នាំមុន បានរាយការណ៍ ប្រា​ប់​លោកនា​យករដ្ឋ​មន្ត្រី ហ៊ុន សែន ថា នៅឆ្នាំ២០១៦​​កន្លង​មក កម្ពុជាបាន​ចំណេញ​ប្រាក់ ៦៧៦លានដុល្លារ ពីប្រព័ន្ធអនុគ្រោះ ​រ​បស់សហភាព​អឺរ៉ុប «EBA»។

ក្រុម​ប្រតិភូពិសេស ស្វែងរកការពិតមួយ ​របស់​​សហភាព​អឺរ៉ុប ត្រូវបានបញ្ជូនទៅប្រទេស​កម្ពុជា កាលពីដើមខែកក្កដា កន្លងទៅ ដើម្បីវាយតម្លៃ​ផ្ទាល់កន្លែង ជុំវិញបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ក្នុងប្រទេសនេះ។ នៅមួយថ្ងៃ ក្រោយពីបានបញ្ចប់ បេសកកម្មរបស់ខ្លួន ប្រតិភូពិសេស​របស់​សហភាព​អ៊ឺរ៉ុប បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ អះអាងថា៖ «ការវិវត្តន៍ចុងក្រោយ ដ៏គួរឲ្យបារម្ភ នៅក្នុងប្រទេស បានតម្រូវឲ្យសហភាពអ៊ឺរ៉ុប ត្រូវធ្វើការវាយតម្លៃឡើងវិញ និងច្បាស់លាស់បំផុត ថាតើកម្ពុជា បានបំពេញដោយត្រឹមត្រូវ តាមកិច្ចសន្យារបស់ខ្លួនឬទេ។»។

លោក ព្យែ អង់តូនីញ៉ូ ប៉ងហ្សេរី បានរំពឹងថា ការវាយតម្លៃនោះ គួរត្រូវបានបញ្ចេញឲ្យដឹង នៅក្នុងពេលឆាប់ៗនេះ ហើយទណ្ឌកម្មមួយ ប្រឆាំងរបបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏គួរត្រូវសម្រេចធ្វើ ក្នុងពេលជាមួយគ្នាដែរ។

ប្រធានអនុ-គណៈកម្មការ​របស់​សភាអ៊ឺរ៉ុបរូបនេះ បានបញ្ជាក់​​ថា៖ «ខ្ញុំសូមស្នើ ដល់គណៈកម្មការអ៊ឺរ៉ុប និងការិយាល័យអ៊ឹរ៉ុប ដើម្បីសកម្មភាព​ខាងក្រៅ ឲ្យបញ្ចេញ​ជាបន្ទាន់ នូវរបាយការណ៍​វាយតម្លៃ​របស់ពួកគេ ស្ដីពីការប្រតិបត្តិតាម ពីសំណាក់ប្រទេសកម្ពុជា ទាក់ទងកាតព្វកិច្ចរបស់ប្រទេសនេះ ក្នុងវិស័យសិទ្ធិមនុស្ស ដូចមានចែងនៅក្នុងនីតិវិធីតាមដាន របស់កម្មវិធី "អ្វីៗទាំងអស់​លើកលែងតែអាវុធ"។ ហើយខ្ញុំសូមស្នើ ឲ្យមានការឆ្លើយតប​សមស្រប ទៅនឹងការធ្លាក់ចុះ ដ៏គួរឲ្យបារម្ភ នៃស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...