សម រង្ស៊ី ប្រកាសឲ្យអ្នកបង្កើតគណបក្សថ្មី មករួបរួមជុំវិញ CNRP
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០១ សីហា ២០១៨
- កែប្រែចុងក្រោយ: August 02, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីការបោះឆ្នោត ដ៏ចម្រូងចម្រាសមួយ បានកន្លងផុតទៅ៣ថ្ងៃ មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានចេញមុខនៅថ្ងៃនេះ អំពាវនាវឲ្យមានការបង្រួបបង្រួម នៅជុំវិញគណបក្សសង្គ្រោះជាតិ ជាមួយអ្នកនយោបាយទាំងឡាយ ដែលបាន ឬមានបំណង បង្កើតគណបក្សថ្មីៗ។ សម្រាប់ប្រធានចលនាសង្គ្រោះជាតិរូបនេះ ក្រៅពីគណបក្សសង្គ្រោះជាតិរបស់លោក ពលរដ្ឋកម្ពុជាមិនបានសំដែងការទុកចិត្តណាមួយ ទៅគណបក្សផ្សេងនោះទេ។
លោក សម រង្ស៊ី បានថ្លែងក្នុងវីដេអូមួយ ចេញពីប្រទេសបារាំង អះអាងថា៖ «គ្មានគណបក្សណា អាចមកជំនួសគណបក្សសង្គ្រោះជាតិបានទេ។ ល្បិចពួកជនផ្ដាច់ការ គេរំលាយគណបក្សសង្គ្រោះជាតិ ហើយគេជំរុញឲ្យមានគណបក្សតូចៗ កើតចេញព្រោងព្រាត ដើម្បីមកជំនួសគណបក្សសង្គ្រោះជាតិ។ តែប្រជាពលរដ្ឋខ្មែរមិនចាញ់បោកជនផ្ដាច់ការ មិនចាញ់បោកគណបក្សតូចៗ ដែលខ្ញុំហៅថា គណបក្សអាប មានតែក្បាលអត់ខ្លួន ឬគណបក្សអំពិលអំពែក ចេញមកព្រោងព្រាត ពេលរដូវបោះឆ្នោតម្ដងៗ តែរលត់បាត់សូន្យទៅវិញ ក្រោយពីថ្ងៃបោះឆ្នោត។»។
លោកថា៖ «ប្រជាពលរដ្ឋខ្មែរទាំងអស់ មើលឃើញតែគណបក្សសង្គ្រោះជាតិមួយគត់ (...) ដែលអាច ហើយដែលនឹងដណ្ដើមជ័យជំនះ លើគណបក្សកាន់អំណាចសព្វថ្ងៃ»។
មេដឹកនាំប្រឆាំង បានបន្តថា៖ «ខ្ញុំសូមអំពាវនាវ ដល់អ្នកដែលមានគំនិត ចង់បង្កើតគណបក្សអីថ្មី មកជំនួសគណបក្សសង្គ្រោះជាតិ គឺមិនអាចធ្វើទៅបានទេ ពីព្រោះប្រជារាស្ត្រខ្មែរ មានជំនឿ លើគណបក្សសង្គ្រោះជាតិតែមួយគត់។ ខ្ញុំសូមអំពាវនាវ ឲ្យអ្នកទាំងអស់នោះ មករួមរួបជាមួយគណបក្សសង្គ្រោះជាតិ ជុំវិញគណបក្សសង្គ្រោះជាតិ ដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរ ឲ្យទាល់តែបាន នៅក្នុងពេលឆាប់ៗខាងមុខនេះ។»៕
» ការថ្លែងរបស់លោក សម រង្ស៊ី ទាំងស្រុង៖