អនុប្រធានបក្ស CNRP បានចេញពីកម្ពុជា បន្ទាប់ពីនាយករដ្ឋមន្ត្រីគម្រាម
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ តុលា ២០១៧
- កែប្រែចុងក្រោយ: October 03, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បានចាកចេញពីប្រទេសកម្ពុជា ក្នុងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានទទួលដំណឹង ពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ស្ដីពីគម្រោងការចាប់ខ្លួនអ្នកស្រី ដែលអាចនឹងធ្វើឡើង នៅសប្ដាហ៍ខាងមុខ។ នេះ បើតាមប្រសាសន៍ផ្ទាល់ របស់អ្នកស្រី សុខហួរ ប្រាប់សារព័ត៌មានភ្នំពេញប៉ុស្ដ៍ នៅមុននេះបន្តិច។
កាលពីម្សិលម៉ិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងពីទីក្រុង សៀមរាប គម្រាមថានឹងធ្វើការចាប់ខ្លួនបន្ថែមទៀត ប្រឆាំងឥស្សរជនគណបក្សប្រឆាំង ដែលលោកចាត់ទុកថា ជា«ឧទ្ទាមទីក្រុង» និងដែលបានចូលរួម«ជាប្រព័ន្ធ» ធ្វើទង្វើ«ក្បត់ជាតិ បំផ្លាញដល់សន្តិសុខជាតិ» និងជា «ខ្ញុំបម្រើបរទេស»។ លោកថា៖ «សូមបញ្ជាក់ឲ្យហើយ មិនទាន់បញ្ចប់ត្រឹមចាប់មនុស្សម្នាក់ទេ រឿងវាមានសំណុំរបស់វា។ ការរៀបចំសកម្មភាពជាប្រព័ន្ធ យើងមិនអនុញ្ញាត ឲ្យអ្នកឯងបន្តនូវទង្វើក្បត់ និងបំផ្លាញជាតិ បំផ្លាញសន្តិសុខនោះទេ។»។
អ្នកស្រី មូរ សុខហួរ ដែលជាគូបដិបក្ខនយោបាយចាស់វស្សា របស់លោកនាយករដ្ឋមន្ត្រី បានភ្ជាប់ការផ្ដល់ដំណឹង ពីសំណាក់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ជុំវិញគម្រោងការចាប់ខ្លួនអ្នកស្រីនោះ ថាអាចចាត់ទុកជាបានការ និងមានជាប់ទាក់ទង យ៉ាង«ច្បាស់លាស់» ជាមួយនឹងការថ្លែងគម្រាម របស់បុរសខ្លាំងកម្ពុជា។
យ៉ាងណា អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ មិនបានបង្ហើបបន្ថែមពីអត្តសញ្ញាណ របស់មន្ត្រីជាន់ខ្ពស់ម្នាក់នោះ និងពីក្រសួងមន្ទីរដែលមន្ត្រីកំពុងធ្វើការ ប្រាប់អ្នកសារព័ត៌មានទេ។ តែអ្នកស្រីបានបញ្ជាក់ថា លោក ហ៊ុន សែន បានលើកឡើង ទាក់ទងនឹងការថ្លែងនៅក្នុងខេត្តចំនួនបី ដែលធ្វើឡើង កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយរូបអ្នកស្រីផ្ទាល់ និងមន្ត្រីគណបក្សពីររូបទៀត។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនបានអះអាង ពីគម្រោងការចាប់ខ្លួនអ្នកស្រី មូរ សុខហួរ នោះទេ តែបានទទួលស្គាល់ថា អ្នកស្រីតំណាងរាស្ត្ររូបនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេត ពីការជាប់ពាក់ព័ន្ធ ជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួន ទាំងមានអភ័យឯកសិទ្ធិសភា កាលពីដើមខែកន្លងទៅនេះ ទាក់ទងនឹងការថ្លែងមួយ របស់លោក ធ្វើឡើងក្នុងប្រទេសអូស្ត្រាលី តាំងពីជិត៤ឆ្នាំមុន។
អ្នកនាំពាក្យបានបន្ថែមថា លទ្ធភាពដែលអាចឈានទៅចាប់ខ្លួនអ្នកស្រី សុខហួរ អាចនឹងត្រូវអនុត្តន៍ អាស្រ័យតាមការស៊ើបអង្កេត របស់តុលាការ ទៅលើសំនុំរឿង«ក្បត់ជាតិ» ដែលតុលាការបានចោទលើលោក កឹម សុខា៕