សំនុំរឿងម៉ម សូណង់ដូ៖ នៅក្រៅឃុំ តែជាអ្នកទោស នឹងបទចោទ«ថ្មី»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 14, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានអង្គជំនុំជម្រះនៃសាលាឧទ្ធរណ៏ លោក ឃុន លាងម៉េង បានអានសាលដីកាជាសាធារណៈ ប្រកាសម្រេចចោទប្រកាន់លោក ម៉ម សូណង់ដូ ពាក់ពន្ធ័នឹងរឿងព្រៃឈើ និងត្រូវទទួលទោស«ប្រាំឆ្នាំ» ជាផ្លូវការនាព្រឹកថ្ងៃទី១៤ មីនា ឆ្នាំ២០១៣នេះ ពី«បទញុះញង់ឲ្យមានការកាប់បំផ្លាញព្រៃឈើ»ដោយខុសច្បាប់។ តែទោសនេះ សាលាឧទ្ធណ៍បានកំណត់ ឲ្យលោកប្រធានវិទ្យុសម្បុកឃ្មុំរូបនេះ អនុវត្តទោសក្នុងពន្ធនាគារចំនួន៨ខែ ទោសក្រៅពីនេះព្យួរសាកល្បងចំនួន៣ឆ្នាំ។
លោកម៉ម សូណង់ដូ ពេលត្រូវបញ្ជូនត្រឡប់ទៅ ពន្ធនាគារព្រៃសរវិញ នៅថ្ងៃទី១៤ខែមិនានេះ។ MONOROOM.info Photo/ O. Vary។
ទោះជាមានការលើកលែងទោសយ៉ាងដូច្នេះក៏ដោយ មន្ត្រីអង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ មេធាវី រួមទាំងពីរបស់ជនជាប់ចោទផង បានសម្តែងនូវការមិនសប្បាយចិត្ត ចំពោះការលើក«បទចោទថ្មី»នោះដដែល។ ព្រោះថាលោក ម៉ម សូណង់ដូ នៅតែជា«ជនល្មើស» ជាជនដែល«មានទោស» និងក៏ជាជនដែលត្រូវតុលាការ តាមឃ្លាំមើលដែរ។
លោក ស សូវាន មេធាវីការពារក្តីលោក ម៉ម សូណង់ដូ បានបង្ហាញតាមអង្គហេតុ និងអង្គច្បាប់ថា សាលាឧទ្ធរណ៍ត្រូវ«ទម្លាក់ចោលបទចោទលើកូនក្តីលោកទាំងស្រុង» ដោយមិនត្រូវបន្ថែមបទចោទលើសាលក្រមរបស់សាលាដំបូងទេ។ លោកបន្តថា លោកនឹងពិភាក្សាជាមួយជនជាប់ចោទ (កូនក្តី) នឹងអាចមាន «បណ្តឹងសាទុក្ខទៅតុលាការកំពូល» មួយ ចំពោះបទចោទថ្មីនេះ ដើម្បីរកយុត្តិធម៌។
សម្រាប់លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការលីកាដូ ដែលបានតាមដានសវនាការនេះ បានបង្ហាញភាពខកចិត្ត ចំពោះកាលើកនូវ«បទចោទថ្មី»។ លោកបន្តថា លោកបានធ្វើការកត់សម្គាល់ លើសាលដីកាសាលាឧទ្ធរណ៍នាថ្ងៃនេះថាជាលទ្ធផល«វិជ្ជមាន»មួយ សម្រាប់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា «តែទោះជាយ៉ាងនេះក្កី លោកម៉ម សូណង់ដូ នៅតែត្រូវទទួលទោស និងការចោទប្រកាន់ដដែល នេះជាការសោកស្តាយដែល មនុស្សមិនបានប្រព្រឹត្តបទល្មើស ហើយត្រូវបានគេចោទប្រកាន់នោះ»។
ចំពោះភរិយាលោក ម៉ម សូណង់ដូ វិញ លោកស្រី ឌិន សុផាន់ណារា ក៏មិនអត្ថាធិប្បាយពីបទចោទប្រកាន់ថ្មីនេះទេ តែលោកស្រីបានបង្ហាញនូវភាពរីករាយ លើសាលដីការបស់សាលាឧទ្ធរណ៍ដែលបានកាត់តម្រឹមទោសនេះ។ លោកស្រីថ្លែងទាំងញញឹមមកកាន់អ្នកសារព័តមានថា «ខ្ញុំដែលជាភរិយាលោក ម៉ម សូណង់ដូ ខ្ញុំមានសេចក្តីរីករាយ ពីព្រោះបានគាត់ចេញមកក្រៅ។ ហើយកិច្ចការបន្ត តទៅទៀតយ៉ាងណានោះ ជារឿងរបស់មេធាវី។»
ក្នុងដំណើរ ទ្រេតទ្រោត ដោយការគ្រាទប់របស់សន្តិសុខពន្ធនាគារ សំដៅឆ្ពោះទៅរថយន្តដឹកអ្នកទោស ជាមួយនឹងការប្រជ្រៀត របស់អ្នកសារព័ត៌មានក្នុងសុំបទសម្ភាសន៍ លោក ម៉ម សូណង់ដូ បានថ្លែងប្រាប់ដោយខ្លីថា នៅថ្ងៃស្អែកនេះ លោកនឹងត្រូវបានដោះលែង ហើយនៅថ្ងៃនោះ លោកនឹងជួបជុំប្រជាពលរដ្ឋដែលគាំទ្រលោក និងអ្នកសារព័ត៌មាននៅឯស្រុកកៀនស្វាយ ខេត្តកណ្ដាល (នៅគេហដ្ឋានរបស់លោក)។
រាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ ដែលជាថ្ងៃចាប់ខ្លួន មកទល់នឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ជាថ្ងៃប្រកាសសាលដីកា មានរយៈពេលប្រាំបីខែគត់។ ដូច្នេះបុរសចំណាស់វ័យ៧១ ឆ្នាំរូបនេះ នឹងត្រូវដោះលែងពីពន្ធនាគារនៅថ្ងៃទី១៥ ខែមីនា ស្អែកវេលាម៉ោង ៨ព្រឹក។ មានន័យស្មើនឹងលោកត្រូវដោះលែងឲ្យមាន«សេរីភាព»ឡើងវិញ តែត្រូវស្ថិតនៅក្នុងការតាមដានរបស់តុលាការក្នុងរយៈពេលបីឆ្នាំ ដូចជា ត្រូវមានវត្តមានគ្រប់ពេលនៅពេលតុលាការត្រូវការ, ការផ្លាស់ប្តូរលំនៅដ្ឋាន ឬមុខរបរត្រូវជូនដំណឹងដល់តុលាការ និងការធ្វើណើរទៅក្រៅប្រទេសត្រូវមានការអនុញ្ញាតពីតុលាការជាដើម។
បន្ទាប់ពីមានប្រតិកម្មពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក សហភាពអ៊ឺរុប និងនាយករដ្ឋមន្ត្រីបារាំង សាលាឧទ្ធរណ៏បានប្តូរបទចោទ លើអ្នករិះគន់រដ្ឋាភិបាល មិនសំចៃមាត់រូបនេះពី «បទបង្កើតតំបន់អបគមន៍» នៅខេត្តក្រចេះ ក្នុងរឿងជម្លោះដីធ្លី ទៅជាបទល្មើស«ព្រៃឈើ»វិញ ។ សូមរំលឹកថា លោក ម៉ម សូណង់ដូ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមផ្តន្ទាទោសលោក ម៉ម សូណង់ដូ ឲ្យជាប់ពន្ធនាគារម្ភៃឆ្នាំ និងពិន័យជាប្រាក់ដប់លានរៀល កាលពីខែតុលាឆ្នាំ២០១២ កន្លងទៅ។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៤ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ