អង្គការមួយ ថាច្បាប់ទាំង៨ដែលរដ្ឋាភិបាលកំពុងព្រាង ពោរពេញដោយគុណវិបត្តិ
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ( [email protected]) - ភ្នំពេញ ថ្ងៃទី០២ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 03, 2014
- ប្រធានបទ: ច្បាប់ទម្លាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងកិច្ចប្រជុំប្រចាំខែលើកទី៥ នៅថ្ងៃទី០២ ខែធ្នូនេះ របស់ សមាជិកនៃអង្គការ គណកម្មាការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា ស៊ីស៊ីស៊ី (CCC) បានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះ ច្បាប់ទាំង៨ដែលរដ្ឋាភិបាលកំពុងធ្វើពង្រាង។ ច្បាប់ទាំង៨នោះ រួមមានច្បាប់បី ដែលទាក់ទងនឹងការកែលម្អប្រព័ន្ធ តុលាការនៅកម្ពុជា ច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល ច្បាប់គ្រងគ្រងបទល្មើសតាមអ៊ីនធើណេត ច្បាប់គ្រប់គ្រងដី និងការប្រើប្រាស់ដីកសិកម្ម ច្បាប់សហជីព និងច្បាប់ទូរគមនាគមន៍។
លោក ម៉ី ណាក់ ប្រធានផ្នែកទំនាក់ទំនង និងកសាងបណ្តាញនៃអង្គការ គណកម្មាការនេះ បានលើកឡើងថា បើតាមលោកមើលឃើញ ច្បាប់ទាំង៨នេះមានគុណវិបត្តិធំធេងណាស់។ លោកថា ប្រសិនបើច្បាប់ចេញមក នៅក្នុងទម្រង់ដូចបច្ចុប្បន្ននេះមែននោះ វានឹងបង្កឲ្យមានបញ្ហាជាច្រើន ដូចជារិតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋ ទាំងសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការជួបជុំ និងការចែករំលែកព័ត៌មានជាដើម។
លោកបានថ្លែងឲ្យដឹងទៀតថា៖ «អ្នកដែលធ្វើការខាង ផ្នែក សិទ្ធមនុស្ស ខាងផ្នែក ខាងផ្នែកប្រជាធិបតេយ្យ និងអ្នកដឹកនាំសហជីពផ្សេងៗ គាត់នឹងទទួលរងឥទ្ធិពលនៃច្បាប់នេះ ដោយសារតែមានច្បាប់ទៅ គាត់អត់អាចនិយាយអីបាន អញ្ចឹងធ្វើឱ្យគាត់ប្រឈមបើសិនជាគាត់និយាយ។ ហើយចំណុចមួយ ដែលសំខាន់បំផុតនៃគុណវិបត្តិនោះ តែកាលណាព័ត៌មាន មិនត្រូវបានចែកចាយជូនដល់អ្នកពាក់ព័ន្ធ វានឹងធ្វើឱ្យប្រជាពលរដ្ឋយើងទាំងមូល អត់អាចដឹងលឺ និងអាចទទួលបាននូវព័ត៌មាន សម្រាប់ការរស់នៅប្រចាំថ្ងៃក្នុងសង្គម ក៏ដូចជាធ្វើការពិចារណា ក្នុងធ្វើការងារផ្សេង ដែលនេះគឺជាគុណវិបត្តិដ៏ធំ។»
លោកបន្តថា កន្លងអង្គការសង្គមស៊ីវិល តែងទាមទារឱ្យបើកចំហរសេចក្តីព្រាងច្បាប់នេះ ដើម្បីបញ្ជាក់អំពីតម្លាភាព និងគណនីភាពរបស់រដ្ឋាភិបាល ។ ក៏ដូចជាការបើចំហរឱ្យមាននការពិគ្រោះយោបល់ ពីប្រជាពលរដ្ឋ ក៏ដូចជាអង្គការសង្គមស៊ីវិល ដើម្បីឱ្យគាត់ដាក់នូវមតិយោបល់ថាធ្វើម៉េចឱ្យល្អ ក្នុងនាមគាត់ជាអ្នកអនុវត្តន៍ និជាម្ចាស់ប្រទេស។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្រ្តីអង្គការសុវណ្ណភូមិ លោក ប៉ុន និន បាននិយាយថា ការបង្កើតឱ្យមានច្បាប់សម្រាប់គ្រប់គ្រងប្រទេសគឺរឿងល្អ និងជាការចាំបាច់បំផុត។ ប៉ុន្តែមិនត្រូវយកច្បាប់នោះ មកធ្វើជាឈ្នាន់ក្នុងការិតត្បិត ឬគាបសង្កត់អ្វីមួយឡើយ៕