អគ្គនាយកដ្ឋានពន្ធនាគារ មិនអនុញ្ញាតឲ្យអាត់ ធន់ សួរសុខទុក្ខ វន់ ពៅ
បើទោះជាប្រតិភូសហភាពការងារកម្ពុជា របស់លោក អាត់ ធន់ បានធ្វើដំណើរដល់ពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តកំពង់ចាមហើយក៏ដោយ ក៏មន្រ្តីអនុរក្សពន្ធនាគារ ដោយមានបទបញ្ជា ពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានសម្រេចមិនអនុញ្ញាតឲ្យលោក អាត់ ធន់ និងសហការីចូលសួរសុខទុក្ខលោក វន់ ពៅ នោះដែរ តែបានអនុញ្ញាតឲ្យភរិយា និងមេធាវីរបស់លោក វន់ ពៅ ចូលជួប។
ពន្ធនាគារត្រពាំងថ្លុង ជិតព្រំដែនវៀតណាម មើលពីលើប្រព័ន្ធផ្កាយរណបរបស់ហ្គូហ្គ័ល។
សិទ្ធិមនុស្ស - ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានថ្លែប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ តាមរយៈទូរសព្ទពីខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ នេះថា៖ «យើង និងសហជីពបានមកដល់ពន្ធធនាគារ តែគេមិនឲ្យពួកយើងចូល គេឲ្យចូលតែមេធាវី និងបងប្អូន។ ចំពោះអង្គការផ្សេងៗគេអត់ឲ្យចូល យើងសោកស្តាយដែលគេមិនឲ្យចូលជួប។»
គួរកត់សម្គាល់ថា លិខិតឆ្លើយតបថ្មីៗនេះ របស់លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលបានផ្ងើរជូន លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានបញ្ជាក់ថា ករណីជនជាប់ឃុំឈ្មោះ វន់ ពៅ កំពុងស្ថិតនៅក្នុងដំណាក់កាល ស៊ើបអង្កេតរបស់ស្ថាប័នតុលាការ។ ដូច្នេះ ក្រៅពីគ្រួសារ និងមេធាវីរបស់ជនជាប់ឃុំ សមត្ថកិច្ចមិនអាចអនុញ្ញាត ឲ្យអ្នកផ្សេងចូលជួបបានឡើយ។
គួររម្លឹកថា លោក វន់ ពៅ ជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមនុស្សចំនួន២២នាក់ទៀត ត្រូវបានសមត្ថកិច្ចគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ចាប់ខ្លួន កាលពីថ្ងៃទី០២ និងទី០៣ ខែមករា ឆ្នាំ២០១៤ ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នា យ៉ាងហិង្សារវាងកម្លាំងសមត្ថកិច្ច និងក្រុមបាតុករ នៅរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវវេងស្រេង។
ក្រោយពីការចាប់ខ្លួនជនទាំង២៣នាក់ ដែលរដ្ឋាភិបាលចាត់ទុកថាជា«ជនល្មើស» ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅឃុំក្នុងពន្ធនាគារ ត្រពាំងថ្លុង លើទឹកដីខេត្តកំពង់ចាម ក្បែរព្រំដែនវៀតណាម ដើម្បីរង់ចាំការផ្តន្ទាទោស។ តែសម្រាប់ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សកម្មជនដីធ្លី និងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជំទាស់ បានចាត់ទុកជនទាំង២៣នាក់នោះ ថាជាជនរងគ្រោះដោយ«អយុត្តិធម៌» នឹងកំពុងទាមទារឲ្យដោះលែងពួកគេ ដោយបានធ្វើការតវ៉ា និងដាក់ញត្ដិជាបន្ដបន្ទាប់តាមបណ្តាស្ថានទូតនានា ជាពិសេសប្រទេសមហាអំណាច ប្រចាំកម្ពុជា៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤