លោកម៉ម សូណង់ដូនឹងត្រូវ​មានសេរីភាព នៅ​ថ្ងៃ​ទី​១៥​ខែ​មិនា

លោក ឃុន លាងម៉េង ប្រធានចៅក្រមជម្រះបានអានសាលក្រមថា សាលាឧទ្ទរណ៍សម្រេចផ្តន្ទាទោសលោកម៉ម សូណង់ដូ ចំនួន ៥ ឆ្នាំ ដោយតម្រូវឲ្យអនុវត្តន៍ទោសក្នុងពន្ធនាគារចំនួន ៨ខែ គិតចាប់ពីថ្ងៃឃុំខ្លួន ដោយដូរបទចោទពីផ្ដួចផ្ដើមគំនិត ប្រឆាំង អ្នក​រាជការសាធារណៈទៅជាបទញុះញ៉ងពលរដ្ឋឲ្យរុករានកាប់បំផ្លាញព្រៃឈើធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ធ្វើកុបកម្មជ្រៀត​ជ្រែក​ខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: March 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាលាឧទ្ទរណ៍បានសម្រេចផ្តន្ទាទោសលោកម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងប្រធានសមាគមនអ្នកប្រជាធិបតេយ្យ ព្រមទាំងពលរដ្ឋភូមិប្រម៉ា ២នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន ៣ឆ្នាំ ទៅ៥ឆ្នាំ ដោយតម្រូវឲ្យអនុវត្តន៍ទោសក្នុងពន្ធនាគារ​ម្នាក់ៗចាប់ពី៨ខែ ដល់១០ខែ ដោយទោសសល់ទាំងប៉ុន្មាន តម្រូវឲ្យព្យូសាកល្បងក្រៅឃុំ។


លោកម៉ម សូណង់ដូ ពេលមកដល់សាលាឧទ្ទរណ៍ថ្ងៃទី១៤ខែមិនានេះ។ MONOROOM.info Photo/ O. Vary។

នៅក្នុងបន្ទប់សវនាការដែលបានចាប់ផ្តើមនៅម៉ោង៨ព្រឹក ចង្អៀតណែនទៅដោយមន្ត្រីអង្គទូត អង្គការក្រៅរដ្ឋាភបាលជាតិ និងអន្តរជាតិ នៅខណៈលោក ម៉ម សូណង់ដូ ស្ថិតក្នុងសម្លៀកបំពាក់ស៊ីវិល ចងក្រវ៉ាត់កនិងជនជាប់ចោទ ទូច រាម និង កាន់ សុវណ្ណ ស្លៀកពាក់ក្នុងឈុតអ្នកទោសឈរ ក្នុងរង្វង់ក្រចកចេះ ដើម្បីរងចាំស្តាប់សាលដីការយ៉ាងអន្ទះសារនោះ លោក ឃុន លាងម៉េង ប្រធានចៅក្រមជម្រះបានអានសាលក្រមថា សាលាឧទ្ទរណ៍សម្រេចផ្តន្ទាទោសលោកម៉ម សូណង់ដូ ចំនួន ៥ ឆ្នាំ ដោយតម្រូវឲ្យអនុវត្តន៍ទោសក្នុងពន្ធនាគារចំនួន ៨ខែ គិតចាប់ពីថ្ងៃឃុំខ្លួន ដោយដូរបទចោទពីផ្ដួចផ្ដើមគំនិត ប្រឆាំង អ្នក​រាជការសាធារណៈទៅជាបទញុះញ៉ងពលរដ្ឋឲ្យរុករានកាប់បំផ្លាញព្រៃឈើធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ធ្វើកុបកម្មជ្រៀត​ជ្រែក​ខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់។ លោកបានបន្ថែម​ថា «យើង​រកពុំឃើញភស្តុតាង ដែលបង្ហាញថា គាត់មានការពាក់ព័ន្ធទៅនឹង មេគំនិតបង្កើតតំបន់អបពគមន៍ ប្រឆាំងរដ្ឋាភិបាល​ទេ»។

លោកបានថ្លែងឲ្យដឹងទៀតថា រីជនជាប់ចោទ ទូច រាម ត្រូវកម្កល់សាលក្រមនៅសាលាដំបូង និងសម្រេចផ្តន្ទាទោស៥ ឆ្នាំ ដោយតម្រូវឲ្យអនុវត្តន៍ទោស១០ ខែក្នុងពន្ធនាគារគិតចាប់ពីថ្ងៃឃុំខ្លួន ទោសសល់ព្យួរ៣ឆ្នាំ និងកាន់ សុវណ្ណ ត្រូវផន្ទាទោស​៣ឆ្នាំ និងតម្រូវឲ្យអនុវត្តន៍ទោសក្នុងពន្ធនាគារ១០ ខែគិតពីថ្ងៃចាប់ខ្លួន និងព្យួរទោស៣ ឆ្នាំ។ លោកបានថ្លែងថា «យើង​សម្រេច ដោយសារលោកម៉ម សូណង់ដូ វ័យចាស់ ហើយសវតាពុំដែលមានទោសពីមុន រីឯជនជាប់ចោទ ពីរនាក់ទៀត​មាន​កម្រិតវប្បធម៌ទាប និងពុំចេះអក្សរ ដូច្នេះយើងពិចារណាសម្រាលទោសដល់ពួកគាត់»។

លោក ម៉ម សូណង់ដូ អាយុ ៧១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ តាមរយៈបណ្តឹងចោទ​ប្រកាន់​៤ករណី ទាក់ទិននឹងការបង្កើតតំបន់អបគមន៍ ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ហើយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២០ ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល។ សាលក្រមនោះ ក៏មានជនជាប់ចោទ១៣នាក់ផ្សេងទៀត ត្រូវបានផ្តន្ទាទោសពី១០ខែទៅ៥ឆ្នាំ ដែលត្រូវតុលាការកាត់ទោស ប៉ុន្តែត្រូវបានព្យួរទោស ដោយខ្លះដោយពួកគេព្រមធ្វើជាសាក្សីដាក់បន្ទុកលោកសូណង់ដូ។ លើកលែងតែឈ្មោះ ប៊ុន រដ្ឋា ដែលកំពុងគេចខ្លួននៅក្រៅប្រទេស ត្រូវតុលាការចោទថាជាមេក្លោងក្នុងការបង្កើតតំបន់អបគមន៍នៅភូមិប្រម៉ា ត្រូវកាត់ ទោស៣០ឆ្នាំ និងពិន័យប្រាក់៣០លានរៀល ឈ្មោះសុខ តុង កាត់ទោស១៥ឆ្នាំ និងឈ្មោះ ប៊ុន ឆន កាត់ទោស១៥ឆ្នាំ​ដូចគ្នា។

លោកម៉ម សូណង់ដូ ធ្លាប់ត្រូវរដ្ឋាភិបាល ចាប់ដាក់ពន្ធនាគារចំនួនពីរលើករួចមកហើយ ដោយលើកទី១ នៅក្នុងឆ្នាំ២០០៣ ទាក់ទងនឹងកុបកម្មប្រឆាំងថៃឈានដល់ការដុតស្ថានទូតថៃ និងលើកទី២ នៅក្នុងឆ្នាំ ២០០៥ ពាក់ព័ន្ធនឹងការរិះគន់​រដ្ឋាភិបាលកម្ពុជាចំពោះសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម។

លោក ម៉ម សូណង់ដូ បានឆ្លៀតនិយាយ ជាមួយអ្នកសារព័ត៌មាន នៅខណៈដែលមន្ត្រីពន្ធនាគារ រុញចូលរថយន្ត​ដើម្បី​ឆ្ពោះទៅពន្ធនាគារព្រៃសវិញថា៖ «ខ្ញុំនឹងនិយាយ នៅពេលដែលខ្ញុំមានសេរីភាព ចេញពីពន្ធនាគារវិញ ហើយយើងនឹង ជូបគ្នានៅកៀនស្វាយ»។

អ្នកស្រី គី គា ភរិយារបស់លោកទូច រាម បានថ្លែងនៅខណៈពរកូនតូច របស់ខ្លួនដែលនៅពេលអាជ្ញាធរចាប់ខ្លួន ទើបតែ​មានអាយុ១ ខែបានថ្លែងថា នាងសប្បាយចិត្ត ចំពោះការសម្រេចរបស់សាលាឧទ្ទរណ៍ ពីព្រោះបានរកយុត្តិធម៌ដល់ប្តី របស់​នាង។ នាងបានឲ្យដឹងទៀតថា ៖ «ខ្ញុំនឹងបានជូបគ្រួសារវិញ ហើយលែងពិបាកដូចមុនទៀតហើយ នៅពេលដែលប្តីខ្ញុំចេញ​ទៅវិញ ខ្ញុំបានធ្វើចំការវិញហើយ»។

រីឯអ្នកស្រីឌិន ផាន់ណារ៉ា ភរិយា លោកម៉ម សូណង់ដូ បានថ្លែងថា ចំពោះការប្រកាសសាលដីការ នៅថ្ងៃនេះ ធ្វើឲ្យ​អ្នកស្រី​សប្បាយ ហើយអ្វីដែលសប្បាយចិត្តគឺដោយសារតែគាត់បានចេញមកក្រៅមានសេរីភាពឡើងវិញ។ អ្នកស្រីបានបន្ថែមថា  «ចំពោះកិច្ចការផ្សេងៗទៀត យើងទុកឲ្យលោកមេធាវី ជាអ្នកសម្រេចចិត្តថា តើត្រូវប្តឹងតុលាការកំពូលទៀត រឺយ៉ាងណា​នោះ»។

លោកស សុវាន មេធាវីការពារក្តីឲ្យលោកម៉ម សូណង់ដូ បានថ្លែងឲ្យដឹងទៀតថា លោកសប្បាយចិត្ត នៅពេលដែល​តុលាការ បានលើកបទចោទអំពីបទឧក្រិដ្ឋ។ លោកបានបន្ថែមទៀតថា ​«ខ្ញុំមិនពេញចិត្ត ចំពោះការបន្ថែមបទចោទថ្មី ទាក់ទិនទៅនឹងបទល្មើសព្រៃឈើ គឺវាខុសអំពីនិតិវិធីច្បាប់ ដោយសារតែគាត់លើកឡើងចុងក្រោយបំផុត ហើយវាមាន ព្រៃឈើឯណាតំបន់នោះ គឺជាតំបន់ព្រៃសម្បទាន»។

លោកមឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានថ្លែងថា ការសម្រេចនេះ គឺជារឿងមួយដែលឲ្យពួកគាត់មានសេរីភាពវិញ តែបើនិយាយពីយុត្តិធម៌ គឺវាមិនអាចមានទេ ដោយសារអ្នកទាំងនោះ គ្មាន​ទោសអ្វីទេ ជាពិសេសលោកម៉ម សូណង់ដូ។ លោកថា៖«ការសម្រេចនេះ គឺបញ្ជាក់ថាពួកគាត់ នៅតែមានទោសដដែល បើទោះបីជាគាត់សេរីភាព ដូច្នេះយុត្តិធម៌ពុំទាន់មាននៅឡើយទេនៅកម្ពុជា។ តុលាការនៅតែស្ថិតក្រោម សំពាធ​នយោបាយ​ដដែល»៕

-----------------------------------------------
ដោយ ៖ គិន ហត្ថារ៉ូ - ភ្នំពេញ ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...