មូរ សុខហួរ ស្រែកថា ចោរ«ប្លន់»បដាក្រដាស! (vdo)
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 11, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រឈមមុខគ្នារយៈពេលខ្លី រវាងលោកស្រី មូរ សុខហួរ និងកងសន្តសុខថែរក្សាសណ្តាប់ធ្នាប់ខណ្ឌ បានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែមិថុនានេះទៀត ក្រោយពីសន្តិសុខម្នាក់ បានឆក់យកបដាក្រដាសពីលោកស្រី។ ទង្វើរបស់សន្តិសុខរូបនោះ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត មណ្ឌលបាត់ដំបង របស់គណបក្សសង្គ្រោះជាតិរូបនេះ បានចោទសន្តិសុខទាំងនោះ ថាជា«ចោរ»។
លោកស្រី មូរ សុខហួរ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
សិទ្ធិ - នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤នេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត មកពីគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ បានប៉ះទង្គិចគ្នាជាថ្មីទៀត ជាមួយក្រុមសន្តិសុខ ខណៈពេលលោកស្រីបានព្យាយាមទៅទីលានប្រជាធិបតេយ្យ ដើម្បីឱ្យទីលានសេរីភាពមួយនេះ បើកបំរើសារធារណៈជនឡើងវិញ។
ក្នុងពេលដែលលោកស្រីកំពុងផ្តល់បទសម្ភាស ជាមួយអ្នកសារព័ត៌មានក្បែររបងបន្លាលួស ដែលកំពុងហ៊ំព័ទ្ធទីលានប្រជាធិបតេយ្យ ក្រុមសន្តិសុខដែលជារឿយៗ តែងធ្វើការហាមឃាត់ អ្នកដែលមានបំណងចូលទីលានប្រជាធិតេយ្យនោះ បានស្ទុះ បានឆក់យកបដាក្រដាស ដែលសរសេរសារថា៖ «សូមដោះលែង ទីលានប្រជាធិបតេយ្យ!» ពីលោកស្រី។ បន្ទាប់ពីក្រុមសន្តិសុខបានឆក់យកបដា លោកស្រី មូរ សុខហួរ បានព្យាយាមរត់ដេញតាមពីក្រោយ ដោយស្រែកឡើងថា៖ «នេះជារបស់ខ្ញុំៗ នេះជាកម្មសិទ្ធិរបស់ខ្ញុំៗ» និងមានការប្រទាញប្រទង់គ្នា ដណ្តើមគ្នាទៅវិញទៅមកនោះផង។
មិនខុសពីសព្វមួយដងដែរ ការមកទីលានប្រជាធិបតេយ្យរបស់លោកស្រី គឺដើម្បីយកផ្កាឈូក ដែលតំណាងឱ្យធម៌អហិង្សាមកដោតលើបន្លាលួស ក្រៅពីនេះ លោកស្រីបានយកក្រណាត់ពណ៌ទឹកក្រូច ដែលមានសរសេរជាសារផ្សេងៗ របស់ប្រជាពរដ្ឋ និងជាតំណាងឱ្យស្បង់ជីពរ ព្រះសង្ឃមកចង់ជាប់នឹងបន្លាលួស។
ក្នុងព្រឹត្តិការណ៍ដដែលនោះ ក៏មានការប៉ះពាក្យសម្តីគ្នា រវាងក្រុមពលរដ្ឋដែលបានទៅធ្វើការជួបជុំគ្នានៅទីនោះ ជាមួយក្រុមសន្តិសុខនោះដែរ ដោយប្រជាពលរដ្ឋទាំងនោះ បានចោទសន្តិសុខថាជាមនុស្សឈ្លើយ ប្រើសម្តីមិនសមរម្យក្នុងការនិយាយស្តី ជាមួយពួកគាត់ជាមនុស្សចាស់។ ខាងក្រុមសន្តិសុខវិញ ធ្វើការឆ្លើយឆ្លងតបទៅវិញ ដោយមិនបង្អន់សម្តីខ្លួនឡើយ និងបានចោទអ្នកដែលព្យាយាម មកសម្តែងមតិនៅទីលានប្រជាធិបតេយ្យថា បានធ្វើឱ្យខូចសណ្តាប់ធ្នាប់ និងស្ទះចរាចរណ៍៕
សូមទស្សនាវីដេអូ ស្ដីពីព្រឹត្តិការណ៍នេះដូចតទៅ៖