សារព័ត៌មានអ៊ឺរ៉ុប៖ «ទេសចរណ៍ផ្លូវភេទនៅកម្ពុជា ជារឿងពិត»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០១ សីហា ២០១៧
- កែប្រែចុងក្រោយ: August 02, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បទបញ្ជាខ្លាំងៗ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យបិទអង្គការក្រៅរដ្ឋាភិបាលមួយ របស់អាមេរិក ឈ្មោះ «មេត្រីភាពអន្តរជាតិ» (ជាភាសាអង់គ្លេស «Agape International Missions» ហៅកាត់ «AIM») មិនបានធ្វើឲ្យសារព័ត៌មានមួយចំនួន នៅបណ្ដាប្រទេសអ៊ឺរ៉ុបខាងលិច តំអក់យូរ ក្នុងការចេញផ្សាយព័ត៌មាន របស់ផងខ្លួនឡើយ។ បណ្ដាសារព័ត៌មាន បានលើកឡើងប្រហាក់ប្រហែលគ្នា ថាទេសចរណ៍ផ្លូវភេទ ជាពិសេស ការស្វែងរកការរួមភេទ ជាមួយកុមារមិនទាន់គ្រប់អាយុ គឺជាការពិតមួយ កើតមាននៅកម្ពុជា។
ហើយការលើកឡើងនេះ ក៏មិនខុសគ្នាប៉ុន្មានឡើយ ពីបទយកការណ៍ឆ្នាំ២០១៣ របស់បណ្ដាញទូរទស្សន៍អាមេរិក ឈ្មោះ «CNN» ដែលបានត្រឡប់ ទៅដកស្រង់យករូបភាពខ្លះ ពីបទយកការណ៍នេះ មកផ្សាយឡើងវិញ កាលពីប៉ុន្មានថ្ងៃមុន តាមរយៈអត្ថបទមួយ ដែលមានចំណងជើងថា៖ «ជីវីតក្រោយការជួញដូរ៖ ក្មេងស្រីជាច្រើន ត្រូវបានលក់ឲ្យបម្រើផ្លូវភេទ ដោយម្តាយរបស់ពួកគេ» ឬជាភាសាអង់គ្លេសថា «Life after trafficking: The girls sold for sex by their mothers»។។
ប៉ុន្តែការអះអាងទាំងឡាយ នៅក្នុងបទយកការណ៍នោះ មិនត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន និងរូបលោក ហ៊ុន សែន ផ្ទាល់ផង ទទួលយកបានទេ ជាពិសេស នៅចំពោះការផ្ដល់បទសម្ភាសរបស់លោក «Don Brewster» ប្រធាន-ស្ថាបនិក ប្រចាំប្រទេសកម្ពុជា របស់អង្គការក្រៅរដ្ឋាភិបាលខាងលើ។ លោកនាយករដ្ឋមន្ត្រី បានហៅការថ្លែង របស់ប្រធានអង្គការ ដែលធ្វើការប្រឆាំងការជួញដូរផ្លូវភេទ ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៨៨មកនោះ ថាជាការប្រមាថ ទៅដល់ប្រទេស និងប្រជាពលរដ្ឋកម្ពុជា ដែល«មិនអាចអត់ឱនឲ្យបាន»។
បុរសខ្លាំងកម្ពុជា បានថ្លែងនៅចំពោះនិស្សិតបញ្ចប់ការសិក្សា ជាច្រើនរយនាក់ កាលពីម្សិលម៉ិញ ក្នុងមណ្ឌលកោះពេជ្រថា៖ «ការប្រមាថមួយនេះ មិនអាចអត់ឱនឲ្យបានទេ។ ដោយតម្លៃណាក៏ដោយ អង្គការមួយនេះ ត្រូវចាកចេញពីកម្ពុជា។ មិនអាចឲ្យនៅបានទៀតទេ ហើយទៅមានស្អីប៉ុន្មាន អីប៉ុន្មាន យើងយកមកចិញ្ចឹមហ្មោះ»។
លោកនាយករដ្ឋមន្រ្តីបានថ្លែងបន្តថា៖ «ប្រទេសខ្ញុំក្រ ប៉ុន្តែអ្នកឯងមិនអាចប្រមាថជនជាតិ របស់ខ្ញុំបានទេ អាហ្នឹងខ្ញុំសុំបញ្ជាក់»។
សារព័ត៌មាននៅអ៊ឺរ៉ុប បានយកការរកឃើញ របស់បទយកការណ៍ របស់ទូរទស្សន៍ «CNN» មកបញ្ជាក់ថា ទោះជាមានយុទ្ធនាការរបស់អាជ្ញាធរ នៅដើមទសវត្សន៍ ឆ្នាំ២០០០ ប្រឆាំងនឹងពេស្យាកម្មលើកុមារ នៅក្នុងតំបន់«ស្វាយប៉ាក»ក៏ដោយ ក៏ការជួញដូរនេះ នៅតែកើតឡើងវិញដដែល នៅក្នុងឆ្នាំក្រោយៗមក។ ប្រធានអង្គការ «AIM» លោក «Don Brewster» ត្រូវបានស្រង់សំដី នៅក្នុងបទយកការណ៍ នូវពាក្យមួយឃ្លាដូច្នេះថា៖ «បើយើងនិយាយ អំពីការជួញដូរផ្លូវភេទកុមារ ទីនេះ (តំបន់ស្វាយប៉ាក) គឺជាចំណុចកណ្តាលមួយ នៃករណីអាជីវកម្មផ្លូវភេទទាំងអស់ នៅកម្ពុជា»។
បទយកការណ៍ជាព័ត៌មាន ទាក់ទងនឹងទេសចរណ៍ផ្លូវភេទ ក្នុងប្រទេសកម្ពុជា ដែលបង្កឲ្យមានប្រតិកម្ម ពីសំណាក់របបដឹកនាំសព្វថ្ងៃ មិនមែនទើបតែកើតឡើង ជាលើកទីមួយទេ។
អ្នកសារព័ត៌មានបារាំងម្នាក់ លោក ដានីញ៉ែល ឡេណេ (Daniel Lainé) ក៏ធ្លាប់បានរងគ្រោះ ពីការចោទប្រកាន់យ៉ាងអយុត្តិធម៌ដែរ បន្ទាប់ពីបទយកការណ៍មួយ ស្ដីពីទេសចរណ៍ផ្លូវភេទនៅកម្ពុជា ក្នុងឆ្នាំ២០០៣ របស់អ្នកសារព័ត៌មានរូបនេះ ត្រូវបានចាក់ផ្សាយ នៅក្នុងទូរទស្សន៍បារាំង ប៉ុស្ដ៍លេខ១ «TF1» ក្នុងឆ្នាំដដែល។
លោក ដានីញ៉ែល ត្រូវបានអាជ្ញាធរកម្ពុជា ស្វែងរកចាប់ខ្លួន អស់រយៈពេល៩ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៣ ក្រោមបទចោទដំបូងឡើយ តាមបណ្ដឹងរបស់ជនជាតិបារាំងម្នាក់ ដែលរស់នៅក្នុងប្រទេសកម្ពុជា និងបទចោទជាថ្មី នៅពេលក្រោយមក ថាបានធ្វើ «សញ្ចារកម្ម»។ «សញ្ចារកម្ម» ដោយហេតុថា តាមរយៈបទយកការណ៍នោះ លោក ដានីញ៉ែល បានបន្លំខ្លួនចូលទៅក្នុងហេតុការណ៍ ដើម្បីថតផ្តិតយកទិដ្ឋភាពផ្ទាល់ ពីអ្វីដែលបានកើតឡើង។
សម្រាប់នៅឆ្នាំ២០១៧នេះ លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ទំនងជាងាកចំណាត់ការ សំដៅទៅលើអង្គការក្រៅរដ្ឋាភិបាលវិញម្ដង ដោយយកច្បាប់កែថ្មី ស្ដីពីអង្គការ-សមាគម ដែលទើបធ្វើវិសោធនកម្ម ក្នុងឆ្នាំ២០១៥ មកអនុវត្តន៍។ នេះ បើតាមប្រសាសន៍ផ្ទាល់ របស់លោក ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដដែល និងត្រូវបានសារព័ត៌មាន នៅអ៊ឺរ៉ុប ដកស្រង់យកទៅចុះផ្សាយ។
ក្រុមសារព័ត៌មានអ៊ឺរ៉ុប បានសរសេរថា៖ «ច្បាប់ ដែលត្រូវបានអនុម័ត្រ ក្នុងឆ្នាំ២០១៥ បានអនុញ្ញាតឲ្យលោក ហ៊ុន សែន បិទអង្គការ-សមាគមណាក៏ដោយ ដែលបង្កគ្រោះថ្នាក់ ដល់សន្តិសុខជាតិ ឬទៅដល់"ប្រពៃណី និងវប្បធម៌" របស់ប្រទេសកម្ពុជា»។ អត្ថបទខ្លះ បានពន្យល់ទៀតថា៖ «ផ្ទុយទៅវិញ ប្រទេសកម្ពុជា កំពុងត្រូវការយ៉ាងច្រើននៅឡើយ នូវជំនួយរបស់អង្គការអន្តរជាតិ នៅក្នុងវិស័យជាច្រើន ដូចជាវិស័យសុខាភិបាល និងសង្គមកិច្ច ដែលបានបានដួលទ្រុឌទ្រោម បើទោះជាសង្គ្រាមស៊ីវិល ដ៏រ៉ាំរ៉ៃ ត្រូវបានបញ្ចប់ច្រើនឆ្នាំ ទៅហើយក្ដី»៕