មេទូតខ្មែរនៅកូរ៉េខាងត្បូង សង្ស័យមានអ្នកប៉ែងជើងខ្លួន
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ មេសា ២០១៤
- កែប្រែចុងក្រោយ: April 24, 2014
- ប្រធានបទ: ពុករលួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការទូត - «ខ្មុំបានប្រកាសជាសាធារណៈ សុំឲ្យបញ្ឈប់ការបង់ប្រាក់ ឬផ្តល់កម្រៃ ដល់ការស្នើសុំបញ្ជាក់លើឯកសារ លិខិតផ្សេងៗ និងសុំពន្យារលិខិតឆ្លងដែន។ល។និង។ល។ ចំណាត់ការនេះវាអាចធ្វើអោយប៉ះពាល់ដល់មន្ត្រីមួយចំនួន»។ នេះជាការបង្ហើបឲ្យដឹង ក្នុងពេលចុងក្រោយនេះ លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកស៊ុត ឌីណា ឯកអគ្គរាជទូតទើបតែងតាំងថ្មីរបស់កម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង។
ការរំលេចឲ្យឃើញនូវបញ្ហាដោយលោក ស៊ុត ឌីណា គឺបានកើតឡើងក្រោយពីប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ហោ ណាំហុង បានសរសេរលិខិតណែនាំចុះថ្ងៃទី២១ ខែមេសានេះ ដល់លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់ថា៖ «ហាមដាច់ខាត មិនឲ្យបងប្អូន ឬនរណាផ្សេង ដែលមិនមែនជាមន្ត្រីការទូតជ្រៀតជ្រែកក្នុងការងាររបស់ស្ថានទូត និងគ្រប់គ្រងត្រារបស់ស្ថានទូតឡើយ»។
តែសម្រាប់លោក ស៊ុត ឌីណា បានអត្ថាធិប្បាយនៅលើ ទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «ខ្មុំបានចូលបម្រើការជាមន្ត្រីក្របខ័ណ្ឌការបរទេស ជាន់ខ្ពស់តាំងឆ្នាំ២០០០បន្ទាប់ពីការសិក្សាពី សាលាភូមិន្ទរដ្ឋបាលទាំងកម្រិតមធ្យម និងឧត្តមផ្នែកការទូត។ មកទល់នឹងការទទួលបានការតែងតាំង ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន (ឋានៈស្មើរដ្ឋលេខាធិការ) និងជាអនុរដ្ឋលេខាធិការក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ ពេញមួយអណត្តិទី៤ កុំថាឡើយសាច់ញាតិ បងប្អូន សូម្បីតែប្រពន្ឋ កូន ក៏ខ្មុំមិនដែលយកអោយ ទៅស្គាល់កន្លែងនិងការិយាល័យធ្វើការផង។»
លើទំព័រហ្វេសប៊ុកដដែលនោះ បានឲ្យដឹងទៀតថា រូបលោកដែលជាឯកអគ្គរាជទូតតែងតាំងថ្មី និងដែលកំពុងរង់ចាំការជូនសារតាំង ទៅប្រធានាធិបតីកូរ៉េងខាងត្បូវ នាពេលខាងមុខ នឹងធ្វើការ«ការពារនូវឧត្តមគតិ និងមនសិការស្នេហាយុត្តិធម៌ ស្នេហាជាតិ ស្រឡាញ់សេចក្តីថ្លៃថ្នូរ និងជាពិសេសស្នេហាពលករនិងជនជាតិទូទៅ»។
មុនការតែងតាំងលោកស៊ុត ឌីណា ជាឯកអគ្គរាជទូតថ្មីរបស់កម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានរងនូវការបក់បោកព្យុះភ្លៀង នៃរឿងអាស្រូវអំពើពុករលួយ ទាក់ទងនឹងការធ្វើលិខិតស្នាម និងសេវាកម្មផ្សេងៗរបស់ស្ថានទូត។ អំពើពុករលួយ ឬការយកកម្រៃខុសប្រក្រតី ដែលតែងមានការរអ៊ូរទាំពីសំណាក់ពលករកម្ពុជា និងពលរដ្ឋកម្ពុជា ដែលបានទៅសិក្សា ស្នាក់នៅ ឬរស់នៅប្រទេសកូរ៉េខាងត្បូង៕