សិក្ខាសាលាជាតិកំណត់ប្រាក់ឈ្នួលអប្បបរមា ដើម្បីបញ្ចប់ជម្លោះ?
ការកំណត់ប្រាក់ឈ្នួលអប្បបរមា ជាប្រធានបទមួយដ៏សំខាន់ ដែលបានបង្កក្នុងពេលកន្លងមក ឲ្យមានផ្ទុះបាតុកម្ម របស់កម្មករ ស្ទើពេញផ្ទៃប្រទេស។ កត្តាទាំងនេះ ត្រូវបានវាគ្មិនដែលចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិ រៀបចំដោយក្រសួងការងារ និងអង្គការថ្នាក់ជាតិ ថ្លែងបញ្ជាក់ថា វាបណ្តាលមកពីមិនមានការសិក្សា និងស្រុះគ្នារវាងនិយោជក និងនិយោជិក។
លោក អាត់ ធន់ ប្រធានសហជីពកម្មករមួយរូប ថ្លែងនៅក្នុងសិក្ខាសាលាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)
ប្រាក់ឈ្នួលអប្បបរមា - រដ្ឋមន្ត្រីក្រសួងការងារ លោកអ៊ិត សំហេង បានថ្លែងក្នុងកម្មវិធីសិក្ខាសាលា ពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ នៅថ្ងៃទី២៤ ខែ មេសានេះថា ការកំណត់ប្រាក់ឈ្នួលអប្បបរមារឿងសំខាន់មួយ ដែលទាំងរដ្ឋាភិបាល ទាំងនិយោជិក និងភាគីពាក់ព័ន្ធចង់បាន ប៉ុន្តែវាក៏យោងទៅតាមលទ្ធភាពសង្គមជាក់ស្តែងដែរ។
លោកសង្ឃឹមថា សិក្ខាសាលាថ្ងៃនេះនឹងធ្វើការសិក្សារួមគ្នា ឈានទៅរកការបញ្ចប់បញ្ហាដ៏ចម្រូងចម្រាស់ និងសិក្សាថា តើមានហានិភ័យអ្វីខ្លះ នៅពេលដែលមានការកំណត់ប្រាក់ឈ្នួលតិចពេក និងមានហានិភ័យអ្វីខ្លះ នៅពេលមានការកំណត់ប្រាក់ឈ្នួលខ្ពស់ពេក។ លោកថ្លែងថា៖ «អញ្ចឹងទេ យើងត្រូវតែរកចំនុចកណ្តាលមួយ ដែលសមស្រប» ។
លោក ទួន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជា បានអោយដឹងដែរថា៖ «សិក្ខាសាលារយៈពេលមួយថ្ងៃកន្លះនេះ អាចនឹងជំរុញឱ្យយើងធ្វើការរួមគ្នា និងសំដៅធ្វើម៉េចឱ្យអាចបង្កើតបាន នូវដំណើរការកំណត់ប្រាក់ឈ្នួល ដែលមានលក្ខណៈរឹងមាំ និងផ្អែកលើផលនៃការស្រាវជ្រាវ ជាលក្ខណៈវិទ្យាសាស្រ្ត សម្រាប់ធ្វើការកែសម្រួលប្រឈ្នួលអប្បបរមា នៅក្នុងប្រទេសកម្ពុជា នៅក្នុងពេលអនាគត តាមរយៈគណកម្មណប្រឹក្សាការងារ។
លោក អាត់ ធន់ ប្រធានសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ថ្លែងថាកន្លងមកមានចំនុចមួយចំនួន ដែលមានភាពខ្វះខាតក្នុងការកំណត់ប្រាក់ឈ្នួល ដែលធ្វើឱ្យមានបញ្ហាចម្រូងចម្រាស់ មិនចេះចប់មិនចេះហើយ ដូចជា មិនមានការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ មិនបានពិនិត្យពិភាក្សាគ្នាអោយបានត្រឹមត្រូវ និងមិនមានពេលគ្រប់គ្រាន់ ក្នុងកំណត់ប្រាក់ឈ្នួលដោយគណកម្មការប្រឹក្សាការងារ ក៏ដូចជាមានយន្តការកំណត់ប្រាក់ឈ្នួលមួយច្បាស់លាស់ នៅក្នុងប្រទេសកម្ពុជា។ លោកថា «យើងបានធ្វើការកំណត់ប្រាក់ឈ្នួលនេះ៩ដង ហើយតែវានៅតែមិនឆ្លើយតប ទៅនឹងកម្មករចង់បាន»។
លោកបានអះអាងថា ដើម្បីបញ្ចប់បញ្ហាចម្រូងចម្រាស់ លើកំណត់ប្រាក់ឈ្នួលអប្បមានេះ គួរតែទី១.មានការជជែកដោយមានការរួមគ្នា រវាងនិយោជក កម្មករនិយោជិក និងខាងរដ្ឋាភិបាលឱ្យមានការរួមគ្នា កំណត់យន្តការនៃការសិក្សាឱ្យបានច្បាស់លាស់ ទី២.ត្រូវពិនិត្យមើលយោងទៅតាមមូលដ្ឋានសង្គម និងសេដ្ឋកិច្ច និងទី៣.អោយមានការសិក្សាឱ្យស្របទៅតម្រូវការក្រុមប្រឹក្សាការងារ។
លោក អាត់ ធន់ អះអាងទៀតថា បញ្ហាមួយចំនួនដែលសហជីពយល់ថា មិនទាន់ត្រូវបានដោះស្រាយ ដូចជាបញ្ហាកម្មករ២១នាក់ ដែលបានចាប់ខ្លួនក្នុងពេលតវ៉ា និងបញ្ហាមួយទៀត ក៏ជាដើមចមនៃជម្លោះនេះផងដែរ។
សូមបញ្ជាក់ថានៅក្នុងសិក្ខាសាលានេះដែរ មានគោលបំណង៣សំខាន់៖ ទី១. ឱ្យភាគីទាំង៣ឯកភាពគ្នា ទៅលើគោលការណ៍ដែលត្រូវកំណត់ ប្រាក់ឈ្នួលអប្បមា ដោយមានជំនឿថា បើសិនជាកំណត់បាននឹងលែងមានជម្លោះ ហើយចាប់ពីឆ្នាំក្រោយទៅ អាចអនុវត្តបាននូវកិច្ចព្រមព្រៀងនេះ - ទី២. ការកំណត់ប្រាក់ឈ្នួលអប្បមានេះ ត្រូវឆ្លើយតបទៅនឹងតម្រូវការសង្គម និងតម្រូវការនៃសេដ្ឋកិច្ច កុំឱ្យយោងទៅតាមការនឹកឃើញ និងគ្មានការវិភាគច្បាស់លាស់ និងទី៣. ទាំង៣ភាគីនេះនឹងចូលតុចរចា ដោយមិនមានការគម្រាមកំហែង និងមានភាពស្មើសិទ្ធិគ្នា៕
----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ មេសា ២០១៤