រវាងសារាចរណ៍ណែនាំ និងរដ្ឋធម្មនុញ៖ ប្រតិកម្មរបស់ ស ម៉ូរ៉ា
«តើរដ្ឋធម្មនុញ្ញសំខាន់ ច្បាប់ទាំងនោះសំខាន់ ឬជាការអនុវត្តទៅលើសារាចរណ៍ណែនាំបន្តិចបន្តួច របស់សាលារាជធានីភ្នំពេញ ឬអាជ្ញាធរផ្សេងៗសំខាន់ជាង?» នេះជាការលើកឡើងរបស់លោក ស ម៉ូរ៉ា ដែលលោកមើលឃើញ ពីការអនុវត្តន៏យ៉ាងខ្ជាប់ខ្ជួន របស់សន្តិសុខខ័ណ្ឌចំពោះសារាចរណ៍របស់ក្រសួងមហាផ្ទៃ ជាងច្បាប់ដែលចែងក្នុងរដ្ឋធម្មនុញ្ញ។
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា។ (រូបថត MONOROOM.info/ O.Vary)
ច្បាប់ - បន្ទាប់ពីផ្ទុះហិង្សាកាលពីថ្ងៃទី២និងទី៣មករា ឆ្នាំ២០១៤រួចមក ក្រសួងមហាផ្ទៃបានចេញសារាចរណ៍ណែនាំមួយ ហាមមិនអោយមានការជួបជុំលើសពី១០នាក់ឡើងទៅ ដើម្បីរក្សាសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈអោយ មានភាពប្រក្រតី។ ដែលចាប់តាំងពីពេលនោះមក រាល់ការជួបជុំតវ៉ាតែងតែមានការបង្រ្កាប និងការចាប់ខ្លួនពីសមត្ថកិច្ចរបស់ខ័ណ្ឌនៅក្នុងរាជធានីភ្នំពេញ។ យ៉ាងណាមិញកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤ ក្នុងខណៈពេលដែលសមាគមប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្វើពិធីបួងសួងនៅមុខព្រះអង្គដងកើនោះ ក៏ត្រូវបានអាជ្ញាធរធ្វើការបណ្តេញចេញ និងចាប់ខ្លួនដែរ។
ករណីនៃការចាប់ខ្លួននេះ បានធ្វើជាបន្តបន្ទាប់ទៅលើស្រ្តីអ្នកតវ៉ានៅតំបន់បឹងកក់ដូចគ្នាដែរ កាលពីថ្ងៃទី០៦ និងថ្ងៃទី២១ មករាឆ្នាំកន្លងទៅ ។ ចំពោះការអនុវត្តន៍នៃសារាចរណ៍នេះ លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានសង្កេតឃើញថា «កន្លងឃើញមានខ័ណ្ឌដូនពេញ ដែលជាខ័ណ្ឌមួយចូលចិត្តប្រើនូវអំពើហិង្សា និងការរិតត្បិតនូវសេរីភាព ក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ។ ជាក់ស្តែងដូចកាលពីថ្ងៃអាទិត្យពេលដែលយើងបានព្យាយាមជួបជុំគ្នានៅមុខវត្តឧណ្ណាលោម ដែលស្ថិតនៅខ័ណ្ឌនេះ ឃើញមានសុទ្ធតែសន្តិសុខពាក់អាវខ្មៅ ហើយចុងក្រោយសូម្បីតែអុជធូប នៅមុខព្រះអង្គដងកើក៏គេមិនអោយធ្វើអោយដែរ។»
ការហាមឃាត់ការប្រមូលផ្តុំ របស់ប្រជាពលរដ្ឋដោយសន្តិសុខខ័ណ្ឌ កាលពីពេលកន្លងមកជាការអនុវត្តន៍ត្រឹមត្រូវដែរឬទេ? ពាក់ព័ន្ធបញ្ហានេះដែរ ប្រធានសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជារូបនេះបានបញ្ជាក់ថា «អ្វីដែលសំខាន់ បើយើងយករដ្ឋធម្មនុញ្ញ កតិកាសញ្ញាអន្តរជាតិ និងច្បាប់អន្តរជាតិមួយចំនួនយកមកពិនិត្យមើល ដែលរដ្ឋាភិបាលអោយសច្ចាប័ននោះ ហើយគាត់ចេះវាយតម្លៃមើលនោះថា តើរដ្ឋធម្មនុញ្ញសំខាន់ ច្បាប់ទាំងនោះសំខាន់ ឬជាការអនុវត្តទៅលើ សារាចរណ៍ណែនាំបន្តិចបន្តួច របស់សាលារាជធានីភ្នំពេញ ឬអាជ្ញាធរផ្សេងៗសំខាន់ជាង?»
បើទោះបីជាមានការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន របស់សន្តិសុខសាលាខ័ណ្ឌ ទាំងអស់របស់សាលារាជធានីភ្នំពេញ ជាពិសេសខ័ណ្ឌដូនពេញយ៉ាងណាក៏ដោយ លោកយល់ថាការហាមឃាត់មិនអោយប្រជាពលរដ្ឋ មកជួបជុំគ្នា នៅកម្ពុជាឥលូវនេះ វាមិនមែនជាដំណោះស្រាយនោះទេ រដ្ឋាភិបាលគួរមើលអ្វីជាកង្វល់របស់ប្រជាពលរដ្ឋពិតប្រាកដ ហើយព្យាយាមដោះស្រាយវា នោះទើបជាដំណោះស្រាយពិតប្រាកដ។
គួរបញ្ជាក់ថា ច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី មាត្រា៩ បកស្រាយថា អាជ្ញាធរដែនដីរាជធានី ឬខេត្តមានសមត្ថកិច្ចត្រូវឆ្លើយតបជាវិជ្ជមាន ចំពោះលិខិតជូនដំណឹងជាលាលក្ខណ៍អក្សរ លើកលែងតែ ការធ្វើចំថ្ងៃបុណ្យជាតិសំខាន់ៗ និងមានព័ត៌មានច្បាស់ថា ការធ្វើបាតុកម្មនេះនឹងអាចបង្កគ្រោះថ្នាក់ណាមួយ ឬនឹងអាចប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ មាត្រា១៧ នៃច្បាប់ដដែលនេះបានចែងថា អាជ្ញាធរមានសមត្ថកិច្ច ត្រូវបានចាត់វិធានការការពារដល់ក្បួនបាតុកម្មដោយសន្តិវិធី ដើម្បីធានារក្សាសន្តិសុខអោយបានល្អប្រសើរ ហើយមិនត្រូវជ្រៀតជ្រែកដល់ការប្រព្រឹត្តិទៅ នៃការធ្វើបាតុកម្មដោយសន្តិវិធីនោះឡើយ៕
-----------------------------------------------
ដោយ៖ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៤