សាសា ​នឹង​ត្រូវ​«នាំ​ខ្លួន» បើ​គេច​វេស​ដីកា​ទី២​របស់​តុលាការ

អតីតពិធីការិនី នៅស្ថានីយទូរទស្សន៍ CTN កំពុងប្រឈមមុខ នឹងការបញ្ជា ពីសំណាក់តុលាការ ប្រសិនបើ​ព្រះរាជ​អាជ្ញា ចេញ​ដីកា​កោះ​ហៅ​ជា​លើកទី២ នាពេលខាងមុខនេះ ហើយនាងនៅតែគេចវេស មិន​ព្រម​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ តាម​ការ​កោះ​ហៅ​ទេ​នោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៩ សីហា២០១៥
  • កែប្រែចុងក្រោយ: September 03, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមការអះអាង របស់ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង បានលើកឡើងថា អតីតពិធីការិនីស្ថានីយ​ទូរទស្សន៍ CTN កញ្ញា ឯក សុជាតា ហៅ សាសា បើបន្តការគេចវេសជាលើកទីពីរ និងមិនព្រមចូលខ្លួនមក​ឆ្លើយ​បំភ្លឺទេ តុលាការនឹងអាចមានវិធានការ «នាំខ្លួន»ជាបន្ត។ ការថ្លែងព្រមានរបស់មន្ត្រីតុលាការនេះ បានធ្វើឡើង បន្ទាប់ពីព្រះរាជអាជ្ញារង សាលាដំបូងខេត្តបាត់ដំបង បានចេញដីកាកោះហៅកញ្ញា ឯក សុជាតា ហៅ សាសា ជា​លើកទី២ ឲ្យបំភ្លឺក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ (កើតហេតុ កាលពីថ្ងៃទី២ ខែសីហា កន្លងទៅ)  នៅថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង៨ និង៣០នាទីខាងមុខនេះ។

សូមរំលឹកថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង បានចេញដីកា​កោះហៅកញ្ញា សាសា ឲ្យចូលបំភ្លឺ ក្នុងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ទាក់ទងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ តែ​មិនបានចូល បំភ្លឺតាមការកោះហៅឡើយ ហើយក៏មិនបានបញ្ជាក់ ពីមូលហេតុនៃការអវត្តមាននេះ មកកាន់​តុលាការ​នោះដែរ។

ក្រឡាបញ្ជីម្នាក់ នៃសាលាដំបូងមួយបានលើកឡើងថា តាមនីតិវិធីច្បាប់ ដីកាកោះលើកទីមួយ មិនចូលខ្លួន និង​គ្មានដំណឹងនោះ តុលាការនឹងចេញដីកាលើកទីពីរ។ លោកបន្តថា បើព្រះរាជអាជ្ញាកោះហៅ ជាលើកទីពីរ នៅ​តែមិនចូលខ្លួន ដោយគ្មានមូលហេតុទៀត ព្រះរាជអាជ្ញាអាចនឹងសម្រេច ធ្វើការចោទប្រកាន់ ពាក់ព័ន្ធនឹង​សំណុំ​រឿង បង្កគ្រោះថ្នាក់លើអ្នកដទៃ ដោយអចេតនា បន្ទាប់មកបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរ ដើម្បី​ចេញ​ដីកា «បង្គាប់ឲ្យនាំខ្លួន» តែម្ដង។

នៅក្នុងសំណុំរឿង គ្រោះថ្នាក់​ចរាចរណ៍ កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ កញ្ញា សាសា និងមិត្តភក្តិ​ពីរ​នាក់​ទៀត ត្រូវបានគេ​មើល​ឃើញ ថា​បាន​ផឹកស៊ី ក្នុងហាង«តោពីរ» នាក្រុងបាត់ដំបង។ បន្ទាប់ពីបញ្ចប់ការ​ផឹក​ស៊ី​នេះ ក៏បើករថយន្តម៉ាក Porsche ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-7888 បុកទៅលើអ្នកជិះម៉ូតូ​សណ្ដោង រ៉ឺម៉ក​ដឹក​ទឹកកក បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​រង​របួស។ សាក្សីជាច្រើនបាននិយាយថា មិត្តភក្តិ សាសា បាន​ចេញមុខ​ដោះ​ស្រាយ បញ្ចប់​រឿង​នេះ។

បន្ទាប់ពីសារព័ត៌មានក្នុងស្រុក បានចុះផ្សាយយ៉ាងព្រោងព្រាត នូវករណីនេះ កញ្ញា សាសា បានធ្វើការបដិសេធ តាម​គណនី​ហ្វេសប៊ុករបស់នាងថា នាងមិនបាននៅក្នុង ហេតុការណ៍នោះទេ។ យប់កើតហេតុនោះ នាងកំពុងតែ​ស្ថិត​នៅ ក្នុងប្រទេសថៃ ឯរថយន្តបង្កគ្រោះថ្នាក់ ជារថយន្តរបស់មិត្តភក្តិនាង នៅឯខេត្តបាត់ដំបង។

មិនត្រឹមតែប៉ុណ្ណឹង កញ្ញា សាសា ធ្លាប់បានប្រើសម្ដីវាយប្រហារ ទៅលើអ្នកសារព័ត៌មានថា បានផ្សាយ​ព័ត៌មាន​បំភ្លើស បង្ខូចកិត្តិយសរបស់នាង ហើយព្រមានមក«សួរសុខទុក្ខ» អ្នកសារព័ត៌មាន ដល់ការិយាល័យ​នោះ​ទៀត។

ភស្ដុតាងមួយចំនួន តាមរយៈកាមេរ៉ាសុវត្ថិភាព នៅហាងតោពីរ និងសាក្សីឃើញផ្ទាល់ភ្នែកផង បានអះអាងថា នៅយប់កើតហេតុ កញ្ញា សាសា ពិតជាបាននឹងកំពុងអង្គុយផឹកស៊ី ជាមួយមិត្តភក្តិនៅទីនោះ ហើយករណីនេះ ត្រូវបានសមត្ថកិច្ច សម្រេចបញ្ជូនសំណុំរឿង ឡើងតុលាការតែម្ដង។ រីឯមិត្តភក្តិ ២នាក់ របស់ កញ្ញា សាសា ចំនួន​២នាក់ ដែលត្រូវបាន ព្រះរាជអាជ្ញារងខេត្តបាត់ដំបង កោះហៅមកសាកសួរព័ត៌មាន អំពីបញ្ហា​គ្រោះ​ថ្នាក់​ខាង​លើ បាន​ឆ្លើយ​យក​រួច​ខ្លួន ទើបជម្រុញឲ្យព្រះរាចអាជ្ញា សម្រេចចេញដីកាកោះហៅ កញ្ញា សាសា ឲ្យ​ចូល​ខ្លួន​ឆ្លើយ​​បំភ្លឺ​កាល​ពី​ថ្ងៃ​ទី២៧ ខែ​សីហា កន្លងមក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...