ខារ៉ាអូខេមួយកន្លែង រំខានដល់អ្នកនៅផ្ទះជួលដេកមិនបាន
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ២៨ សីហា ២០១៥
- កែប្រែចុងក្រោយ: September 03, 2015
- ប្រធានបទ: សណ្ដាប់ធ្នាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបើកអាជីវកម្មខារ៉ាអូខេ មួយកន្លែង បានបង្កសម្លេងរំខានឲ្យពលរដ្ឋអ្នករស់នៅជុំវិញ សម្ដែងការមិនពេញចិត្ត។ ទីកន្លែងបើកអាជីវកម្មនោះ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានពលរដ្ឋឲ្យដឹងថា ទើបនឹងបើកថ្មីៗ ហើយបានបង្ក ឲ្យមានសម្លេងខ្ញៀវខ្ញារអឺងកង ធ្វើឲ្យពលរដ្ឋពិបាកទទួលទានដំណេក។
បុរសជួលបន្ទប់ នៅជិតទីតាំងខាងលើម្នាក់ វ័យប្រមាណ៣០ឆ្នាំ បានបញ្ចេញវាចារ ទាំងភាពម៉ូហ្មងក្នុងចិត្តថា៖ «ធ្វើការមួយថ្ងៃ ពេលល្ងាចទៅសាលា មកដល់ផ្ទះសង្ឃឹមថា បានសម្រាកស្រួល តែបែរជាមកស្តាប់សម្លេងរំខាន រហូតដល់យប់ម៉ោង១១ ម៉ោង១២ទៅទៀត»។ បុរសដែលធុញទ្រាន់ នឹងសម្លេងរំខានរូបនេះ បានបន្តទៀតថា លោករស់នៅទីនេះយូរមកហើយ មិនដែលមានរឿងនេះទេ តែសម្លេងរំខាននេះ ទើបតែលឺឡើងប្រមាណ២ បីយប់ចុងក្រោយនេះប៉ុណ្ណោះ។ ពីមុនមិនធ្លាប់មាននោះទេ ហើយលោកក៏មិនបានដឹង ពីប្រភពនៃសម្លេងនោះដែរ តែអ្នករស់នៅបន្ទប់ជិតគ្នាប្រាប់ថា ជាសម្លេងមកពីកន្លែង ខារ៉ាអូខេមួយកន្លែង ដែលទើបតែបើក នៅក្នុងភូមិនេះ។
មេភូមិថាមិនអី?
ស្រ្តីវ័យកណ្តាល សុំមិនបញ្ចេញឈ្មោះម្នាក់ទៀត បានលើកឡើងដែរថា គាត់រស់នៅក្នុងសង្កាត់ស្រះចកនេះ យូរមកហើយ ពុំធ្លាប់មានសម្លេងច្រៀងរាំ បែបហ៊ោកញ្រ្ចៀវ រំខានដល់ថ្នាក់នេះនោះទេ។ បច្ចុប្បន្នហាក់ខ្លាំងខុសពីធម្មតា គ្មានអ្នកណាជួយអន្តរាគមន៍សោះ។ អ្នកស្រីបន្តថា ស្វាមីអ្នកស្រី ធ្លាប់បាននិយាយជាមួយមេភូមិទី៦ ក្នុងសង្កាត់ស្រះចកនេះដែរ ពីបញ្ហាសម្លេងរំខានអ្នកភូមិ មិនបានដេកពូននេះ ប៉ុន្តែលោកមេភូមិនៅគិតថា វាជាបញ្ហាមិនទាន់ធំដុំនោះឡើយ។
ម្ចាស់បន្ទប់ជួលម្នាក់ទៀត បានអះអាងថា សម្លេងនេះមិនមែននៅក្នុងភូមិទី៦ សង្កាត់ស្រះចកទេ តែវាជាសម្លេងមកពីភូមិផ្សេង ដូចច្នេះទាល់តែមេភូមិនោះ ជាអ្នកដោះស្រាយទើបបាន។ អ្នកស្រីបានពន្យល់ថា ដោយសារក្នុងចំណោមភូមិទាំង៦ គឺភូមិ៦ របស់អ្នកស្រី នៅក្រោមខ្យល់ដូច្នេះ បើមានបញ្ហាសម្លេង នៅភូមិពីមួយ ដល់ភូមិ៥ ធ្វើឲ្យអ្នករស់នៅ ក្នុងភូមិទី៦ ស្ដាប់ឮទាំងអស់ គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។ អ្នកស្រីក៏បានឱ្យដឹងដែរថា កាលពីមុន មិនដែលមានសម្លេងបែបនេះ នៅពេលយប់ជ្រៅៗនោះទេ ពេលនេះស្រាប់តែមាន ប្រហែលជាមកពីបញ្ហបច្ចេកកទេស របស់ក្លិបខារ៉ាអូខេ ទើបតែបង្តើតនោះហើយមើលទៅ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមិនអាចសុំការបំភ្លឺ ពីបញ្ហារំខាន នៅក្នុងខារ៉ាអូខេថ្មី ពីការរអ៊ូររបស់អ្នកភូមិខាងលើបានទេ។ យ៉ាងណាក៏ដោយ នៅយប់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៥ សម្លេងច្រៀងរ៉ាំ នៅតែមានរហូតដល់ម៉ោង ជាង១១យប់ដដែល៕