អ្នករាយការណ៍ពិសេស អ.ស.ប. នៅតែព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា
សម្រាប់លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី ដំណើរមកកាន់កម្ពុជានៅពេលនេះ លោកមានបំណងសង្កេតមើល ពីការអនុវត្តតាមអនុសាស ដែលលោកបានផ្ដល់ជូនក្នុងរបាយការណ៍លើកមុន និងឃ្លាំមើលពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ស្ថានភាពសិទ្ធិមនុស្ស ដែលលោកបានលើកឡើង នៅក្នុងសន្និសិតកាសែត កាលពីរសៀលថ្ងៃសុក្រទី១៤ធ្នូ ថានៅមានការព្រួយបារម្ភខ្លាំង នៅឡើយ។
លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី ក្នុងសន្និសិតកាសែត កាលពីរសៀលថ្ងៃសុក្រទី១៤ធ្នូ ឆ្នាំ២០១២។
រូបថត MONOROOM.info/ Phnom Thom
ក្នុងពេលបញ្ចប់បេសកកម្មលើកទីប្រាំបី លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបានធ្វើសន្និសីទកាសែត កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ។ លោកក៏បានជួបពិភាក្សាជាមួយអង្គការដៃគូរនានា ដើម្បីផ្តោតលើការស្វែងរកដំណោះស្រាយមួយមានតុល្យភាព ចំពោះបញ្ហាទាំងឡាយ ដែលទាក់ទងនឹងសម្បទានដីសេដ្ឋកិច្ច និងដីសម្បទានដទៃទៀត ។ លោកបានជំរុញឲ្យរដ្ឋាភិបាល ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ប្រព័ន្ធបោះឆ្នោត និងលើកពីផលប៉ះពាល់លើសិទ្ធិផ្តល់ដីសម្បទានសេដ្ឋកិច្ច ព្រមទាំងសម្បទានដទៃទៀត និងពន្លឿនការអនុវត្តកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព ជូនប្រជាពលរដ្ឋ ។
លោកនិយាយថា «(...) ជាការពិតណាស់កង្វល់មានច្រើន អំពីការអនុវត្តកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ដូចជាកង្វះតម្លាភាព ផលប៉ះពាល់ របស់កម្មវិធីនេះទៅលើជនជាតិដើមភាគតិច និងអំពីរបៀបជ្រើសរើសសហគមន៍ ដែលត្រូវផ្តល់ប័ណ្ណកម្មសិទ្ធិ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឲ្យតែកម្មវិធីនេះ អាចផ្តល់ឲ្យម្ចាស់ដីស្របច្បាប់ ទទួលបានកម្មសិទ្ធិដីធ្លី របស់ខ្លួនស្របច្បាប់នោះ វាគឺជាវឌ្ឍនភាពមួយដែលត្រូវស្វាគមន៍ហើយ។»
លោកក៏កំពុងព្យាយាមធ្វើការងារ ក្នុងនាមអង្គការសហប្រជាជាតិ ផ្តល់យោបល់ដល់រាជរដ្ឋាភិបាលកម្ពុជា អំពីអ្វីដែលជាកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ អំពីមធ្យោបាយ ដែលត្រូវអនុវត្តន៍ ក្នុងនាមលោកជាអ្នកជំនាញច្បាប់ឯករាជ្យ របស់អង្គការសហប្រជាជាតិ ។ លោករំពឹងថាកម្ពុជា ត្រូវមានគោលនយោបាយមួយច្បាស់លាស់ ក្នុងការជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋពិតប្រាកដ ក្រោមការគោរពសិទ្ធិមនុស្សឲ្យបានរឹងមាំ ដោយលោកនៅតែគោរពទាំងស្រុង ចំពោះអធិបតេយ្យភាព និងសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចចិត្តដើម្បីផលប្រយោជន៍ជាតិ។
ការលើកឡើងរបស់លោក ស៊ូប៊ើឌី នេះ ទំនងជាចង់ឆ្លើយតបទៅនឹង ពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន ដែលថ្លែងជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ថាលោកស៊ូប៊ើឌី គួរតែរៀនគោរពអធិបតេយ្យភាពរបស់ប្រទេសមួយ។
ទាក់ទងនឹងការបោះឆ្នោត លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី ក៏បានផ្តោតសំខាន់ លើកំណែទម្រង់ការបោះឆ្នោត ដែលត្រូវដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីខែកញ្ញា ឆ្នាំ២០១២ ដោយបានជំរុញឲ្យគ្រប់ភាគីទាំងអស់ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី យុត្តិធម៌ និងសន្តិវិធី។ លោកបានជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូប អនុវត្តសិទ្ធិរបស់ខ្លួន ដោយការទទួលខុសត្រូវ និងគោរពសិទ្ធិរបស់អ្នកដទៃឲ្យបានត្រឹមត្រូវ នៅពេលអនុវត្តសិទ្ធិរបស់ខ្លួននោះ។
សេរីភាពបញ្ចេញមតិ នៅតែជាការគួរអោយព្រួយបារម្ភ
លោកបន្តថាលោកមានការព្រួយបារម្ភ ជាខ្លាំងអំពីវប្បធម៌និទណ្ឌភាពនៅកម្ពុជា និងបញ្ជីដ៍វែងនៃបទឧក្រិដ្ឋ ដែលក្នុងនោះមិនមាន ជនល្មើសណាមួយត្រូវបាននាំខ្លួន មកតុលាការដើម្បីផ្តន្ទាទោសឡើយ ។ និទណ្ឌភាពគឺជាមេរោគដែលស៊ីរូងផ្ទៃក្នុងសង្គម ធ្វើឲ្យសារធារណៈជនបាត់បង់ ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ នៅក្នុងប្រទេសមួយ ដែលមិនត្រឹមតែប្រព័ន្ធតុលាការប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងស្ថាប័ននគរបាល និងភ្នាក់ងារប្រតិបត្តិច្បាប់ផ្សេងៗផងដែរ។
លោកបន្តទៀតថា«ខ្ញុំមានការព្រួយបារម្ភជាខ្លាំង អំពីសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា ។ មានករណីមួយចំនួន ទាក់ទងនឹងការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញ ដល់អ្នកដែលបំពេញការងារ ក្នុងវិស័យព័ត៌មាន និងតស៊ូមតិផ្នែកសិទ្ធិមនុស្ស (...)។ ការប្រើច្បាប់ស្តីពី “ការញុះញង់” ហួសហេតុ ហាក់បីដូចជាធ្វើឲ្យប្រជាពលរដ្ឋ ដាក់សម្ពាធលើខ្លួនដោយខ្លួនឯង។»
រដ្ឋាភិបាលបឈ្ឈប់«កិច្ចសន្ទនា»ជាមួយលោក?
លោក ស៊ូប៊ើឌី បានបង្ហាញពីគោលដៅរបស់លោក ក្នុងការផ្ដល់យោបល់ សម្រាប់អនាគតនៃប្រទេសកម្ពុជា មានសុខសន្តិភាព ប្រជាធិបតេយ្យ ស្ថិរភាព និងនិរន្តរភាព ហើយអនុសាសន៍របស់លោក ធ្វើឡើង ក៏ដើម្បីផ្តល់ជូនជាដំណោះស្រាយ ចំពោះបញ្ហាប្រឈមមួយចំនួន ខាងសិទ្ធិមនុស្សក្នុងប្រទេសនេះតែប៉ុណ្ណោះដែរ ។ លោកបញ្ជាក់ថា បានប្រកាន់ភ្ជាប់នូវគោលការណ៍«សន្ទនា»ក្នុងន័យស្ថាបនា ហើយលោកក៏ជឿជាក់ថា«កិច្ចសន្ទនា» គឺជាមធ្យោបាយមួយដ៏សំខាន់ឆ្ពោះទៅមុខ ជាមួយដៃគូពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាល។
លោកមានការសោកស្តាយជាខ្លាំង មិនបានជួបប្រាស្រ័យទាក់ទងជាមួយដៃគូពិភាក្សា ក្នុងជួររដ្ឋាភិបាល នាពេលបំពេញបេសកកម្មនេះ ។ លោកក៏មិនដឹងច្បាស់ដែរថា នឹងមានការច្រានចោល នូវរបាយការណ៍វិភាគអំពីស្ថានភាពសិទ្ធិមនុស្ស និងបញ្ហាប្រឈមនានា ដែលកម្ពុជាជួបប្រទះ ។ លោកបន្តថា «ហេតុអ្វីបានជាស្ថានភាពទំនាក់ទំនងរវាងលោក និងរដ្ឋាភិបាលកម្ពុជាកើតឡើងយ៉ាងដូច្នេះ? តើមកពីហេតុអ្វី?»
រហូតមកទល់ម៉ោងនេះ មនោរម្យព័ងអាំងហ្វូ ព្យាយាមស្វែងរកប្រតិកម្មពីមន្ត្រីរបស់រដ្ឋាភិបាល ប៉ុន្តែមិនមានការឆ្លើយតបទេ ដោយថ្ងៃនេះជាថ្ងៃសម្រាកចុងសប្ដាហ៍ផងនោះ។
លោក ស៊ូប៊ើឌី បានសម្ដែងការភ្ញាក់ផ្អើល ទៅនឹងប្រតិកម្មប្រឆាំងតប នឹងអនុសាសន៍របស់លោកមួយចំនួន តែទោះជាយ៉ាងណាក៏ដោយ លោកសូមអរគុណដល់រដ្ឋាភិបាល ដែលបានអញ្ជើញរូបលោក មកប្រទេសកម្ពុជា និងមិនធ្វើឲ្យមានការរាំងស្ទះ ដល់ដំណើររបស់លោក ក្នុងការជួបជាមួយនឹងជនរងគ្រោះ ដោយអំពើរំលោភបំពានសិទ្ធិមនុស្ស ។
ក្នុងដំណើរការបេសកកម្មលើកនេះលោកបានសំរេចចិត្តផ្តោតលើការឃ្លាំមើលពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា និងតាមដានការអនុវត្តអនុសាសន៍ទាំងឡាយដែលមាននៅក្នុងរបាយការណ៍លើកមុនៗ របស់លោក។ ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់លោក ដែលបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គឺផ្តោតសំខាន់ទៅលើប្រព័ន្ធយុតិ្តធម៌ រដ្ឋសភា និងកំណែទម្រង់ប្រព័ន្ធបោះឆ្នោត និងផលប៉ះពាល់លើសិទ្ធិមនុស្ស ដោយសម្បទានគោលដៅសេដ្ឋកិច្ច និងសម្បទានដទៃផ្សេងទៀត ។
---------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ