រដ្ឋាភិបាលកម្ពុជាបដិសេធមិនជួប សុរិយា ស៊ូប៊ែឌី
- ដោយ: ត្នោតខ្មែរ ([email protected]) - ភ្នំពេញថ្ងៃទី១៥ ធ្នូ ២០១២
- កែប្រែចុងក្រោយ: December 15, 2012
- ប្រធានបទ: សិទ្ធិមនុស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា បានសំដែងការសោកស្តាយ នៅចំពោះការអាក់ខាន ការជួបប្រាស្រ័យទាក់ទង ជាមួយដៃគូពិភាក្សា ក្នុងជួររដ្ឋាភិបាល នាពេលបំពេញបេសកកម្ម របស់លោកក្នុង ខែធ្នូ ឆ្នាំ២០១២នេះ។ លោកអះអាងថា លោកមិនដឹងច្បាស់ ពីការច្រានចោល នូវរបាយការណ៍វិភាគ អំពីស្ថានភាពសិទ្ធិមនុស្ស និងបញ្ហាប្រឈមនានា ដែលកម្ពុជាជួបប្រទះ ។
អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា បានចោទជាសំនួរឡើងថា ហេតុអ្វីបានជាស្ថានភាព ទំនាក់ទំនងរវាងលោក និងរដ្ឋាភិបាលកម្ពុជាកើតឡើងយ៉ាងដូច្នេះ តើមកពីហេតុអ្វី? លោកបានសំដែងការភ្ញាក់ផ្អើល ដោយបានឮប្រតិកម្ម ចំពោះអនុសាសន៍ មួយចំនួនរបស់លោក តែទោះជាយ៉ាងណាក៏ដោយ លោកសូមអរគុណ ដល់រដ្ឋាភិបាល ដែលបានអញ្ជើញរូបលោក មកប្រទេសកម្ពុជា និងមិនធ្វើឲ្យមានការរាំងស្ទះ ដល់ដំណើររបស់លោក ក្នុងការជួបជាមួយនឹង ជនរងគ្រោះ ដោយអំពើរំលោភបំពាន សិទ្ធិមនុស្ស។
យ៉ាងណា លោកស៊ូប៊ែឌី បានជួបពិភាក្សា ជាមួយអង្គការដៃគូរនានា ដើម្បីផ្តោតលើ ការស្វែងរក ដំណោះស្រាយមួយមានតុល្យភាព ចំពោះបញ្ហាទាំងឡាយ ដែលទាក់ទង នឹងសម្បទានដីសេដ្ឋកិច្ច និងដីសម្បទាន ដទៃទៀត ។ លោកបានជំរុញ ឲ្យរដ្ឋាភិបាល ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កំណែទម្រង់ប្រព័ន្ធបោះឆ្នោត និងផលប៉ះពាល់លើសិទ្ធិផ្តល់ ដីសម្បទានសេដ្ឋកិច្ច ព្រមទាំងសម្បទានដទៃទៀត និងពន្លឿនការអនុវត្តកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព ជូនប្រជាពលរដ្ឋ ។
លោកបន្តថា «... ជាការពិតណាស់កង្វល់មានច្រើន អំពីការអនុវត្ត កម្មវិធីផ្តល់ ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ដូចជា កង្វះតម្លាភាព ផលប៉ះពាល់ របស់កម្មវិធីនេះ ទៅលើ ជនជាតិដើមភាគតិ និងអំពីរបៀបជ្រើសរើសសហគមន៍ ដែលត្រូវផ្តល់ប័ណ្ណកម្មសិទ្ធិ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឲ្យតែកម្មវិធីនេះ អាចផ្តល់ឲ្យម្ចាស់ដីស្របច្បាប់ ទទួលបានកម្មសិទ្ធិដីធ្លី របស់ខ្លួនស្របច្បាប់នោះ វាគឺជាវឌ្ឍនភាពមួយ ដែលត្រូវស្វាគមន៍ហើយ» ។
លោកកំពុងព្យាយាម ធ្វើការងា រក្នុងនាមអង្គការសហប្រជាជាតិ ផ្តល់យោបល់ដល់ រាជរដ្ឋាភិបាលកម្ពុជា អំពីអ្វីដែល ជាកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ អំពីមធ្យោបាយ ដែលត្រូវអនុវត្តតក្នុងនាមលោក ជាអ្នកជំនាញច្បាប់ឯករាជ្យ របស់អង្គការសហប្រជាជាតិ ។ លោករំពឹងថា កម្ពុជានឹងមាន គោលនយោបាយ មួយច្បាស់លាស់ ក្នុងការជំរុញ ឲ្យមានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋពិតប្រាកដ ក្រោមការគោរពសិទ្ធិមនុស្ស ឲ្យបានរឹងមាំ ។ លោកនឹងនៅតែ គោរពទាំងស្រុង ចំពោះអធិបតេយ្យភាព និងសមត្ថកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចចិត្ត ដើម្បីផលប្រយោជន៍ជាតិ។
ក្នុងការបំពេញបេសកកម្មនេះ លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី បានផ្តោតសំខាន់ លើបញ្ហាសិទ្ធិមនុស្ស ទាក់ទងនឹងការបោះឆ្នោត ការកំណែទម្រង់ ការបោះឆ្នោត ដែលត្រូវដាក់ ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីខែកញ្ញា ឆ្នាំ២០១២ ។ លោកក៏បានជំរុញឲ្យ គ្រប់ភាគីទាំងអស់ និងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដើម្បីធានាឲ្យមានការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងសន្តិវិធី ហើយលោកក៏ជំរុញឲ្យ ប្រជាពលរដ្ឋគ្រប់រូប អនុវត្តសិទ្ធិរបស់ខ្លួន ដោយការទទួលខុសត្រូវ និងគោរពសិទ្ធិ របស់អ្នកដទៃឲ្យបានត្រឹមត្រូវ នៅពេលអនុវត្តសិទ្ធិ របស់ខ្លួន។
លោកមានការព្រួយបារម្ភ ជាខ្លាំង អំពីវប្បធម៌និទណ្ឌភាព នៅកម្ពុជា និងបញ្ជីដ៍វែង នៃបទឧក្រិដ្ឋ ដែលក្នុងនោះមិនមាន ជនល្មើសណាមួយ ត្រូវបាននាំខ្លួន មកតុលាការ ដើម្បីផ្តន្ទាទោសឡើយ ។ និទណ្ឌភាពគឺ ជាមេរោគដែលស៊ីរូងសង្គម ធ្វើឲ្យសារធារណៈជនបាត់បង់ ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ នៅក្នុងប្រទេសមួយ ដែលមិនត្រឹមតែ ប្រព័ន្ធតុលាការប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងស្ថាប័ននគរបាល និងភ្នាក់ងារប្រតិបត្តិច្បាប់ ផ្សេងៗផងដែរ។
«ខ្ញុំមានការព្រួយបារម្ភ ជាខ្លាំងអំពីសេរីភាព ក្នុងការបញ្ចេញមតិនៅកម្ពុជា ។ មានករណីមួយចំនួនទាក់ទង នឹងការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញ ដល់អ្នកដែលបំពេញការងារ ក្នុងវិស័យព័ត៌មាន និងតស៊ូមតិផ្នែកសិទ្ធិមនុស្ស... ។ ការប្រើច្បាប់ស្តីពី “ការញុះញង់” ហួសហេតុ ហាក់បីដូចជាធ្វើឲ្យប្រជាពលរដ្ឋ ដាក់សម្ពាធលើខ្លួនដោយខ្លួនឯង» នេះជាការអះអាងរបស់លោក។
គោលដៅរបស់លោក គឺការផ្តល់ប្រឹក្សាយោបល់ សម្រាប់អនាគត នៃប្រទេសកម្ពុជា មានសុខសន្តិភាព ប្រជាធិបតេយ្យ ស្ថិរភាព និងនិរន្តរភាព ហើយអនុសាសន៍របស់លោក ធ្វើឡើងដើម្បីផ្តល់ជូនជាដំណោះស្រាយ ចំពោះបញ្ហាប្រឈម មួយចំនួនខាងសិទ្ធិមនុស្ស ក្នុងប្រទេសនេះតែប៉ុណ្ណោះ ។ លោកនៅតែប្រកាន់ភ្ជាប់នូវគោលការណ៍ សន្ទនាក្នុងន័យស្ថាបនា ហើយលោកក៏ជឿជាក់ថា ការសន្ទនា គឺជាមធ្យោបាយមួយដ៏សំខាន់ ឆ្ពោះទៅមុខ ជាមួយដៃគូពាក់ព័ន្ធ ទាំងអស់ ជាពិសេសរដ្ឋាភិបាល៕