អាមេរិក-បាញ់សម្លាប់នៅញ៉ូថោន៖ ឃាតករជាកូនគ្រូក្នុងសាលា - អូបាម៉ាអំពាវនាវអោយរួបរួម
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: December 15, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវជនដែលជាជនដៃដល់ សម្លាប់មនុស្ស រហូតដល់ ២៧នាក់ ក្នុងនោះ២០នាក់ជាកុមារតូចៗ អាយុពី៥ទៅ៦ឆ្នាំ។ ឪពុក និងម្ដាយរបស់យុវជននោះ ជាគ្រូបង្ហាត់បង្ហាញនៅក្នុងសាលានេះ ក៏ត្រូវបានបាញ់សម្លាប់ក្នុងហេតុការណ៍នេះដែរ។ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ស្ថិតក្នុងស្ថានភាពស្លុតចិត្ត បានអំពាវនាវអោយប្រជាជនអាមេរិក មកពីគ្រប់និន្នាការ រួបរួមគ្នា។
កុមារដែលត្រូវបានរំដោះ ចេញមកក្រៅអាគារសិក្សា។
ជាហេតុការណ៍យ៉ាងអាណោចអាធមថ្មីមួយទៀត នៃការបាញ់សម្លាប់ដ៏រង្គាល នៅក្នុងសាលាបឋមសិក្សរបស់អាមេរិកមួយ ក្នុងរដ្ឋកូណេចទីខត (Connecticut)។ ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក បានរកឃើញពីអត្តសញ្ញាណ របស់ជនដៃដល់ ដែលជាយុវជនម្នាក់ ដែលបានសម្លាប់មនុស្សចំនួន ២៧នាក់ ក្នុងនោះ២០នាក់ ជាកុមារ និងជាកូនសិស្ស នៃសាលាបឋមសិក្សា សេនឌី ហ៊ុក (Sandy Hook) ក្នុងក្រុងញ៉ូថោន ដ៏តូចមួយ របស់រដ្ឋនេះ។
តាមទូរទស្សន៍ សេប៊ីអេស (CBS) ជនដៃដល់នេះ បានសម្លាប់ខ្លួន នៅក្រោយការបាញ់សម្លាប់នេះរួច។ តាមទីភ្នាក់ងារ អាសូស៊ីអេដ ប្រេស (AP) ជនសង្ស័យ អាដាម លេនហ្សា (Adam Lanza) ជាយុវជនក្មេងជាងគេ នៅក្នុងគ្រួសារ មានអាយុ២០ឆ្នាំ។ យុវជនម្នាក់ទៀតឈ្មោះ រ៉ៃអាន (Ryan) ជាបងប្រុសរបស់ជនសង្ស័យ កំពុងស្ថិតនៅក្នុងការសាកសួររបស់ កងកម្លាំងនគរបាលនៅឡើយ។
នៅព្រឹកព្រលឹមស្រាងៗថ្ងៃសុក្រទី១៤ធ្នូ ឃាតករបានសម្លាប់ជាដំបូងឪពុករបស់ខ្លួន នៅក្នុងផ្ទះស្ថិតនៅឯញ៉ូ ជេស៊ី (New Jersey)។ បន្ទាប់មកជននេះ បានមកដល់សាលាបឋមសិក្សា ក្នុងក្រុងញ៉ូថោន (Newtown) ហើយបានបាញ់រះ ក្នុងបន្ទប់ធំកណ្ដាល របស់សាលា មុននឹងចូលទៅក្នុងបន្ទប់បង្រៀនមួយ ដែលម្ដាយរបស់ខ្លួនកំពុងបង្រៀនកុមារនៅទីនោះ។ ម្ដាយរបស់ជនដៃដល់ ក៏ជាជនរងគ្រោះដល់ជីវិតម្នាក់ផង ពីការបាញ់រះដ៏រង្គាលនេះ។
ជនដៃដល់ ត្រូវបានគេឃើញថា បានពាក់អាវពណ៌ខ្មៅ ជាមួយនឹងអាវកាក់ ដាក់គ្រាប់កាំភ្លើងជាច្រើនផ្សេងទៀត។ ជននេះបានប្រើប្រាស់កាំភ្លើង ដល់ទៅ៣ សម្រាប់ប្រតិបត្តិការសិក របស់ខ្លួន ក្នុងនោះ២ជាកាំភ្លើងខ្លី រវ៉ុលវ៉ែ (revolvers) និងមួយទៀតជា មីត្រៃយ៉េត (mitraillette) ទិញដាក់ឈ្មោះម្ដាយ របស់ជនដៃដល់។
ប្រធានាធិបតីអាមេរិក ស្លុតចិត្ត - ទម្លាក់ទង់ជាតិកាន់ទុក្ខ
លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានសម្ដែងការតក់ស្លុត នៅចំពោះការបាញ់សម្លាប់នេះ ទៅកាន់ប្រជាជាតិអាមេរិក និងបានអំពាវនាវអោយ ប្រជាជនអាមេរិកាំងទាំងអស់ រួបរួមគ្នាដើម្បីបំបាត់អោយបាន នូវអំពើរដ៏សាហាវព្រៃផ្សៃនេះ។ «បេះដូងរបស់យើង បានបែកខ្ចាត់ខ្ចាយ នៅថ្ងៃនេះ» លោកប្រធានាធិបតីបានអន្តរាគមន៍ ទាំងភ្នែកក្រហម តាមកញ្ចក់ទូរទស្សន៍ ដោយបានសន្យាថា នឹងធ្វើនូវគ្រប់មធ្យោបាយទាំងឡាយ ដើម្បីជួយដល់អាជ្ញាធរនៃរដ្ឋកូណេចទីខត។
លោកក៏បានរំលឹកលើកមកនិយាយ នូវព្រឹត្តិការណ៍បាញ់សម្លាប់ ដែលបានកើតឡើងផ្សេងទៀត នៅសហរដ្ឋអាមេរិក ជាពិសេស ការបាញ់សម្លាប់នៅក្នុងរោងភាពយន្ដ អូរូរ៉ា (Aurora) កាលពីពេលថ្មីៗនេះ។ លោកបានសង្កត់ធ្ងន់ថា «សហរដ្ឋអាមេរិក បានរស់នៅជាមួយនឹងការបាញ់សម្លាប់នេះ ដូចជាច្រើនពេកហើយ» ដោយបានបន្ថែមថា សហរដ្ឋអាមេរិកត្រូវចាត់វិធានការ ដ៏ស៊ីជម្រៅមួយ នៅលើប្រធានបទនេះ ដោយមិននិយាយពីនិន្នាការនយោបាយ។
រីឯអភិបាលរដ្ឋកូណេចទីខត បានសារភាពថា «យើងមិនអាចទទួលបាន នូវការរៀបចំគ្រោះអសន្នបែបនេះទេ។ អ្វីដែលបានកើតឡើង បានធ្វើអោយយើងជាប់គាំង ដូចនៅពីមុខភ្លើងក្រហមដូច្នេះ។» លោកអភិបាល បានសុំអោយពលរដ្ឋនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក សូត្រធម៌អោយពរ ទៅដល់ជនរងគ្រោះ។
បារាំងចូលរួមរំលែកទុក្ខ
ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ឯណេះវិញ បានសម្ដែងសមាណចិត្តរបស់លោក ទៅអោយលោកបារ៉ាក់ អូបាម៉ា ដើម្បីចូលរួមរំលែកមរណទុក្ខ ដល់គ្រួសារនៃជនរងគ្រោះ ក្នុងនាមខ្លួនលោកផ្ទាល់ និងក្នុងនាមប្រជាជនបារាំងផង។ លោកបានសរសេរដូច្នេះថា «នៅក្នុងសភាពការណ៍ដ៏តក់ស្លុតនេះ ខ្ញុំចង់និយាយប្រាប់អ្នក ពីភាពរន្ធត់ចិត្តរបស់ខ្ញុំ និងការស្រយ៉ុតស្រយ៉ង់ចិត្តរបស់ខ្ញុំ នៅចំពោះអំពើហឹង្សាដ៏ភ័យខ្លាច ដែលមានទិសដៅ វាយប្រហារលើសាលាបឋមសិក្សា និងដែលធ្វើអោយមានមនុស្សជាច្រើនរងគ្រោះ»។
ក្រសួងការបរទេសបារាំង ក៏បានចេញសេចក្ដីប្រកាសពត៌មានមួយ សម្ដែងភាពស្មោះស្ម័គ្ររបស់ប្រទេសបារាំង ទៅដល់អាជ្ញាធរ និងប្រជាជនអាមេរិក ហើយបានសម្ដែងការចូលរួមមរណទុក្ខ ទៅដល់គ្រួសារនៃជនរងគ្រោះ និងញាតិមិត្តរបស់ពួកគេ៕
------------------------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ