បាញ់​សម្លាប់​ក្នុង​ព្រះវិហារ​នៅ​អាមេរិក៖ ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន

ជនសង្ស័យ ដែលបានបើកការបាញ់ប្រហារ ទៅលើបណ្ដាជន នៅក្នុងព្រះវិហារមួយ នៅក្រុង ឆារឡេស្ដុន (Charleston រដ្ឋការ៉ូលីនខាងត្បូង សហរដ្ឋអាមេរិក) ត្រូវបានអាជ្ញាធរចាប់ខ្លួនហើយ នៅថ្ងៃព្រហស្បត្តិ៍ទី១៨ ខែមិថុនា ឆ្នាំ២០១៥នេះ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៨ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 19, 2015
  • ប្រធានបទ: បាញ់សម្លាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុង ឆារឡេស្ដុន ទាំងមូល កំពុងស្ថិតក្នុងភាពញ័ររន្ធត់ បន្ទាប់ពីការបាញ់ប្រហារ ដោយប្រើអាវុធមួយ បាន​ធ្វើ​ឲ្យមានមនុស្សស្លាប់៩នាក់ កាលពីយប់ថ្ងៃពុធទី១៧ ខែមិថុនា។ នៅរសៀលថ្ងៃព្រហស្បត្តិ៍ស្អែកឡើង ជន​សង្ស័យ​ឈ្មោះ ឌីឡាន រ៉ូហ្វ៍ (Dylann Roof) អាយុ២១ឆ្នាំ ត្រូវបានឃាត់ខ្លួន ដោយជនសង្ស័យខ្លួនឯង បាន​ប្រគល់​ខ្លួនឲ្យនគរបាល់ចាប់ខ្លួន មិនមានការតបតរអ្វីឡើយ។

ព្រះវិហារដែលរងការវាយប្រហារនោះ ជាព្រះវិហារមួយ ដែលមានវ័យចំណាស់ជាងគេ នៅក្នុងសហរដ្ឋ​អាមេរិក និងសម្បូរទៅដោយអ្នកគោរពបូជា ជាបណ្ដាជនស្បែកខ្មៅ។ នៅក្នុងរូបថត ដែលដកស្រង់​ចេញពី​វីដេអូសុវត្ថិភាព គេឃើញយុវជនស្បែក ស ឌីឡាន រ៉ូហ្វ៍ បានដើរចូលទៅក្នុងព្រះវិហារ ដោយពាក់អាវប្រផេះ និងមានកាត់សក់ របៀបជា«ចានផ្កាប់»នោះផង។

លោក គ្រេហ្គ័រី មូឡេន (Gregory Mullen) នាយនគរបាលក្រុង ឆារឡេស្ដុន បានថ្លែងប្រកាស នៅក្នុង​សន្និសីទ​​សារព័ត៌មានថា ជនសង្ស័យ បានស្ថិតនៅ​ប្រមាណ​ជា ១ម៉ោង ជាមួយនឹងក្រុមមនុស្ស ដែល​កំពុង​សិក្សា​ពីគុម្ពីប៊ីប ក្នុងព្រះវិហារ មុននឹងបើកការ​បាញ់​ប្រហារ។ មនុស្ស៩នាក់ បានបាត់បង់ជីវិត ក្នុងនោះ៦​នាក់​ជាស្ត្រី ៣នាក់ជាបុរស។ ក្នុងចំណោមបុរសរងគ្រោះទាំង៣នាក់ មានម្នាក់ជាអាចារ្យកាតូលីក និងជា​សមាជិក​ព្រឹទ្ធសភានោះផង។

ស្ត្រីអ្នកស្មោះស្ម័គ្រម្នាក់របស់ព្រះវិហារ បានយកពាក្យសម្ដីរបស់ជនសង្ស័យ ដែលនិយាយនៅពេលធ្វើ​សកម្មភាព មករៀបរាប់ថា៖ «ឃាតករ គ្រាន់តែបាននិយាយថា "ខ្ញុំត្រូវធ្វើអញ្ចឹង។ ពួកអ្នកឯងជាជនស្បែកខ្មៅ អ្នកឯងរំលោភនារីៗរបស់យើង ហើយអ្នកឯងបានឈ្លានពានទឹកដីរបស់យើង ពួកអ្នកឯងត្រូវចេញ​ទៅស្រុក អ្នកឯងវិញ​ទៅ។"»

នៅក្នុងវេលារសៀលដដែលនោះ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បាន​ធ្វើ​បទ​អន្តរាគមន៍មួយ នៅតាមកញ្ចក់ទូរទស្សន៍ ដោយពោលឡើងថា៖ «ការបាញ់សម្លាប់យ៉ាងរង្គាល និងជាក្រុម របៀបនេះ មិនមានកើតឡើង នៅក្នុងប្រទេសស៊ីវីល័យផ្សេងទៀតទេ។ យ៉ាងហោចណាស់ ក៏នៅប្រទេស​ទាំង​នោះ មិនមានហេតុការណ៍របៀបនេះ កើតឡើងជាញឹកញាប់ដូច្នេះដែរ។ ហើយយើងមានលទ្ធភាព នឹង​ប្រតិកម្ម​ប្រឆាំង ទល់ទង្វើនេះ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...