ស្បែកជើងស្វាគមន៍ប្រធានាធិបតីអៀរ៉ង់ បន្ទាប់ពីនិយាយជាមួយអូបាម៉ា
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: September 30, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្បែកជើងមួយបានហោះ មកចំក្បួនរថយន្តរបស់លោកប្រធានាធបតីថ្មី របស់ប្រទេសអៀរ៉ង់ គឺលោក ហាសាន់ រ៉ូហានី (Hassan Rohani) កាលពីថ្ងៃសៅរិ៍ម្សិលមិញ បន្ទាប់ពីលោក រ៉ូហានី បាននិយាយតាមទូរស័ព្ទ ជាមួយនឹងប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ជាប្រវត្តិសាសន៍ កាលពីថ្ងៃសុក្រកន្លងទៅ។
លោក ហាសាន់ រ៉ូហានី ប្រធានាធិបតីថ្មីនៃប្រទេសអៀរ៉ង់ ពេលត្រឡប់ពីទីក្រុងញ៉ូយក មកដល់មាតុប្រទេសវិញ។ (រូបថត Atta Kenare /AFP/Getty Images)
រាជធានីភ្នំពេញ - ស្បែកជើងម្ខាងមិនដឹងហោះមកពីទីណា បានសំដៅមកចំក្បួនរថយន្ត របស់លោកប្រធានាធិបតីថ្មីនៃប្រទេសអៀរ៉ង់ លោក រ៉ូហានី នៅពេលដែលលោកបានត្រលប់មកពីចូលរួមសន្និបាត អង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូយ៉កសហរដ្ឋអាមេរិក មកដល់ផ្ទះរបស់លោកវិញ កាលពីថ្ងៃសៅរិ៍ទី២៨ខែកញ្ញាចុងសប្ដាហ៍នេះ។ ស្បែកជើងដែលហោះមកចំក្បួនរថយន្តលោក រ៉ូហានី នោះ ត្រូវបានគេដឹងថា ចេញមកពីក្រុមមនុស្សដែលមិនពេញចិត្តលោកប្រធានាធិបតីថ្មីរូបនេះ ដែលបាននិយាយទូរស័ព្ទកាលពីថ្ងៃសុខកន្លងទៅ ជាមួយលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក។ ការជជែកគ្នាតាមទូរស័ព្ទរបស់មេដឹកនាំទាំងពីរ បានបង្ហាញពីជំហានជាប្រវត្តិសាស្រ្តដំបូងមួយ បន្ទាប់ពីប្រទេសទាំងពីរ បានមើលមុខគ្នាមិនចំ អស់រយៈពេលជាង៣០ឆ្នាំមកហើយ ។
ស្បែកជើងនោះ បានចេញមកស្របពេលដែលមានមនុស្សចម្រុះចូលគ្នា កំពុងតែនាំគ្នាទទួលដំណើរវិលត្រលប់ មកកាន់មាតុប្រទេសវិញ របស់លោក រ៉ូហានី។ នៅក្នុងការទទួលនោះ មានរួមទាំងប្រជាជនអៀរ៉ង់ដែលគាំទ្រ និងខ្លះទៀតមិនគាំទ្រ ជុំវិញការជជែកតាមទូរស័ព្ទរបស់ប្រធានាធិបតីរបស់ពួកគេ ជាមួយលោក អូបាម៉ា។ មានមនុស្សប្រមាណជាង ៦០នាក់បានប្រមូលផ្តុំគ្នា នៅខាងក្រៅព្រលានយន្តហោះ ដោយស្រែកយ៉ាងកងរំពងថា ងាប់ទៅអាមេរិក ងាប់ទៅអ៊ីស្រាអែល។ ចំណែកមនុស្សប្រមាណជា២០០ ទៅ៣០០នាក់ផ្សេងទៀត បានជួបជុំគ្នាស្រែកអរគុណលោក ប្រធានាធិបតីរ៉ូហានី។
សូមបញ្ជាក់ថា អាមេរិកនិងអៀរ៉ង បានមើលមុខគ្នាមិនចំអស់រាប់ទសវត្សរិ៍មកហើយ ។ ការមើលមុខគ្នាមិនចំនេះ មិនមែនមានតែមេដឹកនាំនិងមេដឹកនាំនោះទេ សូម្បីប្រជាជននៃប្រទេសទាំងពីក៏ស្អប់ខ្ពើមគ្នាដែរ។ អៀរ៉ង់ស្អប់អាមេរិក ដោយសារតែកាលពីឆ្នាំ ១៩៥៣ អាមេរិកបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអៀរ៉ង់។ គេបានចោទថា ក្រុមចារកម្មស៊ីអាយអេ (CIA) របស់អាមេរិក បានធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតី មហាមេដ ម៉ូសាដេជ (Mohammed Mossadegh) បន្ទាប់មក បានលើកបន្តុបស្តេច មហាមាដ រ៉េស្សា ប៉ាឡាវី (Mohammad Reza Pahlavi) ឲ្យឡើងគ្រងរាជ្យ។ បញ្ហានេះបានធ្វើឲ្យអ្នកនយោបាយនិងប្រជាជនអៀរ៉ង់ ចាប់ផ្តើមស្អប់អាមេរិកតាំងពីពេលនោះមក។
រីឯអាមេរិកវិញ ស្អប់អៀរ៉ង់ ដោយសារតែកាលពីឆ្នាំ ១៩៧៩ ខណៈពេលដែលមានរដ្ឋប្រហារទម្លាក់ស្តេច ប៉ាឡាវី នោះ ស្រាប់តែមាននិស្សិតអៀរ៉ង់មួយក្រុម បានសម្រុកចូលស្ថានទូតអាមេរិក ដោយចាប់មន្រ្តីទូតអាមេរិកជាចំណាប់ខ្មាំងចំនួន ៥៣ នាក់អស់រយៈពេលជាង១ឆ្នាំ។ ការណ៍នេះ ហើយបានធ្វើឲ្យអាមេរិកស្អប់អៀរ៉ង់យ៉ាងខ្លាំង រហូតមកដល់សព្វថ្ងៃ៕
---------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ២៩ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ