ស៊ីរី៖ សេតវិមានថា របបដាម៉ាសបានដើរហួស«បន្ទាត់ក្រហម»
- ដោយ: សេក មនោរកុមារ ([email protected]) - ថ្ងៃទី១៤ មិថុនា ២០១៣
- កែប្រែចុងក្រោយ: June 14, 2013
- ប្រធានបទ: វិបត្តិស៊ីរី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកទទួលខុសត្រូវនៅសេតវិមាន បានចង្អុលបង្ហាញថា ប្រធានាធិបតីអាមេរិក កំពុងសិក្សាអំពីជម្រើសនយោបាយ និងយោធា តែគេនៅមិនទាន់ដឹងថា ជម្រើសទាំងនោះនឹងមានអ្វីខ្លះ ហើយត្រូវអនុវត្តន៍ នៅពេលណានោះនៅឡើយ។
លោក ប៊េន រ៉ូដ៍ (Ben Rhodes) ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បារ៉ាក់ អូបាម៉ា បានប្រកាសថា «យើងកំពុងរៀបចំ ចំនុចដែលអាចកើតឡើងជាច្រើន នៅស៊ីរី។ ហើយយើងនឹងធ្វើការសម្រេចចិត្ត នៅលើសកម្មភាពដែលត្រូវធ្វើ ទៅតាមរបាយការណ៍ផ្ទាល់របស់យើង។»
សេតវិមានបានបញ្ជាក់ថា របបលោកបាលឆា អាល អាសាធ (Bachar el-Assad) បានជ្រើសរើសអាវុធគីមី ជាពិសេស«ហ្គាសសារីន» ក្នុងកម្រិតតិចតួច តែបានប្រើប្រាស់ជាច្រើនដង តាំងពីមួយឆ្នាំមកហើយ។សេតវិមានបានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ១៥០នាក់ បានស្លាប់ នៅក្នុងការវាយប្រហារប្រភេទនេះ។
រដ្ឋបាលរបស់លោក អូបាម៉ា ធ្លាប់បានអះអាងនៅខែមេសា អំពីការសង្ស័យរបស់សហរដ្ឋអាមេរិក ស្ដីពីការប្រើប្រាស់«ហ្គាសសារីន» នេះរួចហើយនៅស៊ីរី។ ប៉ុន្តែនៅពេលនោះ អាជ្ញាធរអាមេរិក នៅមិនទាន់ច្បាស់ថា តើខាងណា ជាអ្នកប្រើប្រាស់អាវុធនេះនៅឡើយ។
នៅពេលនេះ ការបញ្ជាក់អះអាងដែលថា មានការប្រើប្រាស់អាវុធគីមីដោយរបបក្រុងដាម៉ាស ត្រូវបានបញ្ជូនទៅកាន់អាមេរិក ដោយប្រទេសបារាំង។ រដ្ឋាភិបាលបារាំង និងអង់គ្លេស បានប្រកាសតាំងពីសប្ដាហ៍មុន ថាខ្លួនបានរកឃើញពីភស្តុតាងដែលបញ្ជាក់ ពីការប្រើប្រាស់អាវុធដ៏ប្រល័យនេះ នៅស៊ីរី។
លោកប្រធានាធិបតី អូបាម៉ា បានថ្លែងជាច្រើនលើកហើយ ថាការប្រើប្រាស់អាវុធគីមី ដោយរបបនៅក្រុងដាម៉ាស វាជា«បន្ទាត់ក្រហម»មួយ ដែលអាចផ្លាស់ប្ដូរនយោបាយរបស់សហរដ្ឋអាមេរិក ជុំវិញជម្លោះនៅប្រទេសស៊ីរី។ ហើយរហូតមកដល់នឹងពេលនេះ រដ្ឋាភិបាលអាមេរិក បានត្រឹមតែផ្ដល់ជំនួយការយោធាកម្រិតស្រាល និងជំនួយផ្នែកមនុស្សធម៌ប៉ុណ្ណោះទៅក្រុមអ្នកបះបោរ។
សេតវិមាន បាននិយាយដែរថា សមាជិកនៃសភាជាន់ទាប ត្រូវបានជូនដំណឹង ពីសភាពការណ៍ បួករួមនឹងសម្ព័នមិត្តអន្តរជាតិ របស់សហរដ្ឋអាមេរិកនោះផង។
លោកអូបាម៉ា ក៏នឹងលើកមកជជែក ពីបញ្ហានេះ នៅជំនួបកំពូលហ្សេ៨ នៅសប្ដាហ៍ក្រោយ ក្នុងតំបន់អៀរឡង់ខាងជើង នៃប្រទេសអង់គ្លេសដែរ។ លោកប្រធានាធិបតីអាមេរិក នឹងដាក់សម្ពាធឲ្យប្រធានាធិបតីរ៉ូស្សី ដែលជាសម្ព័នមិត្តដ៏ខ្លាំងរបស់របបក្រុងដាម៉ាស ឲ្យឈប់គាំទ្ររបបនេះតទៅទៀត៕