អាមេរិក អង់គ្លេស និងបារាំងរួមគ្នា វាយប្រហារស៊ីរី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ មេសា ២០១៨
- កែប្រែចុងក្រោយ: April 14, 2018
- ប្រធានបទ: សង្គ្រាមស៊ីរី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសាធារណរដ្ឋបារាំង បានដឹកនាំការវាយប្រហារ ដ៏ខ្លាំងក្លាមួយ ចាប់ថ្ងៃសុក្រម្សិលម៉ិញមក ប្រឆាំងនឹងប្រទេសស៊ីរី ក្រោមរបបដឹកនាំ របស់លោក បាឆារ អាល់អាសាធ (Bachar el-Assad)។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចោទប្រធានាធិបតីស៊ីរី ថាបានធ្វើការវាយប្រហារ ដោយអាវុធគីមី ដ៏សាហាវព្រៃផ្សៃ ទៅលើបណ្ដាជនស៊ីវិល។
លោក ដូណាល់ ត្រាំ បានប្រកាសកាលពីល្ងាចថ្ងៃសុក្រថា៖ «ខ្ញុំបានបញ្ជា ទៅកងទ័ពរបស់ហរដ្ឋអាមេរិក ឲ្យបើការវាយប្រហារ ឲ្យចំចំណុច ទៅលើទិសដៅមួយចំនួន ដែលសុទ្ធសឹងជាមធ្យោបាយ របស់ជនផ្ដាច់ការស៊ីរី គឺលោក បាឆារ អាល់អាសាធ ទាក់ទងនឹងអាវុធគីមី។ ប្រតិបត្តិការយោធារួមគ្នា កំពុងប្រព្រឹត្តិទៅ ជាមួយប្រទេសបារាំង និងអង់គ្លេស។ យើងអរគុណ ប្រទេសទាំងពីរ។»។
សន្ធឹកយន្ដហោះចម្បាំង នៅលើមេឃ និងសម្លេងគ្រាប់ផ្ទុះជាច្រើន កំពុងត្រូវបានលាន់ឮ នៅក្នុងរដ្ឋធានី ដាម៉ាស ប្រទេសស៊ីរី។ ប្រតិបត្តិការយោធានេះ បានរុញច្រានឲ្យប្រទេសស៊ីរី ចូលទៅក្នុងដំណាក់កាលថ្មីមួយ ខណៈប្រទេសនេះ បានរងគ្រោះព្រោះសង្គ្រាម រាប់ចាប់តាំងពី៧ឆ្នាំ កន្លងមកហើយ។
ដោយឡែក កងទ័ពរ៉ូស្ស៊ី ដែលកំពុងមានវត្តមាន ក្នុងប្រទេសស៊ីរី បានអះអាងនៅថ្ងៃសៅរ៍នេះថា ប្រព័ន្ធការពារប្រឆាំងមីស៊ីល របស់ប្រទេសស៊ីរី ដែលតម្លើងដោយកងទ័ពរ៉ូស្ស៊ី បានចាប់បានមីស៊ីល ចំនួន៧១ ពីក្នុងចំណោមមីស៊ីល ១០៣ ដែលបាញ់ចេញដោយកងទ័ពអាមេរិក និងសម្ព័ន្ធមិត្ត។
ផ្នែកការទូតវិញ ប្រទេសរ៉ូស្ស៊ីបានប្រតិកម្មខ្លាំងៗ ទៅនឹងចំណាត់ការយោធានេះ ដោយហៅទង្វើនេះ ថាជាការ«ជេរប្រមាថ»មួយ ចំពោះប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine)។ លោក «Anatoli Antonov» ឯកអគ្គរដ្ឋទូតរ៉ុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក បានថ្លែងដូច្នេះ ជាមួយនឹងការលើកឡើងថា៖ «ការប្រាប់ ឲ្យប្រុងប្រយ័ត្នរបស់យើង កាលពីប៉ុន្មានថ្ងៃមុន មិនត្រូវបានស្ដាប់ឮទេ»។
អ្នកនាំពាក្យក្រសួងការបរទេសរ៉ូស្ស៊ី អ្នកស្រី «Maria Zakharova» បានថ្លែងឡើងដែរថា៖ «ការវាយប្រហារមួយ ដែលត្រូវបានធ្វើឡើង ប្រឆាំងនឹងរដ្ឋធានី នៃរដ្ឋអធិបតេយ្យមួយ ដែលបានព្យាយាមខំប្រឹងរស់ នៅក្រោមការបំពាន ពីសំណាក់ក្រុមភេរវជន តាំងពីច្រើនឆ្នាំមកហើយ»។ អ្នកស្រីបន្តថា ការវាយប្រហារ ពីសំណាក់បស្ចឹមលោក ប្រឆាំងប្រទេសស៊ីរី បានប្រព្រឹត្តិទៅ នៅខណៈពេលដែលប្រទេសនេះ កំពុងមានឱកាស ដើម្បីសាងអនាគតមួយ ប្រកបដោយសន្តិភាព។
Décollage, cette nuit, des forces armées françaises qui interviennent contre l’arsenal chimique clandestin du régime syrien. Déclaration du Président de la République @EmmanuelMacron : https://t.co/HNSK0FmZIO pic.twitter.com/DEAW7R50aC
— Élysée (@Elysee) 14 avril 2018
មេទ័ពអាមេរិក លោក «Joe Dunford» បានថ្លែងថា កងកម្លាំងបស្ចឹមលោក បានធ្វើការវាយប្រហារ នៅម៉ោង១ព្រឹកថ្ងៃសៅរ៍នេះ ទៅលើគោលដៅ ចំនួនបី ដែលទាក់ទងនឹងកម្មវិធី អាវុធគីមី របស់របបដឹកនាំ នៅស៊ីរី៖ មូលដ្ឋានមួយ ស្ថិតនៅក្បែររដ្ឋធានី ដាម៉ាស និងមូលដ្ឋានពីរទៀត ស្ថិតនៅក្បែរក្រុង ហូម៍ (Homs) ភាគខាងលិច-កណ្ដាលប្រទេស។ មកដល់ម៉ោងនេះ ក្រសួងការពារជាតិអាមេរិក (មន្ទីរប៉ង់តាហ្គោន) បានអះអាងថា មិនមានការខាតបង់ណាមួយ របស់កងទ័ពអាមេរិក និងសម្ព័ន្ធមិត្ត នៅឡើយទេ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក «Jim Mattis» បានថ្លែងឡើងថា៖ «វាច្បាស់ណាស់ហើយថា របបដឹកនាំ របស់លោក អាសាធ បានព្រងើយកន្តើយ នឹងការព្រមាន កាលពីឆ្នាំទៅម៉ិញ»។ សំដីរបស់លោករដ្ឋមន្ត្រី ចង់រំលឹកឡើងវិញ ពីការវាយប្រហារមួយ ពីសំណាក់កងទ័ពអាមេរិក ដើម្បីឆ្លើយតប ទៅការវាយប្រហារ ដោយអាវុធគីមីមួយ បានកើតឡើង នៅក្បែររដ្ឋធានី ដាម៉ាស។
លោក «Jim Mattis» បានបន្តថា៖ «វាល្មមដល់ពេលហើយ ដែលគ្រប់រដ្ឋស៊ីវីល័យទាំងអស់ ត្រូវរួបរួមគ្នាជាបន្ទាន់ ដើម្បីបិទបញ្ចប់សង្គ្រាមស៊ីវិល នៅក្នុងប្រទេសស៊ីរី ដោយអនុលោមតាម ដំណោះស្រាយសន្តិភាព របស់អង្គការសហប្រជាជាតិ ដែលបានធ្វើឡើង នៅក្រុង ហ្សឺណែវ (ប្រទេសស្វីស)»។
នៅប៉ុន្មានម៉ោង មុនការបើកការវាយប្រហារ ក្រសួងការបរទេសអាមេរិក បានអះអាងថា ខ្លួនមាន«ភស្ដុតាង» ពីការប្រើប្រាស់អាវុធគីមី ដោយកងកម្លាំងរបស់លោក បាឆារ អាល់អាសាធ ដែលបង្កឲ្យមានមនុស្សស្លាប់ ច្រើនសិបនាក់។ តួលេខមនុស្សស្លាប់ នៅក្នុងសង្គ្រាមនៅស៊ីរី ត្រូវបានក្រុមអ្នកឃ្លាំមើល ផ្នែកសិទ្ធិមនុស្ស នៅក្នុងប្រទេសនេះ ហៅកាត់ថា «OSDH» ដែលមានបណ្ដាញរបស់ខ្លួន យ៉ាងធំនោះ អះអាងថា មានចំនួនដល់ទៅ ១០៦ ៣៩០នាក់ ក្នុងនោះ ២០ ០០០នាក់ ជាកុមារ៕