ប្រេស៊ីល​លើក​ពាន​រង្វាន់ បន្ទាប់​ពី​បំបាក់​អេស្ប៉ាញ ខណៈ​អ៊ីតាលី​ជាប់​លេខ​៣ (VDO)

Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមស៊ាំបាប្រេស៊ីល បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) ជាលើកទី៣ បន្ទាប់​ពីបំបាក់ក្រុមគោជល់អេស្ប៉ាញ ដោយលទ្ធផល ៣-០ កាលពីយប់មិញ ខណៈដែលក្រុមអ៊ីតាលី ទទួលបានចំណាត់ថ្នាក់​លេខ៣ បន្ទាប់ពីយកឈ្នះក្រុមអ៊ុយរ៉ាហ្គាយ ដោយបានកាត់សេចក្តីប៉េណាល់ទី ២-៣។


ក្រុមបាល់ទាត់ប្រេស៊ីល លើកពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ ឆ្នាំ២០១៣។ (រូបថត Reuters)

ម្ចាស់ជើងឯកពិភពលោក ៥សម័យកាល (ប្រេស៊ីល) ធ្វើបានយ៉ាងល្អបំផុត ដែលបានបង្ហាញពីទម្រង់គួរឲ្យស្ងើចសរសើរ។ ជាពិសេសពួកគេបានបញ្ចប់ភាពមិនដែលចាញ់របស់អេស្ប៉ាញក្នុងការប្រកួតលើកទី២៩នេះ។

ខ្សែប្រយុទ្ធហ្វ្រេដ (Fred) រកគ្រាប់បាល់បញ្ចូលទីបានចំនួន ២គ្រាប់ ពោលគឺនៅនាទីទី២ និងនៅនាទីទី៤៨ ខណៈដែល​កីឡាករឆ្នើមណីម៉ា (Neymar) ក៏ជួយបាន១គ្រាប់ដែរ នៅនាទីទី៤៤ ដែលជាគ្រាប់បាល់ទី២ ដោយការទាត់ជើងឆ្វេង។

គួបផ្សំនឹងថ្ងៃស៊យរបស់អេស្ប៉ាញ កីឡាករខ្សែការពារស៊ឺជីអូ រ៉ាម៉ូស (Sergio Ramos) មានឱកាសទាត់បាល់​ប៉េណាល់ទី១​គ្រាប់ដែរ ប៉ុន្តែធ្វើមិនបានសម្រេច ខណៈដែលខ្សែការពារចឺរ៉ាដ ពីកេ (Gerard Pique) ត្រូវពិន័យកាតក្រហមនៅ២២នាទី មុនចប់ការប្រកួត ដោយសារប៉ះទង្គិចជាមួយនឹងណីម៉ា។

ចំណែកឯការប្រកួតមួយគូទៀត ក្រុមអ៊ីតាលីបានយកឈ្នះក្រុមអ៊ុយរ៉ាហ្គាយ ដោយបាល់កាត់ក្តីប៉េណាល់ទី ២-៣ បន្ទាប់​ពី​ការប្រកួតចប់៩០នាទី ស្មើគ្នា ២-២ និងឈានដល់ម៉ោងបន្ថែម២ដងនៅតែគ្មានក្រុមណាមួយទាត់ចូលទីគ្នាទៀត។

អ្នកចាំទីរបស់អ៊ីតាលី ដែលលេងឲ្យក្រុមម្ចាស់ជើងឯកជូវីនទូស (Juventus) ហ្គែនល្វីហ្គី បាស់ហ្វុង (Gianluigi Buffon) ជួយ​សង្រ្គោះបាល់ប៉េណាល់ទីបានចំនួន៣គ្រាប់ ជួយឲ្យអ៊ីតាលី បានទទួលចំណាត់ថ្នាក់លេខ៣។

កីឡាករខ្សែការពារដាវីដ អាសតូរី (Davide Astori) បានជួយឲ្យអ៊ីតាលីនាំមុខមុននៅនាទីទី២៤ មុនពេលខ្សែប្រយុទ្ធ​អ៊ុយរ៉ាហ្គាយ អេឌីនសិន កាវ៉ានី (Edinson Cavani) រកគ្រាប់បាល់តាមបានស្មើមកវិញនៅនាទីទី៥៨។

ខ្សែបម្រើ អាឡេសសាន់ដ្រូ ដៃម៉ាន់ទី (Alessandro Diamanti) បានជួយឲ្យអ៊ីតាលីធ្វើការនាំមុខជាថ្មីម្តងទៀត នៅនាទីទី៧៣ ខណៈដែល៥នាទីក្រោយមក ខ្សែប្រយុទ្ធអេឌីនសិន កាវ៉ានីដដែល រកគ្រាប់បាល់ឲ្យអ៊ុយរ៉ាហ្គាយ តាមបានស្មើវិញ។

ដូច្នេះម្ចាស់ជើងឯកពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ឆ្នាំ២០១៣នេះ បានទៅលើក្រុមម្ចាស់ផ្ទះប្រេស៊ីល ខណៈដែលក្រុម​មិន​ដែលចាញ់អេស្ប៉ាញ ស្គាល់រស់ជាតិបរាជ័យលើកដំបូង ទទួលបានដំណែងជើងឯករង។ អ៊ីតាលីបានត្រឹមមេដាយសំរឹទ្ធ (លេខ៣) ខណៈដែលអ៊ុយរ៉ាហ្គាយបញ្ចប់ចំណាត់លេខ៤ ដោយគ្មានបានអ្វីសោះ៕

សូមទស្សនាការសង្ខេបឡើងវិញ នូវការប្រកួតរវាងម្ចាស់ពានរង្វាន់ពិភពលោក អេស្ប៉ាញ និងប្រេស៊ីល ក្រុមម្ចាស់ផ្ទះ នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ផ្ដាច់ព្រ័ត្រ នៃ ខុនហ្វេដឺរ៉េសិនខាប់៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...