ណីម៉ា វិលមកវិញយ៉ាងភ្ញាក់ផ្អើល ដោយទាត់បញ្ចូលទីបាន១គ្រាប់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញថ្ងៃទី ៤ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 04, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាការវិលត្រឡប់ ចូលទីលានប្រកួតវិញ ដែលបង្កភាពភ្ញាក់ផ្អើលមិនតិចទេ ជាពិសេសភ្ញាក់ផ្អើល សម្រាប់គ្រូដឹកនាំក្រុមប្រេស៊ីលនោះតែម្ដង។ បន្ទាប់ពីអវត្តមាន ពីពិភពបាល់ទាត់ អស់រយៈពេលជាង៣ខែកន្លងមក កីឡាករ ណីម៉ា (Neymar) បានវិលត្រឡប់មកចូលទាត់ ក្នុងការប្រកួតមិត្តភាព រវាងក្រុមជម្រើសជាតិ ប្រេស៊ីល និងក្រូអាស៊ី កាលពីល្ងាចថ្ងៃអាទិត្យនេះ និងថែមទាំងរកគ្រាប់បាល់ បានមួយគ្រាប់ទៀត។
ក្នុងការប្រកួតត្រៀម ដើម្បីឡើងទៅ បាល់ទាត់ពិភពលោក ឆ្នាំ២០១៨មួយនេះ គ្រូដឹកនាំរបស់ក្រុមជម្រើសជាតិប្រេស៊ីល ពិតជាត្រូវសាកល្បង ពីថ្វីជើងរបស់កំពូលកីឡាករ ខ្សែប្រយុទ្ធរបស់ខ្លួន ហើយក៏មិនចង់ឲ្យកីឡាករ រងរបួសទៅវិញ ដោយសារការសាកល្បងនេះដែរ។ ដោយហេតុនេះហើយ ទើបកីឡាករ ណីម៉ា ត្រូវបានអនុញ្ញាតឲ្យចូលទាត់ ចាប់ពីពាក់កណ្ដាលម៉ោងទី២ទៅ។
ប៉ុន្តែអ្វី ដែលនឹកស្មានមិនដល់ សម្រាប់លោក ទីតេ (Tite) គ្រូដឹកនាំក្រុម ប្រេស៊ីល នោះ គឺកីឡាករ ណីម៉ា នៅតែមានថ្វីជើង ដ៏ប៉ិនប្រសព្វ ក្នុងការគ្រប់គ្រង បណ្ដើរ និងបញ្ជូនបាល់ ហាក់ដូចជាកីឡាករ មិនធ្លាប់មានរបួសអ្វីដូច្នេះ។ បន្ថែមពីលើនេះ កីឡាករបានទាត់បញ្ចូលទី នៅនាទីទី ៥៦ ដោយប្រើសន្ធឹកជើងស្ដាំរបស់ខ្លួន (ជើងដែលរបួស) យ៉ាងខ្លាំងនោះផង។
» សង្ខេបការប្រកួតនេះឡើងវិញ៖
លោក ទីតេ បានថ្លែងក្នុងសន្និសីទកាសែត នៅក្រោយការប្រកួតថា៖ «កីឡាករ ណីម៉ា បានវិលត្រឡប់មកវិញ ខ្លាំងជាងអ្វី ដែលខ្ញុំសង្ឃឹមទៅទៀត។ ខ្ញុំគិតដំបូងឡើយ ថាមិនដល់ថ្នាក់នេះទេ។ ព្រោះកីឡាកររងរបួស ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ហើយវាអាចមានរឿងល្អ និងរឿងអាក្រក់ នៅពេលដែលកីឡាកររូបនោះ ត្រឡប់ចូលប្រកួតវិញ។ តែសម្រាប់ ណីម៉ា មិនអញ្ចឹងទេ។»
គ្រូដឹកនាំក្រុមជម្រើសជាតិ ប្រេស៊ីល បានបន្តថា៖ «នៅក្នុងការប្រកួតខាងមុខៗ កីឡាករ ណីម៉ា នឹងឈានទៅដល់កម្រិត នៃកំពូលថ្វីជើងរបស់ខ្លួន ជាមិនខាន។ ជាកីឡាករមួយរូប ដែលខុសពីគេ តែយើងមិនត្រូវឲ្យគ្នា រែកការទទួលខុសត្រូវតែម្នាក់ឯង ក្នុងការនាំមុន នៅលើទីលានប្រកួតនោះទេ។ បើយើងធ្វើដូច្នេះ វាហាក់ដូច ជាគ្មានមនុស្សធម៌សោះ។ នេះ បើទោះជា ណីម៉ា ជាកីឡាករដ៏សំខាន់ នៅក្នុងក្រុមក៏ដោយ។»៕