បាល់ទាត់​ពិភពលោក៖ សេណេហ្គាល់​ក្អួត​ឈាម​ព្រោះ​ជប៉ុន បន្ទាប់​ពី​ចាញ់​កូឡំប៊ី

ប្រកួតចាញ់ក្រុមកូឡំប៊ី ក្នុងគ្រាប់​បាល់ ១-០ ជារឿងមួយ តែអ្វី ដែលធ្វើឲ្យក្រុម សេណេហ្គាល់ ក្អួតឈាមនិយាយមិនចេញ គឺជប៉ុន ដែលមានពិន្ទុ និងគ្រាប់បាល់ដូចខ្លួន បានឆ្លងវគ្គទៅលើ ក្រោមមូលហេតុថា ក្រុមជប៉ុនទទួលការព្រមាន ដោយកាតលឿង​តិចជាង នៅក្នុងការប្រកួតជុំទាំងបី នៃវគ្គជម្រុះតាមពូល។
បាល់ទាត់​ពិភពលោក៖ សេណេហ្គាល់​ក្អួត​ឈាម​ព្រោះ​ជប៉ុន បន្ទាប់​ពី​ចាញ់​កូឡំប៊ី
ពីឆ្វេងទៅស្ដាំ៖ ខ្សែប្រយុទ្ធកូឡំប៊ី កីឡាករ រ៉ាម៉ាដែល ហ្វាល់កាអូ និងក្រុមកីឡាករជប៉ុន។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៨ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 28, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅមុនការប្រកួតជុំចុងក្រោយ នៃពូល H នេះ ក្រុម ប៉ូឡូញ បានជ្រុះចេញជាស្ថាពរ ហើយក្រុម កូឡំប៊ី មានចំណាត់ថ្នាក់លេខ៣ ជាមួយ៣ពិន្ទុ ខណៈក្រុមជប៉ុន និងក្រុម សេណេហ្គាល់ ដែលមានបួនពិន្ទុ និងចំនួនគ្រាប់បាល់ស្មើគ្នា មានចំណាត់ថ្នាក់លេខ ១ និងលេខ ២។ ប៉ុន្តែជំនួបចុងក្រោយ ក៏បានបង្ហាញលទ្ធផលដូចគ្នាទៀត គឺ ជប៉ុន ចាញ់ ប៉ូឡូញ ០-១ ហើយ សេណេហ្គាល់ ក៏ចាញ់ កូឡំប៊ី ០-១ ដូចគ្នាដែរ។

បញ្ហានៅត្រង់ថា បរាជ័យរបស់ក្រុម សេណេហ្គាល់ បានផ្ដល់៣ពិន្ទុ (៦ពិន្ទុសរុប) ឲ្យក្រុម កូឡំប៊ី ដើម្បីឡើងមកឈរ នៅចំណាត់ថ្នាក់ទី១ និងទទួលបានសំបុត្រឆ្លងវគ្គ យ៉ាងពេញមុខ ខណៈក្រុម សេណេហ្គាល់ ខ្លួនឯង«ហាលអាវ»!!! ផ្ទុយទៅវិញ បរាជ័យរបស់ក្រុម ជប៉ុន វិញ ក្រៅពីបានជួយក្រុម ប៉ូឡូញ ឲ្យមានមុខមាត់ខ្លះ ពេលត្រឡប់ទៅផ្ទះវិញនោះ រឿងដែលសំខាន់ជាងនេះ គឺក្រុម ជប៉ុន បានទទួលសំបុត្រឆ្លងវគ្គ ដែលនៅសល់ ឡើងទៅទាត់ នៅវគ្គខាងលើបន្ត​ យ៉ាងព្រងើយ។

ហេតុអ្វី? ព្រោះក្រុមបាល់ទាត់ មកពីទ្វីបអាស៊ីខាងកើត ទទួលបានការព្រមាន ជាកាតលឿងចំនួន ៤ តិចជាងក្រុមជម្រើសជាតិ មកពីទ្វីបអាហ្វ្រិកកណ្ដាល​ ដែលទទួលបានកាតលឿង មានចំនួន​ដល់ទៅ៦។ វាជាក្រិត្យក្រម នៅក្នុងលក្ខន្តិកៈប្រកួត របស់សហព័ន្ធបាល់ទាត់អន្តរជាតិ «Fifa»។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម សេណេហ្គាល់ និងក្រុម កូឡំប៊ី៖

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ជប៉ុន និងក្រុម ប៉ូឡូញ៖

សេណេហ្គាល់ ជាក្រុមចុងក្រោយ នៃបណ្ដាប្រជាជាតិប្រាំ ពីទ្វីបអាហ្វ្រិក ដែលត្រូវជម្រុះចេញ ពីបាល់ទាត់ពិភពលោក ឆ្នាំនេះ។ ក្រុមទាំងប្រាំ រួមមាន ម៉ារុក ទូនីស៊ី អេហ្ស៊ីព នីហ្សេរីយ៉ា និងសេណេហ្គាល់ សុទ្ធតែបាន«ហាលអាវ»ជាស្ថាពរ នៅក្នុងវគ្គជម្រុះតាមពូល ខណៈក្រុម ទូនីស៊ី ត្រូវជួបទាត់ទល់នឹងក្រុម ប៉ាណាម៉ា ក្នុងយប់នេះ ដែលជាការប្រកួតជុំចុងក្រោយ ក្នុងពូល G។

សម្រាប់ក្រុម កូឡំប៊ី និងក្រុម ជប៉ុន វិញ ត្រូវរងចាំលទ្ធផល ចេញពីការប្រកួតមួយទៀត ក្នុងពូល G ដដែល ដើម្បីដឹងថា ខ្លួននឹងត្រូវជួបនរណា។ ជាការប្រកួត រវាងក្រុមជម្រើសជាតិពីរ ដែលល្បីថា ជាក្រុមយក្សខាងបាល់ទាត់ និងដែលទទួលបានសំបុត្រឆ្លងវគ្គរួចរាល់ហើយ៖ នោះគឺក្រុម អង់គ្លេស និងក្រុម ប៊ែលហ្សិក។ ការប្រកួតរបស់ពួកគេ ក្នុងយប់នេះ នឹងត្រូវកំណត់ពីចំណាត់ទី១ និងទី២ ក្នុងពូល G ជាមួយនឹងការទន្ទឹងខ្លាំងក្លា ពីសំណាក់​អ្នកស្នេហា​កីឡា​បាល់ទាត់​​ទាំងឡាយ នៅជុំវិញ​ពិភពលោក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...