បន្ទាប់ពីប្រតិកម្មខ្លាំងក្លា ក្រសួងព័ត៌មានផ្លាស់ប្ដូរជំហរ ឲ្យផ្សាយបន្តពីវិទ្យុបរទេសវិញ
ការប្រកាសអនុញ្ញាតឲ្យវិទ្យុ FM ក្នុងស្រុក អាចផ្សាយបន្តពីវិទ្យុបរទេសវិញនេះ ត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្ដូរជំហរ ១៨០អង្សា ទៅលើសេចក្ដីណែនាំ របស់ក្រសួងព័ត៌មានខ្លួនឯង ដែលទើបតែចេញផ្សាយមុននេះតែមួយថ្ងៃប៉ុណ្ណោះ ហាមឃាត់មិនឲ្យវិទ្យុអេសអឹម (FM) ក្នុងស្រុក ផ្តល់ម៉ោងផ្យាយ ដល់វិទ្យុបរទេស ក្នុងរយៈពេលបោះឆ្នោត។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញ្ញារីទ្ធ។ (រូបថត John Vink/Magnum Photos)
ក្រសួងព័ត៌មាននៃប្រទេសកម្ពុជា បានចេញសេចក្តីសម្រេចមួយ នៅវេលាយប់ម៉ោងជិត១០ ថ្ងៃទី២៩ខែមិថុនានេះ ថានឹងអនុញ្ញាតឲ្យស្ថានីយវិទ្យុ FM អាចផ្សាយបន្តពីវិទ្យុបរទេសជាខេមរភាសា ជាធម្មតាឡើងវិញចាប់ពីពេលនេះតទៅ។ ការត្រឡប់ក្រោយរបស់ក្រសួងនេះ ត្រូវបានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងដ៏ខ្លីនោះថា ដោយសារតែក្រសួងយោងទៅតាមសំណូមពរ ដែលចង់ឲ្យមានការផ្សាយនូវកម្មវិធីរបស់វិទ្យុបរទេសជាភាសាខ្មែរឡើងវិញ។
ការផ្លាស់ប្ដូរជំហរ១៨០អង្សា របស់ក្រសួងព័ត៌មាន និងចុះហត្ថលេខាផ្ទាល់ ដោយរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញ្ញារីទ្ធនេះ ត្រូវបានធ្វើឡើងក្រោយតែមួយថ្ងៃប៉ុណ្ណោះ នៃការចេញផ្សាយនូវសេចក្ដីណែនាំដ៏ប្រទាំងប្រទើសមួយ។ សេចក្ដីណែនាំ ដែលចុះហត្ថលេខា ដោយរដ្ឋមន្រ្តីស្ដីទី លោក អ៊ុក ប្រាថ្នា កាលពីថ្ងៃទី២៥ខែមិថុនានោះ បានបង្គាប់ឲ្យផ្អាកការផ្សាយបន្តពីវិទ្យុបរទេស ដែលផ្សាយជាខេមរភាសា ក្នុងរយៈពេលសាមសិបមួយ(៣១)ថ្ងៃ មុនថ្ងៃបោះឆ្នោត និង ថ្ងៃបោះឆ្នោត ហើយសេចក្ដីណែនាំ ក៏បានព្រមានដែរថា នឹងចាត់វិធានការតាមច្បាប់ជាធរមាន ក្នុងករណីវិទ្យុ(FM)ណា មិនគោរពតាម។
ការផ្លាស់ប្ដូរជំហររបស់ក្រសួងព័ត៌មាន កើតឡើងក្រោយប្រតិកម្មរបស់សហរដ្ឋអាមេរិក
សេចក្តីសម្រេចថ្មីរបស់ក្រសួងព័ត៌មាន នៅយប់ថ្ងៃទី២៩ខែមិថុនានេះ ហាក់បានបញ្ជាក់ពីមោឃភាព នៃសេចក្ដីណែនាំចុះហត្ថលេខាដោយលោក អ៊ុក ប្រាថ្នា នេះ ដែលបានរងនូវការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់បណ្ដាសង្គមស៊ីវិលមួយចំនួន អ្នកសារព័ត៌មានអាជីព និងសហគមន៍អន្តរជាតិនានា ជាពិសេសគឺសហរដ្ឋអាមេរិកតែម្ដង។
នៅមុននេះប៉ុន្មានម៉ោង សហរដ្ឋអាមេរិកតាមរយៈអ្នកនាំពាក្យក្រសួងការបរទេស លោក ផាទ្រីក វែនទ្រីល (Patrick Ventrell) បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោល នូវសេចក្តីណែនាំថ្ងៃទី២៥ខែមិថុនា ដោយបានហៅសេចក្តីណែនាំនេះថា ជាការរំលោភសិទ្ធិសេរីភាព សារពត៌មានដ៏ធ្ងនធ្ងរ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ពីទីក្រុងវ៉ាស៊ីនតោន មន្ត្រីអ្នកនាំពាក្យបានបញ្ជាក់ថា៖ «សេចក្តីណែនាំនេះ គឺជាការរំលោភសេរីភាពនៃសារពត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ដែលប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
បន្ថែមពីលើនេះ លោក ផាទ្រីក វែនទ្រីល បានសង្កត់ធ្ងន់ថា ៖«យើងមានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះសកម្មភាពនេះ និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញ ចំពោះសេចក្តីសម្រេចរបស់ខ្លួន»។ មន្ត្រីអ្នកនាំពាក្យ រូបនេះបានព្រមានថា៖ «សេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជា នឺងនាំឲ្យមានមន្ទិលសង្ស័យ និងសេចក្តីជឿទុកចិត្ត នៅក្នុងដំណើរការបោះឆ្នោត បើទោះជារដ្ឋាភិបាលកម្ពុជា បានបង្ហាញចេតនាជាសាធារណៈ ថាខ្លួនចង់បានការបោះឆ្នោតដោយ សេរី និងយុត្តិធម៌»នោះក៏ដោយ។
ប្រព័ន្ធផ្សព្វផ្សាយជាច្រើន នៅបណ្ដាប្រទេសអ៉ឺរ៉ុប ក៏បានធ្វើសេចក្ដីរាយការណ៍ ពីសេចក្ដីណែនាំថ្ងៃទី២៥ខែមិថុនានេះដែរ ហើយថែមទាំងបានលើកមកនិយាយបន្ថែម ពីនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ដែលកាន់អំណាចតាំងពីឆ្នាំ១៩៨៥មកនោះថា តែងរងការចោទប្រកាន់ជាញ៉យដង ទាក់ទងការរំលោភសិទ្ធិមនុស្ស និងបានបង្ក្រាបដោយហឹង្សា ទៅលើអ្នកណាដែលជម្ទាស់នឹងលោក៕
----------------------------------------------------
ដោយៈ កេសរ កូល /អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ