ជំនួបកំពូល៖ សម រង្ស៊ីទាមទារបង្កើតគណកម្មការចម្រុះ ហ៊ុន សែនថាមិនត្រឹមត្រូវ
ក្ដីសង្ឃឹមនៃការដោះស្រាយបញ្ហាជាតិ ដែលព្រះមហាក្សត្រ និងរាស្ត្រខ្មែរទន្ទឹងរងចាំនោះ ទំនងជាមិនអាចកើតមានបានទេ ដោយសារតែភាពមិនចុះសម្រុងគ្នារវាង ជំហរនៃគណបក្សធំទាំងពីរ នៅក្រោយការបោះឆ្នោត។ ជំនួបកំពូលក្រោមព្រះរាជអធិបតីនៃព្រះមហាក្សត្រ បានធ្វើនៅព្រឹកថ្ងៃទី១៤ខែកញ្ញានេះ បានប្រព្រឹត្តទៅតែប្រមាណជាជាង១០នាទីប៉ុណ្ណោះ ហើយបន្ទាប់មកមេដឹកនាំទាំងសងខាង បានចេញមកវិញ ដោយមិនបាននិយាយអ្វីប្រាប់អ្នកការសែតសូម្បីមួយម៉ាត់។
រថយន្ដរបស់លោក សម រង្ស៊ី នៅពេលបើកចេញពីព្រះបរមរាជវាំងវិញ។ (រូបថត MONOROOM.info/ O. Vary)
ទីក្រុងប៉ារីស - វត្តមានរបស់មេដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី នៅក្នុងព្រះបរមរាជវាំង មានប្រមាណជាជិត៣០នាទី ដោយពួកលោកទាំងសងខាង បានធ្វើដំណើរមកដល់ព្រះបរមរាជវាំងនៅវេលាម៉ោង៩ព្រឹក។ ការបញ្ចប់ទៅវិញ នូវជំនួបយ៉ាងឆាប់រហ័សបែបនេះ បានធ្វើឲ្យក្រុមអ្នកសារព័ត៌មាន ដែលមានវត្តមាននៅមុខព្រះបរមរាជវាំង ទាំងប៉ុន្មានរំពឹងគិតពី«បរាជ័យ»មួយ ដែលទំនងជាគ្មានភាសាណាមួយនិយាយត្រូវគ្នានោះឡើយ។
នៅក្នុងក្បួនរថយន្ដដែលចេញ ពីព្រះបរមរាជវាំងមកវិញ មានតែរថយន្ដរបស់លោក សម រង្ស៊ី តែមួយគត់ដែលបានបើកកញ្ចក់បង្អួច ឲ្យអ្នកសារព័ត៌មានបានផ្ដិត យករូបភាពរបស់មេដឹកនាំរូបនេះ មកចុះផ្សាយ។
នៅក្នុងការផ្ដល់វាចាមួយ នៅលើទំព័រហ្វេសប៊ុករបស់ លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល លោកក៏បានទទួលស្គាល់ដែរ ពីភាព«គ្មានទទួលបានលទ្ធផល»នៃជំនួបនេះ។ លោកសរសេរថា «បើតាមខ្ញុំ ដឹង គឺមិនបានលទ្ធផលអ្វីទេ ដោយ ឯ.ឧ. សមរង្ស៊ី នៅតែទាមទារបង្កើត គណៈកម្មការស៊ើបអង្កេតឯករាជ្យ ឯសម្តេច ហ៊ុន សែន បានលើកថាជាការមិនត្រឹមត្រូវ»។
ប៉ុន្តែប្រភពមួយដែលនៅក្បែរនឹងជំនួបនេះ បានបង្ហើបឲ្យទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូដឹងដែរថា ព្រះមហាក្សត្រទ្រង់បានប្រគល់ នូវលិខិតកោះអញ្ជើញឲ្យចូលប្រជុំសភា នៅថ្ងៃទី២៣ខែកញ្ញាខាងមុខទៅដល់ភាគីទាំងសងខាង។ ខាងគណបក្សប្រជាជនកម្ពុជា ចំនួន៦៨ច្បាប់ និងខាងគណបក្សសង្គ្រោះជាតិ ចំនួន៥៥ច្បាប់ ដែលបង្ហាញពីសញ្ញាមួយដែលព្រះមហាក្សត្រ ទ្រង់បានយល់ស្របទាំងស្រុង ពីលទ្ធផលនៃការបោះឆ្នោតសកលថ្ងៃទី២៨ខែកក្កដា ដែលពោរពេញទៅដោយភាពចម្រូងចម្រាស់។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានទៅចូលរួមក្នុងជំនួបនោះដែរ បានប្រកាសផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក ក្រោយជំនួបនោះថា រូបលោក និងលោក សម រង្ស៊ី នឹងចូលរួមវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី បកស្រាយអំពី «លទ្ធផលនៃជំនួបរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ជាមួយនឹងព្រះមហាក្សត្រ» នៅយប់ថ្ងៃសៅរ៍ ទី១៤ខែកញ្ញានេះ។
ដោយឡែក ក្រោយជំនួបនេះដែរ នៅលើទំព័រហ្វេសប៊ុករបស់ លោក សម រង្ស៊ី គេឃើញលោកប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានចែករំលែកសេចក្ដីប្រកាស ធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលចុះតាំងពីថ្ងៃទី១២ខែកញ្ញាកន្លងមក។ ការចែករំលែកជាថ្មីនេះ ទំនងជាលោកចង់ធ្វើការអំពាវនាវបន្ថែមទៀត ឲ្យបណ្ដាជនចូលរួមធ្វើមហាបាតុកម្មនេះឲ្យកាន់តែច្រើនឡើង៕
-------------------------------------------
ដោយៈ ដ. កែវ - ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ