ឥណ្ឌា៖ អ្នក​កាសែត​​«ជិះក»​មនុស្ស​ដើម្បី​ធ្វើ​ព័ត៌មាន ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ការងារ (VDO)

វីដេអូមួយ ដែលបង្ហាញពីសេចក្ដីរាយការណ៍ របស់អ្នកយកព័ត៌មានជនជាតិឥណ្ឌាមួយរូប ពីតំបន់ទឹកជំនន់ដោយ​គ្រោះ​ធម្មជាតិ ក្នុងផ្នែកខាងជើងនៃប្រទេសឥណ្ឌា កាលពីពេលកន្លងមក បានធ្វើឲ្យផ្ទុះរឿងអាស្រូវដ៏ធំ មិនដែលធ្លាប់មាន​ក្នុង​វិស័យសារព័ត៌មាននៃប្រទេសនេះ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: June 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វីដេអូមួយ ដែលបង្ហាញពីសេចក្ដីរាយការណ៍ របស់អ្នកយកព័ត៌មានជនជាតិឥណ្ឌាមួយរូប ពីតំបន់ទឹកជំនន់ដោយ​គ្រោះ​ធម្មជាតិ ក្នុងផ្នែកខាងជើងនៃប្រទេសឥណ្ឌា កាលពីពេលកន្លងមក បានធ្វើឲ្យផ្ទុះរឿងអាស្រូវដ៏ធំ មិនដែល​ធ្លាប់មាន​ក្នុង​វិស័យសារព័ត៌មាននៃប្រទេសនេះ។


រូបភាពចំលងពីវីដេអូ ដែលបង្ហាញពីទិដ្ឋភាពឡើងជិះក របស់អ្នកកាសែត។

អ្នកកាសែត ដែលបានឡើងជិះលើ ក របស់ជនរងគ្រោះពីហេតុការណ៍ទឹកជំនន់នេះ ដើម្បីធ្វើសេចក្ដីរាយការណ៍​របស់ខ្លួន នៅពីមុខម៉ាស៊ីនថតនោះ ត្រូវបានស្ថានីយ៍ទូរទស្សន៍របស់គាត់ បញ្ឈប់ពីការងារ។ នាយកស្ថានីយ៍ទូរទស្សន៍ ញ៉ូអិសប្រេស (News Express) លោក នីសាន់ ចាទៀវើឌី (Nishant Chaturvedi) បានថ្លែងឡើងថា «អ្វីដែលអ្នក​កាសែត​នោះធ្វើ ជាអំពើ​អមនុស្សធម៌។ គេមិនអាចឡើងជិះក របស់នរណាម្នាក់ដើម្បីរៀបរាប់ពីរឿងមួយដូច្នេះទេ។ អញ្ចឹងហើយ យើងបានបញ្ឈប់​គាត់កាលពីដើមសប្ដាហ៍កន្លងមក។»

អ្នកកាសែតដែលមានឈ្មោះថា ណារ៉ាយ៉ាន ប៉ារជេ (Narayan Pargaien) បានធ្វើដំណើរទៅយកព័ត៌មាន និងថត​ទិដ្ឋភាព​ផ្ទាល់ពីហេតុការណ៍គ្រោះធម្មជាតិ រួមមានទឹកជំនន់ និងការរអិលធ្លាក់បាក់ដី ដែលបានកើតឡើង​នៅភាគ​ខាងជើង​នៃ​ប្រទេសឥណ្ឌា។ គាត់បានធ្វើឲ្យផ្ទុះឡើងនូវរឿងអាស្រូវមួយ នៅក្រោយពេលដែលវីដេអូ ដែលបង្ហាញពី​សេចក្ដី​រាយការណ៍​របស់គាត់ ត្រូវបានគេបង្ហោះឡើងលើគេហទំព័រចែកផ្សាយវីដេអូ យូធូប (YouTube)។ នៅក្នុង​វីដេអូ គេឃើញអ្នកកាសែត​របស់បណ្ដាទូរទស្សន៍ ញ៉ូអ៊ិសប្រេសរូបនេះ ឡើងជិះ ក របស់បុរសម្នាក់​ដើម្បីធ្វើការងារ​អាជីពរបស់គាត់ ហើយបុរសនោះ​ឈរកាន់ជើងរបស់អ្នកកាសែត ដើម្បីជួយទប់លំនឹង កុំឲ្យដួលទៅលើទឹកដែល​មានពណ៌ល្អក់។

អ្នកកាសែតរូបនោះ បាននិយាយការពារខ្លួន នៅក្នុងបទសម្ភាស ទៅឲ្យគេហទំព័រព័ត៌មានមួយ ដោយចាត់ទុកថា នោះជា​កាយវិការ«គោរព»មួយរបស់បុរសនោះ ចំពោះខ្លួន។ លោក ណារ៉ាយ៉ាន បានថ្លែងថា «បុរសនោះ ចង់បង្ហាញ​ពីសេចក្ដី​គោរពមួយចំពោះខ្ញុំ ព្រោះ​វាជាលើកទីមួយសម្រាប់គាត់ ដែលមានមនុស្សថានះប្រហែលខ្ញុំ ធ្វើដំណើរទៅ​ដល់​​ផ្ទះ​របស់​គាត់»។

លោកបានបន្ថែមថា «នៅពេលដែលត្រូវឆ្លងកាត់ស្ទឹង គាត់បានជួយលើកខ្ញុំឲ្យឆ្លងបានសម្រេច ជាពិសេសក្នុងខណៈ​ពេល​ដែលខ្ញុំគិតថា ត្រូវធ្វើកិច្ចអន្តរាគមន៍តាមម៉ាស៊ីនថត»។ តែជាកិច្ចអន្តរាគមន៍មួយ ដែលស្ថានីយ៍ទូរទស្សន៍​ចាត់​ទុកថា «មិន​សមរម្យ»។ នាយកស្ថានីយ៍បាននិយាយបញ្ជាក់ថា «អ្នកកាសែតនេះ បានផ្ញើរបទយកការណ៍របស់គាត់ មកឲ្យយើង។ យើងហួសចិត្តយ៉ាងខ្លាំង នៅពេលបានឃើញគាត់ជិះពីលើបុរសកំសត់ម្នាក់។ យើងត្រូវនៅក្នុង​ចំណោមប្រជាជន មិនមែន​ត្រូវឡើងជិះ ពីលើពួកគាត់ដូច្នេះទេ។»

លោកនាយកស្ថានីយទូរទស្សន៍ ក៏បាននិយាយផងដែរថា ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីស្វែងរកឲ្យឃើញ ថាតើ​អ្នកណាជាអ្នកបញ្ជូនកំណាត់វីដេអូនេះ ឡើងទៅគេហទំព័រចែកផ្សាយវីដេអូ យូធូប។ អ្នកកាសែតដែល​ត្រូវគេ​បណ្ដេញ​ចេញ​នោះ បានចោទអ្នកកាន់ម៉ាស៊ីនថត ថាជាអ្នកធ្វើឲ្យផ្ទុះរឿងអាស្រូវនេះ។

សូមបញ្ជាក់ថា មនុស្សរាប់ពាន់នាក់បានរងគ្រោះនៅក្នុងគ្រោះធម្មជាតិដ៏អាក្រក់ បង្កឡើងដោយធាតុអាកាសម៉ូសុង នៅ​ក្នុង​រដ្ឋអ៊ុតារ៉ាក្លេន (Uttarakhand) ដែលជារដ្ឋសម្បូរទៅដោយភ្នំ និងប្រាសាទបូរាណនៃសាសនាហ៊ិណ្ឌូ ផ្នែក​ខាង​ជើងនៃ​ប្រទេសឥណ្ឌា។ បណ្ដា​ជនប្រមាណជាង ៤០០០នាក់ បានជាប់គាំងនៅតាមជ្រលងភ្នំទាំងនោះ ខណៈការ​ដុតសាកសព​កំពុងបានរៀបចំធ្វើជា​បន្ត​បន្ទាប់ ដើម្បីបង្កាការពារជម្ងឺឆ្លង ដែលអាចរាតត្បាទបានតាមចរន្ដទឹក៕

សូមទស្សនាវីដេអូ របស់អ្នកកាសែតជិះក អ្នកស្រុកដើម្បីធ្វើសេចក្ដីរាយការណ៍ ដូចខាងក្រោម៖

------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...