«ស្រាត»ដើម្បីរំខានកម្មវិធីបង្ហាញម៉ូដ នៃយីហោខោអាវដ៏ធំមួយ(VDO)
ម្ចាស់ឆ្នៃម៉ូដជនជាតិអ៊ីតាលី នៃយីហោដូស្សេ ហ្គាបាណា (Dolce & Gabbana) បានបង្ហាញរចនាម៉ូដថ្មី នៃខោអាវសម្លៀកបំពាក់រដូវក្ដៅ នៅក្នុងសប្ដាហ៍កន្លងមកនេះ ក្នុងទីក្រុងមីឡង់ ។ តែពិធីនេះ ត្រូវបានឆាឆៅរំខានដោយ បុរសម្នាក់ ដែលមានដងខ្លួនស្រាត«ននលគោក» រត់ចេញមកក្នុងឆាកសម្ដែង !!!
ព្រឹត្តិការណ៍ បានកើតឡើង នៅពេលដែលម្ចាស់ឆ្នៃម៉ូដទាំងពីរនាក់ នៃយីហោអ៊ីតាលី លោក ដូម៉េនីកូ ដូស្សេ (Domenico Dolce) និងស្ទែហ្វាណូ ហ្គាបាណា (Stefano Gabana) ចេញមកសម្ដែងគាវរកិច្ចនៅចំពោះសាធារណជន អមដំណើរដោយក្រុមអ្នកបង្ហាញម៉ូដរបស់ពួកគាត់ផង ក្នុងក្ដីសង្ឃឹមពីភាពជោគជ័យនៃកម្មវិធីរបស់ខ្លួន។
តែដឹងអី បុរសម្នាក់ដែលមិនមានស្លៀកពាក់អ្វីទាល់តែសោះ បានរត់ឡើងមកលើឆាក បង្កឲ្យមានការភ្ញាក់ផ្អើលមួយឡើង។ ទស្សនិកជនម្នាក់ បានថតពីព្រឹត្តិការណ៍នេះ ហើយបានយកវាមកដាក់នៅគេហទំព័រចែកផ្សាយវីដេអូ យូធូប (YouTube)។ នៅក្នុងវីដេអូនោះ គេឃើញបុរសដ៏អស្ចារ្យ បានរត់ចូលឡើងទៅលើឆាក ជាមួយនឹងខោអាវចុងក្រោយរបស់គាត់ នៅជាប់នឹងជើងនៅឡើយ។
ហើយបុរសនេះ ថែមទាំងមានឱកាសឈប់ឲ្យគេថតរូបគាត់ មុននឹងត្រូវបានកងសន្តិសុខចាប់គាត់បានទៀតផង។ ក្រុមដែលដើររំខាន ក្នុងកម្មវិធីបែបនេះ គេតែងឲ្យឈ្មោះជាភាសាអង់គ្លេសថា «ស្ទ្រីកឺ (streakers)»។ តែមិនសូវបានឃើញនៅលើឆាកបង្ហាញម៉ូដទេ តែគេឃើញច្រើនលើសលប់ នៅតាមការប្រកួតបាល់ទាត់ និងប្រកួតបាល់អោប «រ៉ាប៊ី (rugby)»។
សូមបញ្ជាក់ថា អ្នកច្នៃម៉ូដរបស់យីហោដ៏ល្បីនេះ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ២០ខែ ពីបទបន្លំពន្ធដារ កាលពីថ្ងៃទី១៩ខែមិថុនាកន្លងមក។ គេនៅមិនទាន់ដឹងថា តើចូលមករំខាននេះ មានជាប់ទាក់ទងនឹងសាលក្រមនេះដែរ ឬយ៉ាងណានោះទេ៕
សូមទស្សនាវីដេអូនេះ ដូចតទៅ៖
------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ