បាល់ទាត់ពិភពលោក៖ អាហ្សង់ទីនរកសំបុត្រឆ្លងវគ្គបាន ទៅជួបបារាំង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៦ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 27, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីបំផុតទៅ ក្រុមជម្រើសជាតិ អាហ្សង់ទីន បានរកឃើញក្ដីសង្ឃឹម ដោយកញ្ឆក់បានសំបុត្រចុងក្រោយ (ក្រុម ក្រូអាស៊ី លេខ១ ក្នុងពូល D ទទួលបានសំបុត្រមួយមុន រួចហើយ) ពីក្រុម នីហ្សេរីយ៉ា ដោយបានបំបាក់ក្រុមនេះ នៅនាទីចុងក្រោយ ជាមួយនឹងគ្រាប់បាល់ ២-១។ រីឯការប្រកួតមួយទៀត នៅក្នុងពូលដដែល ក្រុមក្រូអាស៊ី បានបន្តជ័យជំនះរបស់ខ្លួន បីប្រកួតឈ្នះទាំងបី ដោយយកឈ្នះលើកនេះ ទៅលើក្រុម អ៊ីស្លង់ ដោយពិន្ទុ២-១ ដែរ។
គ្រាប់បាល់ពីរគ្រាប់ របស់ក្រុម អាហ្សង់ទីន រកបានដោយកំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel MESSI) នៅនាទីទី ១៤ និងដោយកីឡាករ «Marcos ROJO» នៅនាទីទី ៨៦ មុនបញ្ចប់ការប្រកួត បួននាទី (មិនគិតពីម៉ោងបន្ថែម)។ រីឯពីរគ្រាប់របស់ក្រុម ក្រូអាស៊ី រកបានដោយកីឡាករ «Milan BADELJ» នៅនាទីទី ៥៣ និងដោយកីឡាករ «Ivan PERISIC» នៅនាទីទី ៩០។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អាហ្សង់ទីន និងក្រុម នីហ្សេរីយ៉ា៖
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អ៊ីស្លង់ និងក្រុម ក្រូអាស៊ី៖
មុននេះកន្លងម៉ោង ក្រុមជម្រើសជាតិ របស់ប្រទេសដាណឺម៉ាក ក៏បានទទួលបានសំបុត្រចុងក្រោយ (ក្រុម បារាំង លេខ១ ក្នុងពូល C ទទួលបានសំបុត្រមួយមុន រួចហើយ) ដើម្បីឡើងទៅវគ្គខាងលើដែរ បន្ទាប់ពីក្រុមនេះ រកពិន្ទុបានស្មើ ០-០ ទល់នឹងក្រុមមាន់គក បារាំង។ រីឯការប្រកួតមួយទៀត នៅក្នុងពូល C ដដែល ក្រុម ប៉េរូ ដែលត្រូវបានផាត់ចេញ ពីព្រឹត្តិការណ៍ពិភពលោក តាំងពីការប្រកួតជុំទី២ បានសង្គ្រោះមុខមាត់របស់ខ្លួន ដោយបានប្រកួតយកឈ្នះ ក្រុម អូស្ត្រាលី ក្នុងគ្រាប់បាល់ ២-០។
ក្រុមជម្រើសជាតិ ដែលបានបិទបញ្ចប់សុបិន្តរបស់ខ្លួន ជាស្ថាពរ ចេញពីបាល់ទាត់ពិភពលោក ឆ្នាំ២០១៨នេះ មានក្រុម នីហ្សេរីយ៉ា ក្រុម អ៊ីស្លង់ នៅក្នុងពូល D ខណៈនៅក្នុងពូល C វិញ មានក្រុម ប៉េរ៉ូ និងក្រុម អូស្ត្រាលី។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ដាណឺម៉ាក និងក្រុម បារាំង៖
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អូស្ត្រាលី និងក្រុម ប៉េរូ៖