បាល់ទាត់ពិភពលោក៖ កូរ៉េបំបាក់អាល្លឺម៉ង់ឲ្យហាលអាវ តាំងពីវគ្គជម្រុះតាមពូល
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 28, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីត្រូវក្រុម ម៉ិចសិក ពញ៉ាក់ដោយគ្រាប់បាល់ ១-០ មុននឹងយកឈ្នះ ទាំងប្រផិតប្រផើយ ទល់នឹងក្រុម ស៊ុយអែដ ដោយគ្រាប់បាល់ ១-២ នោះ ក្រុមបាល់ទាត់ម្ចាស់ពាន ឆ្នាំ២០១៤ ត្រូវបានក្រុមជម្រើសជាតិមួយ មកពីប្រទេសអាស៊ីខាងកើត ចាក់ក្រឡេកឲ្យដួលបះជើង ក្នុងគ្រាប់បាល់ ០-២។ ក្រុមបាល់ទាត់ អាល្លឺម៉ង់ បានប្រកួតចាញ់ក្រុម កូរ៉េខាងត្បូង និងត្រូវបានផាត់ចេញ ពីព្រឹត្តិការណ៍ពិភពលោក ឆ្នាំនេះ តាំងពីក្នុងវគ្គជម្រុះតាមពូល។ ជាព្រឹត្តិការណ៍ដំបូង នៃប្រវត្តិបាល់ទាត់អាល្លឺម៉ង់ រាប់ចាប់តាំងពីឆ្នាំ ១៩៣៨។
នៅចំពោះជញ្ជាំងការពារ ដ៏ក្រាសឃ្មឹក និងអ្នកចាំទីដៃស្អិត របស់ក្រុមបាល់ទាត់ មកពីអាស៊ីខាងកើត ក្រុមម្ចាស់ពានពិភពលោក រកមិនឃើញចន្លោះ ដើម្បីរកគ្រាប់បាល់សោះឡើយ សឹងតែនៅពេញ ការប្រកួតទាំងមូល។ នេះ បើទោះជាគ្រូដឹកនាំក្រុម អាល្លឺម៉ង់ បានដាក់ក្រឡាទាត់ ដោយឲ្យទម្ងន់យ៉ាងខ្លាំង ទៅលើខ្សែប្រយុទ្ធនោះក៏ដោយ។
អាជ្ញាកណ្ដាលវីដេអូ ជាមូលហេតុមួយ...
បើទោះជាមេឃ នៅប្រទេសរ៉ូស្ស៊ី មិនទាន់យប់ខ្លាំងក៏ដោយ តែស្បៃអន្ធកាលដ៏ងងឹតចាក់ភ្នែក បានគ្របដណ្ដប់រួចហើយ ទៅលើក្រុមអាល្លឺម៉ង់ បន្ទាប់ពីគ្រាប់បាល់ទាំងពីរ របស់ក្រុមកូរ៉េ ត្រូវរកបានរវាងគ្នា តែបីនាទី នៅក្នុងម៉ោងបន្ថែមចុងក្រោយ នៃការប្រកួត។ គ្រាប់បាល់ដំបូង រកបានដោយកីឡាករ «Young-Kwon Kim» នៅនាទីទី ៩០+២។ ក្នុងពេលភ្លាមៗ អាជ្ញាកណ្ដាលបានបដិសេធគ្រាប់បាល់នេះ ដោយគិតថា ជាគ្រាប់បាល់ «ចងមុង» របស់កីឡាករកូរ៉េ។ ប៉ុន្តែបន្ទាប់ពីបានទស្សនារូបភាព នៃអាជ្ញាកណ្ដាលវីដេអូរួច អាជ្ញាកណ្ដាលនៃការប្រកួត បានសម្រេចប្រគល់គ្រាប់បាល់នេះ ឲ្យទៅក្រុម កូរ៉េខាងត្បូង (១-០) នៅនាទីទី ៩០+៣។
រីឯគ្រាប់បាល់ទីពីរ របស់ក្រុម កូរ៉េខាងត្បូង រកបាននៅនាទីទី ៩០+៦ ដោយកីឡាករ «Heung-Min Son» ដែលបានទាត់បាល់មួយគ្រាប់នេះ បញ្ចូលទីដែលគ្មានអ្នកចាំ ដោយហេតុថា កីឡាករ «Manuel Neuer» អ្នកចាំទីអាល្លឺម៉ង់ ដែលទំនងជាចង់ជួយរកគ្រាប់បាល់ ឲ្យបានស្មើក្រុម កូរ៉េ វិញ បានឡើងទៅលើ ដើម្បីពង្រឹកខ្សែប្រយុទ្ធរបស់ខ្លួន នៅនាទីចុងក្រោយ។ តែកីឡាករចាំទីអាល្លឺម៉ង់ដ៏ល្បី បានដណ្ដើមបាល់ ចាញ់ខ្សែបម្រើកូរ៉េ បណ្ដាលឲ្យខ្សែបម្រើរូបនោះ បញ្ជូនបាល់មកឲ្យខ្សែប្រយុទ្ធ របស់ខ្លួនយ៉ាងងាយ។ កីឡាករ «Heung-Min Son» ដែលជាខ្សែប្រយុទ្ធកូរ៉េ គ្រាន់តែរត់តាមបាល់ ហើយឆ្កឹះបង្ហើយ ដាក់បញ្ចូលទី ដែលគ្មានអ្នកចាំ ជាការស្រេច សម្រាប់គ្រាប់បាល់ ២-០។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម កូរ៉េខាងត្បូង និងក្រុម អាល្លឺម៉ង់៖
តាមពិតទៅម្ចាស់ពានរង្វាន់ជំនាន់មុន ដែលបានហាលអាវ តាំងពីក្នុងវគ្គជម្រុះតាមពូលដូចនេះ មិនមែនមានតែក្រុមអាល្លឺម៉ង់លើកនេះទេ។ ក្រុមបាល់ទាត់បារាំង (ជម្រុះចេញ នៅឆ្នាំ២០០២) អ៊ីតាលី (ជម្រុះចេញ នៅឆ្នាំ២០១០) និងអេស្ប៉ាញ (ជម្រុះចេញ នៅឆ្នាំ២០១៤) ដែលសុទ្ធសឹងជាម្ចាស់ពានបាល់ទាត់ពិភពលោក (មួយជំនាន់មុន) ក៏ធ្លាប់ទទួលបានរសជាតិ នូវការផាត់ចេញតាមទ្វាតូច ដែលមិននឹកស្មានដល់ដូច្នេះដែរ។
នៅក្នុងការប្រកួតមួយទៀត នៃពូល F នេះដដែល ក្រុម ស៊ុយអែដ បានលត់ក្រុម ម៉ិចសិក ដោយគ្រាប់បាល់ ៣-០ ហើយទទួលបានបីពិន្ទុ (៦ពិន្ទុសរុប) ឡើងមកកាន់កាប់ចំណាត់ថ្នាក់ទីមួយ នាំមុខក្រុម ម៉ិចសិក វិញ ដែលមាន៦ពិន្ទុដែរ តែចាញ់ចំនួនគ្រាប់បាល់។ យ៉ាងណា ក្រុមដែលបានឡើងវគ្គ គឺក្រុម ស៊ុយអែដ និង ម៉ិចសិក ដែលទទួលបាន ៦ពិន្ទុដូចគ្នា ដោយសារតែក្រុម កូរ៉េខាងត្បូង និងក្រុម អាល្លឺម៉ង់ រកបានត្រឹមតែ ៣ពិន្ទុ ដូចគ្នាប៉ុណ្ណោះ។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ម៉ិចសិក និងក្រុម ស៊ុយអែដ៖
សូមបញ្ជាក់ថា ដោយសារភាពខុសគ្នា នៃគ្រាប់បាល់ និងពិន្ទុដ៏ប្រកិតគ្នា រវាងក្រុមទាំងបួន នៅក្នុងពូល F នេះ សំបុត្រឆ្លងវគ្គអាចត្រូវធ្លាក់ ទៅឲ្យក្រុមបាល់ទាត់ពីរ ទៅតាមភាពខុសគ្នានៃជ័យជំនះ ដែលចេញពីការប្រកួតទាំងពីរ ហើយដែលអាចបង្ក ឲ្យមានការភ្ញាក់ផ្អើល។
ជាផ្លូវការ គឺក្រុម ស៊ុយអែដ និងម៉ិចសិក ជាអ្នកបានឡើងវគ្គ។ តែក្នុងករណី កូរ៉េខាងត្បូង យកឈ្នះលើ អាល្លឺម៉ង់ ជាមួយគ្រាប់បាល់ ២-០ ហើយ ម៉ិចសិក យកឈ្នះលើ ស៊ុយអែដ ត្រឹមតែ ១-០ នោះ គឺក្រុម ម៉ិចសិក និង កូរ៉េខាងត្បូង ដែលត្រូវទទួលសំបុត្រឆ្លងវគ្គ។ ផ្ទុយទៅវិញ ក្នុងករណី ស៊ុយអែដ យកឈ្នះលើ ម៉ិចសិក ត្រឹមតែ ២-០ ហើយ អាល្លឺម៉ង់ យកឈ្នះលើ កូរ៉េខាងត្បូង ត្រឹមតែ ១-០ នោះ គឺក្រុម ស៊ុយអែដ និង អាល្លឺម៉ង់ ជាអ្នកត្រូវឡើង ទៅទាត់នៅវគ្គខាងលើ ជាបន្ត។ នេះហើយ ជាបាល់ទាត់៕