បាល់ទាត់ពិភពលោក៖ ប៊ែលហ្សិកនៅតែខ្លាំងជាងអង់គ្លេស ដណ្ដើមបានលេខ៣
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 14, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់ប្រទេសណា ដែលខ្លាំងជាងគេ? លទ្ធផល ចេញពីការប្រកួតផ្ដាច់ព្រ័ត្រ បានឲ្យដឹងជាផ្លូវការបណ្ដើរៗហើយ សម្រាប់ព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ក្នុងប្រទេសរ៉ូស្ស៊ី៖ ក្រុម ប៊ែលហ្សិក ទទួលបានលេខ ៣ បន្ទាប់ពីប្រកួតឈ្នះក្រុម អង់គ្លេស ២-០ នៅល្ងាចថ្ងៃទី ១៤ ខែកក្កដានេះ និងបានឡើងលើវេទិកា ទទួលបានមេដាយស្ពាន់ សម្រាប់ប្រទេសរបស់ខ្លួន។
ក្រុមតោបី អង់គ្លេស បានខំប្រឹងស្ទុះងើបមកវិញ ក្នុងពាក់កណ្ដាលម៉ោងទី២ដែរ តែកង្វះប្រសិទ្ធិភាព របស់ខ្សែប្រយុទ្ធ ក្នុងការទាត់បញ្ចូលទី បានធ្វើឲ្យក្រុមតោបី ទទួលបានត្រឹមលេខ៤ និងត្រឡប់ទៅមាតុភូមិវិញ ជាមួយការសោកស្ដាយ។
គ្រាប់បាល់ប៊ែលហ្សិក ទាំងពីរគ្រាប់ រកបាននៅនាទីទី ៤ ដោយខ្សែការពារខាងស្ដាំ កីឡាករ តូម៉ាស មើនីញ៉េ (Thomas Meunier) ដែលកំពុងទាត់ឲ្យក្រុម ប៉ារីស និងនៅនាទីទី ៨២ ដោយខ្សែប្រយុទ្ធ កីឡាករ អេដេន ហាហ្សា (Eden Hazard) ដែលទាត់ឲ្យក្រុម ឆែលស៊ី។
» វីដេអូសង្ខេង នៃការប្រកួតរវាងក្រុម ប៊ែលហ្សិក និងក្រុម អង់គ្លេស៖
រីឯចំណាត់ថ្នាក់លេខ១ (មេដាយមាស) និងលេខ២ (មេដាយប្រាក់) នឹងត្រូវក្រុមបារាំង និងក្រុម ក្រូអាស៊ី ជួបដណ្ដើមគ្នា នៅល្ងាចថ្ងៃស្អែក ដែលជាថ្ងៃបញ្ចប់នៃព្រឹត្តិការណ៍ពិភពលោក។ អ្នកឈ្នះចេញពីការប្រកួតនោះ នឹងមានវាសនាលើកពាន ជាម្ចាស់ជើងឯកពិភពលោក សម្រាប់រយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០១៨នេះ រហូតដល់ ២០២២៕