ស្ដេច​បាល់ទាត់ ប៉ឺឡេ កោត​សរសើរ អ៊ឹមបាប៉េ ខ្សែ​ប្រយុទ្ធ​បារាំង

បន្ទាប់ពីសំដែងមហិទ្ធិរិទ្ធិ ទល់នឹងក្រុម អាហ្សង់ទីន ដោយយកឈ្នះក្រុមនេះ ក្នុងគ្រាប់បាល់ ៤-៣ រួច ខ្សែប្រយុទ្ធផ្លេកបន្ទោរ របស់ក្រុមមាន់គកបារាំង ត្រូវបានពិភពបាល់ទាត់ ប្រគល់ជូននូវចំណាត់ថ្នាក់លេខ២ បន្ទាប់ពីស្ដេចបាល់ទាត់ ប៉ឺឡេ (Pelé) នៃបញ្ជីកីឡាករវ័យក្មេង ដែលរកគ្រាប់បាល់បានច្រើន នៅក្នុងការប្រកួតតែមួយ។ ស្ដេចបាល់ទាត់ នៅបានចេញមុខ មកកោតសរសើរកីឡាករបារាំង ថែមទៀតផង។ 
ស្ដេច​បាល់ទាត់ ប៉ឺឡេ កោត​សរសើរ អ៊ឹមបាប៉េ ខ្សែ​ប្រយុទ្ធ​បារាំង
ពីឆ្វេងទៅស្ដាំ៖ កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ ខ្សែប្រយុទ្ធបារាំង និងស្ដេចបាល់ទាត់ ប៉ឺឡេ អតីតខ្សែប្រយុទ្ធប្រេស៊ីល។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣០ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: July 01, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករបារាំង គីលីយ៉ាន អ៊ឹមបាប៉េ (Kylian Mbappé) ដែលមានអាយុ ១៩ឆ្នាំ និង ៦ខែ គឺជាកីឡាករវ័យក្មេងជាងគេបំផុត ដែលរកគ្រាប់​បាល់បានច្រើនតែឯង នៅក្នុងការប្រកួតមួយ នៃបាល់ទាត់ពិភពលោក រាប់ចាប់តាំងពីស្ដេចបាល់ទាត់ ប៉ឺឡេ (Pelé) ក្នុងឆ្នាំ១៩៥៨ ដែលកាលនោះ កីឡាករ ប៉ឺឡេ ដែលទើបមានអាយុ ១៧ឆ្នាំ និង៨ខែ របស់ក្រុមប្រេស៊ីល បានរកគ្រាប់បាល់ បានបីគ្រាប់តែឯង ទល់នឹងក្រុមជម្រើសជាតិ ស៊ុយអែត (៥-២)។

ក្នុងការប្រកួត នៃវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ រវាងក្រុមជម្រើសជាតិ បារាំង ទល់នឹងក្រុម អាហ្សង់ទីន នាល្ងាចថ្ងៃទី៣០ ខែមិថុនានេះ កីឡាករជើងរន្ទះ គីលីយ៉ាន អ៊ឹមបាប៉េ រកគ្រាប់បាល់បានពីរគ្រាប់តែឯង (នៅនាទីទី ៦៤ និងទី៦៨) និងបង្កឲ្យមានបាល់ពិន័យ ចំងាយ១១ម៉ត្រ នៅនាទីទី ១៣ ដែលទាត់បញ្ចូលទី ដោយកីឡាករ អង់ទ័ន គ្រីស្មាន (Antoine Griezmann) ខ្សែប្រយុទ្ធមួយរូបទៀត របស់ក្រុមបារាំង។

នៅក្នុងកិច្ចសម្ភាសមួយ ជាមួយទូរទស្សន៍បារាំង កីឡាករ អ៊ឹមបាប៉េ បានថ្លែងឡើង ដោយដាក់ខ្លួនដូច្នេះថា៖  «ខ្ញុំសប្បាយចិត្តណាស់ ដែលទទួលបានចំណាត់ថ្នាក់លេខពីរ ពីក្រោយកីឡាករ ប៉ឺឡេ។ តែយើងត្រូវដាក់រឿងនេះ នៅក្នុងកន្លែងរបស់វា ឲ្យបានត្រឹមត្រូវ។ កីឡាករ ប៉ឺឡេ ស្ថិតនៅក្នុងជំពូកផ្សេងមួយទៀត។​ ប៉ុន្តែ វាល្អហើយ ដែលអាចស្ថិតក្នុងបញ្ជី នៃក្រុមកីឡាករ ដែលរកគ្រាប់បាល់បាន នៅក្នុងវគ្គជម្រុះដោយផ្ទាល់»។ 

ថ្វីជើងរបស់កីឡាករខ្សែប្រយុទ្ធបារាំង ពិតជាបានល្បីដល់​ស្ដេចបាល់ទាត់ រហូតធ្វើឲ្យរូបលោកផ្ទាល់ ទ្រាំមិនចេញមុខ មកសរសើរកីឡាករមិនបាន។ លោក ប៉ឺឡេ ដែលពេលនេះ មានអាយុ ៧៧ឆ្នាំ បានសរសេរនៅលើទំព័រទ្វីសធើររបស់លោកថា៖ «អបអរសាទរ សម្រាប់កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ។ គ្រាប់បាល់ពីរគ្រាប់ នៅក្នុងការប្រកួតមួយ នៃបាល់ទាត់ពិភពលោក ទាំងនៅវ័យក្មេងដូច្នេះ បានដាក់ឲ្យអ្នកឯង នៅក្នុងក្រុមដ៏អស្ចារ្យ។ សូមឲ្យសំណាងល្អ សម្រាប់ការប្រកួតផ្សេងទៀត របស់អ្នកឯង។ លើកលែង តែការប្រកួតទល់នឹងក្រុម ប្រេស៊ីល។»

ក្រុមមាន់គក បារាំង អាចជួបជាមួយក្រុម ប្រេស៊ីល បាន លុះត្រាតែក្រុមទាំងពីរ បានឡើងវគ្គជាបន្តបន្ទាប់ រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...